អាមេរិក​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​លាវ​ដើម្បី​ទប់ទល់​ឥទ្ធិពល​ការទូត​ចិន​នៅ​អាស៊ី

អ្នក​វិភាគ​នយោបាយ​ក្នុង​តំបន់​ស្វាគមន៍​សកម្មភាព​របស់​ សរអ​ បង្កើន​ទំនាក់​ទំនង​ទ្វេ​ភាគី​ជាមួយ​ប្រទេស​លាវ ដែល​គេ​មើល​ឃើញ​ថា​ មាន​ទម្ងន់​សម្រាប់​ជញ្ជីង​តុល្យភាព​ការ​ទូត ​ទប់ទល់​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​ចិន​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់​នេះ។​ សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​នេះ​បាន​ប្រសើរ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​នា​ទីក្រុង​វ៉ាស៊ីនតោន​នា​សប្តាហ៍​នេះ​ដែល​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​តាំង​ពី​សម័យ​សង្គ្រាម​វៀតណាម។

ការ​បង្កើន​សហ​ប្រតិបត្តិ​ការ​រវាង​ សរអ​ និង​ប្រទេស​លាវ​ បាន​ធ្វើ​ឡើង​អំឡុង​កិច្ច​ពិភាក្សា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​សប្តាហ៍​នេះ​ គឺ​៦​ឆ្នាំ​ក្រោយ​ពី​ប្រទេស​ទាំង​ពីរ ​បាន​បង្កើត​ចំណង​ទាក់​ទង​ពាណិជ្ជ​កម្ម​ធម្មតា​ឡើង​វិញ​យ៉ាង​ជិត​ស្និទ្ធ​ដូច​ទំនាក់​ទំនង​ការទូត​ដែរ។

កិច្ច​ពិភាក្ស​រវាង​លោកស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស ​សរអ​ Hillary ​Clinton​ និង​លោក​ Thongloun​ Sisoulith ​រដ្ឋ​មន្ត្រី​ការ​បរទេស​លាវ​ គឺ​ជា​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​បំផុត​រវាង​ប្រទេស​ទាំង​ពីរ​ តាំង​ពី​សម័យ​សង្គ្រាម​វៀតណាម។

ប្រទេស​ទាំង​ពីរ​បាន​សន្យា​បង្កើន​កម្ម​វិធី​ទំនាក់​ទំនង​គ្នា​ ដោយ​ព្រមព្រៀង​គ្នា​លើ​កតិកា​សញ្ញា​បើក​ផ្លូវ​អាកាស ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​ប្រើ​អាកាស​យានដ្ឋានគ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​គេ​រំពឹង​ថា​នឹង​បង្កើន​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​លាវ។

Pradumna ​B. ​Rana​ សាស្ត្រា​ចារ្យ​ជំនួយ​នៅ​សាលា​សិក្សា​អំពី​អន្តរ​ជាតិ​ S.​ Rajaratnam​ ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហបុរី​ បាន​ស្វាគមន៍​សកម្មភាព​នេះ​ ថា​បាន​កើត​មាន​ឡើង​ចំពេល​ដែល​សឹង្ហបុរី​និង​ប្រទេសស​មាជិក​អាស៊ាន​ចំនួន​១០​ កំពុង​ស្វះ​ស្វែង​ឱ្យ​មាន​ការ​ចូល​រួម​របស់​អាមេរិក​ក្នុង​តំបន់​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

Rana​ និយាយ​ថា ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​គិត​ថា​ ទំនាស់​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​នៅ​អាហ្វហ្គានីស្ថាន​បាន​បន្ថយ​វត្តមាន​របស់​សរអ​ ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

«នេះ​ជា​សកម្មភាព​គួរ​ឲ្យ​ស្វាគមន៍​ណាស់ ​ ហើយ​វា​ច្បាស់​ជា​បង្កើន​តួនាទី​របស់​សរអ​ នៅ​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ឲ្យ​ច្រើន​ឡើង។​ ប្រទេស​សឹង្ហបុរី​បាន​ស្វះស្វែង​បង្កើត​ទំនាក់​ទំនងអាស៊ាន​បូក៨​ ជា​ក្រុម​ប្រទេស​ថ្មី​មួយ​ដែល​មាន​អាស៊ាន​ សរអ​ និង​រុស្ស៊ី ​នឹង​កាន់​តែ​បើក​ទូលាយ​ថែម​ទៀត​ឲ្យ​មាន​ការ​ចូល​រួម​របស់​សរអ​ គឺ​វា​ស្រប​តាម​គំនិត​នោះ​ណាស់»។

លោក​ Carl ​Thayer ​អ្នក​វិភាគ​ផ្នែក​ការពារ​តំបន់ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ​និយាយ​ថា​ ការ​បង្កើន​ទំនាក់​ទំនង​នេះ​ក៏​នឹង​ឆ្លុះ​បញ្ចាំង​អំពី​ការ​បោះ​ជំហាន​ផ្នែក​នយោបាយ​ការ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក​ មក​ចូល​រួម​ជា​ថ្មី​ជាមួយ​បណ្តា​ប្រទេស​អាស៊ី ​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​នេះ​ដែរ។

លោក ​Xi Jinping ​អនុ​ប្រធានាធិបតី​ចិន​ បាន​បំពេញ​ទស្សន​កិច្ច​ប្រទេស​លាវ​កាល​ពី​ខែ​មុន​ ដោយ​បាន​សន្យា​អំពី​ការ​ផ្តល់​មូល​និធិ​វិនិយោគ​ទុន​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដើម្បី​បង្កើន​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ចិន​ក្នុង​តំបន់​នេះ។

