ប្រធានាធិបតីឡាវ លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) បានមកដល់ទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃអង្គារនេះ។
នេះជាដំណើរទស្សនកិច្ចទីពីរមកកាន់កម្ពុជា របស់មេដឹកនាំប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បន្ទាប់ពីការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន ម៉ាណែត។ កាលពីខែកញ្ញា ឆ្នាំមុន នាយករដ្ឋមន្ត្រីថៃថ្មី លោក សេដ្ឋា ថាវីស៊ីន ក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បន្ទាប់ពីបានចូលកាន់អំណាច កាលពីខែសីហា។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់នៅសេចក្តីប្រកាសព័ត៌មានដាច់ដោយមួយទៀតកាលពីថ្ងៃសុក្រថា ក្នុងដំណើរមកបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវមកកម្ពុជា ភាគីទាំងពីរ នឹងពិភាក្សាអំពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្ដរជាតិ ដែលជាផលប្រយោជន៍រួម។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់ថាក្នុងនាមកម្ពុជាជាសមាជិកអង្គការសហប្រជាជាតិ សមាជិកអាស៊ាន និងជារដ្ឋអធិបតេយ្យ តែងតែទទួលស្វាគមន៍ទស្សនកិច្ចរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសផ្សេងៗ ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូ។
ក្នុងដំណើរមកបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ប្រធានរដ្ឋឡាវនឹងចូលគាល់ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី និងមានជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាព លោកស្រី ឃួន សុដារី ប្រធានសភា និងនាយករដ្ឋមន្រ្ដីកម្ពុជា លោក ហ៊ុន ម៉ាណែត។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និងសាមគ្គីភាព ព្រមទាំងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃប្រទេសទាំងពីរ៕
ប្រធានរដ្ឋឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ
ភ្នំពេញ —