លាវ​​ប្រឈម​​នឹង​កំណើន​គំនាប​​ឱ្យ​ពន្យារ​ពេល​សង់​ទំនប់​វារីអគ្គិសនី​​លើ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម

  • Ron Corben

រូបឯកសារ -បុរស​ម្នាក់​បង់សំណាញ់​ចាប់ត្រី​​ទៅ​ក្នុង​ទន្លេ​មេគង្គ​នៅ​ទីក្រុង​​ភ្នំពេញ​ នៃប្រទេសកម្ពុជា។

ប្រទេស​លាវ​កំពុង​ប្រឈម​មុខ​នឹង​កំណើន​គំនាប​សង្កត់ឱ្យ​ពន្យារ​ពេល​ការ​កសាង​ទំនប់​វារីអគ្គិសនីមួយ​មាន​កម្លាំង​២៦​មេហ្កាវ៉ាត់នៅ​លើ​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម​ ​ដោយសារ​មាន​កង្វល់​អំពី​ផល​ប៉ះពាល់​ខាង​បរិស្ថាន​និង​ខាង​សង្គម។ ​ការ​ប្រជុំ​មួយ​កាល​ពីសប្តាហ៍ទី​មួយ​នៃ​ខែ​កុម្ភៈ​នៅ​ក្នុង​ប្រទេស​លាវ​នោះ​បាន​គូស​បញ្ជាក់​អំពី​រឿង​ចម្រូង​ចម្រាស់​ដែល​មាន​ត​ទៅ​ទៀត​នៅ​ជុំវិញ​គម្រោង​ការ​នេះ។​

ពួក​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​មិត្ត​នៃ​ទន្លេ​មេគង្គ​ខាង​ក្រោម​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Friends of the Lower Mekong ​បាន​រួម​ប្រជុំ​គ្នា​ជា​មួយ​ពួក​ប្រទេស​ក្នុង​តំបន់​កាលពី​អាទិត្យ​ទីមួយ​នៃ​ខែ​កុម្ភៈ​ ដែល​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​ចាប់តាំង​ពី​ក្រុម​នេះ​បាន​ត្រូវ​បង្កើត​កាលពី​ឆ្នាំ​២០០៩​មក​ ដោយ​កំណត់ជំហាន​ថ្មី​មួយ​នៅ​ក្នុង​ការ​គាប​សង្កត់​ខាង​ការទូត​លើ​រដ្ឋាភិបាល​ប្រទេស​លាវ​ឱ្យ​ពន្យារ​ពេល​ឬ​បញ្ឈប់​ការ​កសាង​ទំនប់​វារីអគ្គិសនី​ Don Sahong។​

គម្រោង​ការ​ស្ថាបនា​ទំនប់​វារីអគ្គិសនីនេះ​មាន​ប្រាក់​៦០០​លាន​ដុល្លារ​នៅ​ក្នុង​តំបន់​ Siphandone គឺ​ល្បាក់​ខោន​នៅផ្នែក​ខាង​ត្បូង​នៃ​ប្រទេសលាវ​ ឋិត​នៅ​ចម្ងាយ​តិច​ជាង​២គ.ម.​ពី​ព្រំដែន​ខ្មែរ។ ​ទំនប់វារី​អគ្គិសនីនេះ​អាច​ផ្តល់​ភ្លើង​អគ្គិសនី​មាន​តម្លៃ​សម្រាប់​បង្កើនការ​លូតលាស់​នៅ​ក្នុង​តំបន់​ ក៏​ប៉ុន្តែ​ពួក​អ្នក​ការពារ​បរិស្ថាន​និងពួក​ប្រទេស​ជិតខាង​ប្រទេស​លាវព្រួយបារម្ភ​ថា ​វា​អាច​ធ្វើឱ្យ​ខូចខាតប្រព័ន្ធ​អេកូទ្បូស៊ី​ដែល​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចិញ្ចឹម​មនុស្ស​រាប់លាន​នាក់​នៅ​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍។​

