ពលរដ្ឋ​ខ្មែរ​៤៣នាក់​ដែល​បាន​ធ្វើ​ខុសច្បាប់​នៅ​អាមេរិក​ត្រូវ​បញ្ជូន​ដល់​កម្ពុជា​វិញ

Your browser doesn’t support HTML5

​លោក​ កុសល ឈឹម ស្ថិត​ក្នុងចំណោម​ពលរដ្ឋ​កម្ពុជា​ចំនួន​៤៣នាក់​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅប្រទេសកម្ពុជាវិញ។

នេះ​ គឺ​ជា​ក្រុម​ដ៏ធំ​ជាងគេ​បំផុត​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ប្រទេស​កម្ពុជា​វិញ​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០០២។ រហូត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​កម្ពុជា​ជិត​៦០០នាក់ ហើយ​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​សហរដ្ឋ​អាមេរិក​និង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

ពលរដ្ឋ​កម្ពុជា​ចំនួន​៤៣នាក់​ត្រូវ​បាន​បញ្ជូន​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពីថ្ងៃ​ព្រហស្បតិ៍​ក្រោម​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​នានា។

នេះ​ គឺ​ជា​ក្រុម​ដ៏ធំ​ជាងគេ​បំផុត​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ប្រទេស​កម្ពុជា​វិញ​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០០២។ រហូត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​កម្ពុជា​ជិត​៦០០នាក់ ហើយ​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​សហរដ្ឋ​អាមេរិក​និង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

លោក​ឧត្តម​សេនីយ៍ ​ឌឹម រ៉ា ​មន្ត្រី​ជាន់ខ្ពស់​ប៉ូលិស​អន្តោប្រវេសន៍​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AP ​ថា​ក្នុង​ចំណោម​ក្រុមដែល​ទើប​មកដល់​នេះ​មាន​ស្ត្រី​ចំនួន​៣នាក់។​

លោក​បន្ថែម​ថា​អ្នក​ដែល​មាន​ក្រុមគ្រួសារ​នៅ​ប្រទេស​កម្ពុជា​នឹង​អាច​ទៅស្នាក់នៅ​ជាមួយ​នឹង​ក្រុម​គ្រួសារ​បាន​ហើយ​អ្នក​ដែលគ្មានគឺ​នឹង​ទទួល​ការហ្វឹកហ្វឺន​ការងារ​ដោយ​អង្គការ​មួយ​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក​មុន​នឹង​ធ្វើ​សមាហរណកម្ម​ចូលក្នុង​សង្គម​កម្ពុជា។​

លោក​Bill Herod ​ជនជាតិ​អាមេរិកាំង​ដែល​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​ជំនួយ​ជនរងគ្រោះ​ខ្មែរ ​KVAO បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ​ថា​អ្នកទាំងនោះ​បាន​ជិះយន្តហោះ​មក​ដោយ​មានជាប់​ខ្នោះ​ផង​ដែរ។ លោក​បន្ថែម​ថា «វាពិតជា​លំបាក​លំបិន​ខ្លាំង​ណាស់​សម្រាប់​ពួកគេ​ទាំងនេះ‍» ហើយ​លោក​បាន​រិះគន់​គោលនយោបាយ​បញ្ជូន​ចេញ​របស់​សហរដ្ឋ​អាមេរិក​នេះ​ថា «មិនត្រឹមត្រូវ​និង​មិន​យុត្តិធម៌​ទេ‍»។

ជន​ដែល​ត្រូវ​បញ្ជូន​ចេញ​មួយ​ចំនួន​គឺ បាន​ចាកចេញពី​ប្រទេស​កម្ពុជា​មក​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ឱពុកម្តាយ​តាំងតែ​ពី​នៅ​កុមារ ហើយ​អ្នកខ្លះ​ទៀត​កើត​នៅ​ជំរំតាម​ព្រំដែន​ថៃ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមគ្រួសារ​និង​សកម្មជន​ការពារសិទ្ធិ​របស់​ពួកគេ​ក្នុង​ពេល​កន្លងមក។​

គោលនយោបាយ​នេះ​នាំ​ឱ្យ​មាន​ភាព​ល្អក់កករ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។ ប្រទេស​កម្ពុជា​ចង់​ឱ្យ​មានការ​កែសម្រួល​កិច្ចព្រមព្រៀង​នេះ ហើយ​បាន​ផ្អាក​ការទទួល​មួយ​រយៈប៉ុន្តែ​ត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា៕