លោក​ Thayer​ និយាយ​ថា ​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​បន្ត​ធ្វើ​តាម​គំនិត​ផ្តួច​ផ្តើម​ជាច្រើន​ ដែល​បាន​ចាប់​ផ្តើម​ឡើង​អំឡុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ George​ W. Bush​ ហើយ​នឹងជា​កូន​ជញ្ជីង​តុល្យភាព​មួយ​ទប់ទល់​នឹង​ការ​ប្រឹង​ប្រែង​ផ្នែក​ការទូត​របស់​ចិន​ផ្ទាល់​ ដែល​បង្កើន​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី។

«រដ្ឋបាល​លោក​ អូបាម៉ា​ កំពុង​ពិចារណា​ជាថ្មី​នូវ​ទំនាក់​ទំនង​ជាមួយ​តំបន់​អាស៊ី​អគ្នេយ៍​ហើយ​ជា​ជាក់ស្តែង​ ផ្នែក​មួយនៃ​ទំនាក់​ទំនង​នេះ​ គឺ​ការ​ទាក់​ទាញ​ចិត្ត​ដែល​ប្រទេស​ចិន​បាន​ឈ្នះ​អាមេរិក​រហូត​មក​ដល់​ពេល​នេះ។ ​ហើយ​ប្រទេស​លាវ​មើល​ឃើញ​ថា​ ទំនាក់​ទំនង​នេះ​បាន​កើន​ឡើង»។

លោក ​Thayer​ បន្ថែម​ថា ​កំណើន​សហ​ប្រតិបត្តិការ​របស់​សរអ​ជាមួយ​ប្រទេស​លាវ​បាន​កើត​ឡើង​ ក្រោយ​ពី​មាន​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ​របស់​អាមេរិក​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ទ្វេ​ភាគី​ជាមួយ​ប្រទេស​កម្ពុជា។

ប្រទេស​លាវ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ជាមួយ​សរអ​រួច​ជា​ស្រេច​ហើយ​ដោយ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ផ្នែក​ការពារ​បាន​ប្រសើរ​ឡើង​និង​មាន​ការ​ដាក់​អនុព័ន្ធ​យោធា​តាម​រយៈ​ស្ថានទូត​ទៅ​វិញ​ទៅមក។

ប្រទេស​វៀតណាម​ក៏​មាន​តួនាទី​ក្នុង​ការ​លើក​ទឹកចិត្ត​ប្រទេស​លាវ​ ឲ្យ​បង្កើន​ទំនាក់​ទំនង​ជាមួយ​សរអ​ដែរ ក្រោយ​ពី​ប្រទេសចិ​ន​បាន​ផ្តល់​ជំនួយ​យោធា​ដល់​ប្រទេស​កម្ពុជា។

«ដូច្នេះ​ទំនាក់​ទំនង​នេះ​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ឆ្ងល់​ ហើយ​ខ្ញុំ​ហ៊ាន​និយាយ​ថា​ រឿង​មួយ​ក្នុង​ចំណោម​រឿង​ជាច្រើន​ដែល​កើត​មាន​នៅ​ប្រទេស​លាវ​នោះ​ គឺ​ប្រទេស​លាវ​និងសរអ​ បាន​ព្រម​ព្រៀង​គ្នា​បង្កើន​ទំនាក់​ទំនង​ឲ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត។​ ទំនាក់​ទំនង​នេះ​មិនមែន​ឡើង​ដល់​កម្រិត​ខ្ពស់​ណាស់​ណា​ទេ​ ហើយ​ប្រទេស​វៀតណាម​ពិត​ជា​មាន​កម្លាំង​ចិត្ត​ ពីព្រោះ​វៀតណាម​មិន​អាច​ផ្តល់​ការ​គាំទ្រ​សម្រាប់​ប្រទេស​លាវ​ដោយ​ខ្លួន​ឯង​នោះ​ទេ»។

សរអ​បាន​ជួយ​ប្រទេស​លាវ​ជាស្រេច​ហើយ​ក្នុង​ការ​បោស​សម្អាត​យុទ្ធ​ភ័ណ្ឌ​មិនទាន់​ផ្ទុះ​ សល់​ពី​អំឡុង​សង្គ្រាម​វៀតណាម​ ហើយ​ដែល​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​របួស ​ពិការ ​និង​សម្លាប់​មនុស្ស​ ៣៥​ឆ្នាំ​មក​ហើយ ​ក្រោយ​ពី​អរិភាព​នោះ​បាន​បញ្ចប់​ទៅ​ហើយ។​ សរអ​បាន​ទម្លាក់​គ្រាប់​បែក​យ៉ាង​ធ្ងន់ធ្ងរ​លើ​ទីដៅ​ជាច្រើន​ក្នុង​ប្រទេស​លាវ​អំឡុង​សង្គ្រាម​វៀតណាម។​ទំនាក់​ទំនង​ការទូត​បាន​តឹងតែង​ជាច្រើន​លើក​ដោយ​សារ​រដ្ឋា​ភិបាល​លាវ​ធ្វើ​បាប​ជន​ជាតិ​ភាគ​តិច​ Hmong។​ ជន​ភាគតិច​នេះ​បាន​រួម​កម្លាំង​ជាមួយ​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​អំឡុង​សង្គ្រាម​វៀតណាម។​ ក្រោយ​មក​ជនជាតិ ​Hmong​ រាប់​ពាន់​នាក់​បាន​មក​តាំង​លំនៅ​នៅ​សរអ​ ភាគ​ច្រើន​បាន​ចេញ​ពី​ជំរុំ​ជនភៀស​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ថៃ៕

ប្រែ​សម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