ទំនប់​វារី​អគ្គិសនី Don Sahong ​ជា​ទំនប់វារី​អគ្គិសនីទី​ពីរ​ដែល​បាន​ត្រូវ​ស្នើ​ឱ្យ​ស្ថាបនា​នៅ​លើ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​ បន្ទាប់​ពី​ទំនប់​វារី​អគ្គិសនី​ Xayaburi ​ដែល​មាន​តម្លៃ​៣,៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​លាវ​ ហើយ​ទំនប់​វារី​អគ្គិសនី​នេះ​ក៏ជា​ការ​ផ្តោត​ការយក​ចិត្តទុក​ដាក់​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​គ្នា​ជា​សាធារណៈ ​និង​ជា​រឿង​ចម្រូង​ចម្រាស់​មួយ​អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនីនេះ​លើ​បរិស្ថាន។​

រដ្ឋាភិបាល​លាវ​បាន​យល់ព្រម​ឱ្យមាន​រយៈ​ពេល​៦ខែ​សម្រាប់​ធ្វើការ​ពិគ្រោះ​គ្នា​ក្នុង​តំបន់​អំពី​ទំនប់​វារី​អគ្គិសនី Don Sahong។​ ក៏​ប៉ុន្តែការ​ពិគ្រោះ​យោបល់​គ្នា​ទាំង​នេះ​បាន​ចប់កាល​ពី​ចុង​ខែមករា​ ហើយ​ពួក​មន្ត្រី​លាវ​បានបញ្ជា​ក់​ថា ​ពួក​គេ​ប្រុង​ប្រៀប​នឹង​ចាប់​ផ្តើម​ការ​កសាង​ទំនប់វារី​អគ្គិសនីនេះ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ទោះ​ណា​ជា​មាន​កង្វល់​ពី​ក្រុម​នានា​ដែល​និយាយ​ថា​ គេ​គួរ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថែម​ទៀត​អំពីទំនប់វារី​អគ្គិសនីនេះ។​ ​ការ​ប្រជុំ​នៃអង្គការ​មិត្ត​នៃ​ទន្លេ​មេគង្គ​ខាង​ក្រោម​ដែល​មាន​ប្រទេស​អូស្ត្រាលី​ ណូវែលហ្សេឡង់ សហភាពអឺរ៉ុប​ ប្រទេស​ជប៉ុន​ សាធារណ​រដ្ឋ​កូរ៉េ​ ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ធនាគារ​ពិភព​លោក​និង​ស.រ.អា.ជា​សមាជិក​នោះ​ បា​នផ្តោត​ទៅ​លើ​បញ្ហា​ប្រភពទឹក​ សេចក្តី​ត្រូវការ​ថាមពល​ និង​សន្តិសុខ​ម្ហូប​អាហារ។​ ការ​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក្រុង​ Pakse ​នា​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​លាវ។​

លោក​ Carl Thayer​ ជា​អ្នក​វិទ្យាសាស្ត្រនយោបាយ​ម្នាក់​នៅ​ឯ​សាកល​វិទ្យាល័យ​New South Wales​ ក្នុង​ប្រទេស ​អូស្ត្រាលី។​ លោក​បាន​និយាយ​ថា ការ​ប្រជុំ​ដែល​ដឹកនាំ​ដោយ​ស.រ.អា.​នេះ​ ហាក់​ដូច​ជា​មាន​គោល​ដៅ​បញ្ជូន​សារ​មួយ​ឱ្យ​ប្រទេស​លាវពិចារណា​ជាថ្មី​អំពី​ការ​ស្ថាបនាទំនប់វារី​អគ្គិសនី Don Sahong។​

«ខ្ញុំ​យល់​ថា ​អង្គការ​មិត្តនៃ​ទន្លេមេគង្គ​ និង​ការ​ចាត់ចែង​ខាង​ការទូត​ត្រូវ​ដាក់​សម្ពាធ​លើ​ប្រទេស​លាវ​ ពីព្រោះទំនប់វារី​អគ្គិសនី Don Sahong ​មិន​អស់​សោហ៊ុយ​ច្រើន​ដូច​ទំនប់​វារី​អគ្គិសនី Xayaburi ​ទេ។ ​វា​ជា​ស្រាបៀរ​ថោក​ ហើយ​ផល​ប៉ះពាល់​របស់​វា​មាន​ភាព​ធំធេង។ ​ដូច្នេះ​ប្រទេស​លាវ​មានភាពងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​បោះ​បង់​អ្វី​ដែល​តូច​ហើយ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ប្រាក់​ច្រើនវិញ​ ប្រសិន​បើ​ការ​នេះ​ក្លាយ​ទៅ​ជា​បញ្ហា​នយោបាយ​ធំ​មួយ»។​

លោក ​Thayer ​និយាយ​ថា ​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​បញ្ចុះ​បញ្ចូល​យ៉ាង​ខ្លាំង​យូរយា​មក​ហើយ​ឱ្យ​មាន​ការ​ពិចារណា​ជា​ថ្មី​អំពី​គម្រោង​ការ​កសាង​ទំនប់​វារី​អគ្គិសនីនេះ ដោយ​សារ​វា​មាន​ផល​ប៉ះពាល់​មិន​ល្អ​លើ​ការ​នេសាទ​ត្រី​ និង​លំហូរ​ទឹក។​

ពួក​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ ទំនប់វារី​អគ្គិសនីនេះ​អាច​រាំង​ខ្ទប់​ខ្សែ​ទន្លេ​ដោយ​រារាំង​ការ​ផ្លាស់ប្តូរ​កន្លែង​ត្រី​រស់​នៅ​ក្នុង​រដូវ​ប្រាំង​និង​គំរាម​កំហែង​ដល់​ត្រី​ផ្សោត​ Irrawaddy។

លោក​ Sim Sorya ​នាយក​វិទ្យាស្ថាន​ខ្មែរ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និយាយ​ថា​ គេ​ត្រូវ​ការ​ឱ្យ​មានការ​ចូលរួម​របស់​អន្តរជាតិ​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នេះ​ ពីព្រោះទំនប់​វារីអគ្គិសនី​នេះ​នឹង​មាន​ផល​ប៉ះពាល់​លើ​ទន្លេ​មេគង្គ​ដោយសារ​ទន្លេ​នេះ​ហូរកាត់​ប្រទេស​ឯ​ទៀតៗ។​

«ការ​កសាង​ទំនប់វារី​អគ្គិសនី​មួយ​មិនមែន​ជា​បញ្ហា​របស់​ប្រទេស​តែ​មួយទេ។​ ការ​ស្ថាបនា​នេះ​មាន​ទាក់ទិន​នឹង​តំបន់​ ​ទាក់ទិន​នឹង​បញ្ហាសិទ្ធិមនុស្ស​ ​ទាក់ទិន​នឹង​បញ្ហាបរិស្ថាន​ បញ្ហា​សេដ្ឋកិច្ច​ និង​បញ្ហា​វប្បធ៌ម។ ​ដូច្នេះ​ជា​ការ​យល់​ឃើញ​ល្អ​ដែល​ឱ្យ​មានការ​បញ្ចូល​យោបល់​អន្តរជាតិ​ ទោះ​ណា​ជា​មតិ​របស់​អាមេរិកាំងឬ​អឺរ៉ុប​ ឬ​អាស៊ី​ក៏​ដោយ។​ វា​មិន​បញ្ហា​ទេ ​ដរាបណា​លោកអ្នក​មាន​ការ​បញ្ចូល​យោបល់ច្រើន​ជាង​មុន ​និង​មាន​រចនា​សម្ព័ន្ធខាងនយោបាយ​ និង​ខាង​ច្បាប់​នៅ​ទីនោះ នៅ​ពេល​មាន​ការស្ថាបនា​ទំនប់វារី​អគ្គិសនី​នេះ»។​

ក៏​ប៉ុន្តែ​ពួក​អ្នកវិទ្យា​សាស្ត្ររបស់​ក្រុម​ហ៊ុន​កសាង​ទំនប់​វារី​អគ្គិសនីនេះ​គឺ​ក្រុម​ហ៊ុន​ Mega First Corp ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បាន​បដិសេធ​កង្វល់​ដែល​លើក​ទ្បើង​ដោយ​ក្រុម​អ្នក​ការពារ​បរិស្ថាន​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ព្រួយ​បារម្ភ​ដោយ​ប្រទេស​វៀតណាម​ដែល​ថា​ ​ទំនប់វារី​អគ្គិសនីនេះ​អាច​ធ្វើ​ឱ្យ​អាក្រក់​ជាង​មុន​នូវ​ស្ថានភាព​ដី​ប្រៃ​ដែល​កើន​ខ្លាំង​ទ្បើងៗ​នៅ​ក្នុង​តំបន់​ដី​សណ្ត​នៃ​ទន្លេ​មេគង្គ។​

អ្នកស្រី Pianporn Deetes ​ជា​អ្នក​សម្រប​សម្រួល​យុទ្ធនាការ​នៅ​ក្នុង​ប្រទេស​ថៃ​នៃ​អង្គការ​ទន្លេ​អន្តរ​ជាតិ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ International Rivers ​ដែល​ជា​ក្រុម​ការពារ​បរិស្ថានមាន​មូលដ្ឋាន​នៅ​ក្នុង​ស.រ.អា.។​ អ្នកស្រី​និយាយ​ថា​ វា​ហាក់​ដូចជា​ដំណើរការ​ពិគ្រោះ​យោបល់​ ដែល​មើល​ការ​ខុស​ត្រូវ​ដោយ​អង្គការ​អន្តរ​រដ្ឋាភិបាល​គឺ​គណៈកម្មការ​ទន្លេ​មេគង្គ​នោះ បាន​បរាជ័យទៅ​ហើយ​ ហើយ​ដែល​កាត់​បន្ថយឱកាស​សម្រាប់​ប្រទេស​មាន​ផល​ប៉ះពាល់​ទាំង​អស់​បន្ត​សារ​ជំទាស់​នឹង​ការ​កសាង​ទំនប់វារី​អគ្គិសនី​នេះ។​

«ទោះណា​ជារដ្ឋាភិបាល​បី​ទៀត​មិន​យល់​ព្រម​ជាមួយ​គម្រោង​ការ​ស្ថាបនាទំនប់​វារី​អគ្គិសនីនេះ​ក៏​ដោយ​ ​ក៏​រដ្ឋាភិបាល​ប្រទេស​លាវ​នៅ​តែ​និយាយ​ទទូច​ថា ​ខ្លួន​មាន​សិទ្ធិ​ខាង​អធិបតេយ្យ​ភាព​លើ​ការ​អភិវឌ្ឍគម្រោងការ​នេះ។ ​ហើយ​អ្វី​ដែល​មាន​សារៈ​សំខាន់​ខ្លាំង​នោះ​គឺ​ផល​ប៉ះពាល់​ឆ្លង​ការ​ព្រំដែន​មិន​បាន​ត្រូវ​គេ​អើ​ពើ​ទេ។​ ដូច្នេះតើ​នរណា​ជា​អ្នក​បង់ខាត? ​ពួក​អ្នកបង់​ខាត​គឺ​ប្រជា​រាស្ត្រ​រាប់លាន​នាក់​ដែល​ជីវភាព​របស់​ពួក​គេ​អាស្រ័យ​ភាគ​ច្រើន​ទៅ​លើ​ប្រភព​ធនធាន​នៃ​ទន្លេ​មេគង្គ»។

អង្គការមិត្ត​នៃទន្លេមេគង្គ​ខាង​ក្រោម​បាន​និយាយ​ថា​ ការ​ផ្តើម​គំនិត​ថ្មីៗ​កំពុង​ធ្វើឡើង​ដើម្បី​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ថាមពល​ប្រកប​ដោយ​ចីរភាព​ ដោយ​មាន​រួម​បញ្ចូល​ប្រភព​ជា​ជម្រើស​ផ្សេងៗ​និង​ការ​ផ្តល់​ប្រាក់​កាស​ដល់​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​លើ​សហគមន៍​ និង​បរិស្ថាន​ ព្រមទាំង​គាំទ្រ​ដល់​ការ​អភិវឌ្ឍថាមពល​នៅ​ទូទាំង​ប្រទេស​លាវ​ផង​ដែរ។​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម​ សុមេធ