របាយការណ៍៖ ជម្លោះ​ដីធ្លី​ប៉ះពាល់​ពលរដ្ឋ​រាប់​សែន​នាក់

​ការ​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ។

ជន​រងគ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​នៅ​តែ​ប្រឈម​នឹង​បញ្ហា​យុត្តិធម៌​គម្រប​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេសកាន់​តែ​ហិន​ហោច​ទៅៗ​ រី​ឯ​ប្រជាពលរដ្ឋ​ក្រីក្រកំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​បណ្តេញ​ចេញ​ពី​ទី​ប្រជុំ​ក្រុង​ឲ្យ​ឃ្លាត​ឆ្លាយ​ពី​ខ្សែ​ភ្នែក​របស់​អ្នក​មាន។

នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែលបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សង្ខេប​អំពី​ស្ថានភាព​ដី​ធ្លី​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៣។

​របាយការណ៍​បង្ហាញ​ថា​ ទំនាស់​ដីធ្លី​កើត​ឡើង​ដោយសារ​ការ​ទន្រ្ទាន​យក​ដី​ កើត​ឡើង​ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​និង​ដី​សម្បទាន​សង្គមកិច្ច ហើយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត​ស្ថិត​ក្នុង​ខេត្ត​ខាង​ជើង​និង​ឦសាន​ប្រទេស​ដូច​ជា​ខេត្ត​សៀមរាប ខេត្ត​ព្រះ​វិហារ​និង​ខេត្ត​រតនគីរី។​ សេចក្តី​សន្និដ្ឋាន​នេះ​ក្តោប​លើ​ការ​ស៊ើប​អង្កេត​ទំនាស់​ដីធ្លី​ចំនួន​១៣៥​ករណី​ដែល​ប៉ះពាល់​លើ​ដី​ចំនួន​ជិត​៣៧.០០០​ហិកតា ​និង​ពលរដ្ឋពាក់ពន្ធ័​ចំនួន​៦.៤៨៨​គ្រួសារ។

សមាគម​អាដហុក​លើក​ឡើង​ថា​ ជម្លោះ​ដី​ធ្លី​បាន​កើន​ឡើង​ចំនួន​៤៨​ភាគរយ​នៅ​ឆ្នាំ​២០១៣​បើ​ធៀប​នឹង​ឆ្នាំ​២០១២។​

ដោយ​ឡែក​សម្រាប់​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ​២០១៤​នេះ ​សមាគម​អាដហុក​បាន​រក​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន​២.៦១៧​គ្រួសារ​ទទួល​រង​ផល​ប៉ះពាល់​និង​ផ្ទៃ​ដី​ទំនាស់​មាន​ចំនួន​ជាង​៥.៤៥១​ហិកតា។​ ​តួលេខ​នេះ​បង្ហាញ​ពី​ការ​ងើប​ហក់ឡើង​នៃ​ទំនាស់​ដីធ្លី​ក្នុង​ប្រទេស។​

​លោក ធន់ ​សារ៉ាយ ​ប្រធាន​សមាគម​អាដហុក​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែតក្នុង​ឱកាស​បង្ហាញ​របាយការណ៍​អំពី​ស្ថានភាព​ដី​ធ្លីក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៣​ថា​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទទួល​រង​អយុត្តិធម៌​អំពី​ទំនាស់​ដីធ្លី​នេះ។

លោក​ ធន់ សារ៉ាយ ពន្យល់​ថា៖ «តាំង​ពី​ឆ្នាំ​២០០០​រហូត​មក​ដល់​ឆ្នាំ​២០១៣​នេះ ជម្លោះ​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​៧៧០.០០០​នាក់ ​គឺ​ស្មើ​នឹង​ប្រជាពលរដ្ឋ​ប្រមាណ​៦​ភាគរយ។​ មាន​ការ​ដោះស្រាយ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ក្រសួង​មាន​សមត្ថកិច្ច ​ប៉ុន្តែ​ការ​ដោះស្រាយមួយ​ចំនួន​មាន​ភាព​លម្អៀង​ច្រើន​ទៅ​រក​អ្នក​មាន​អំណាច​និង​អ្នក​មាន​លុយ​និង​ក្រុមហ៊ុន។ ​ហើយ​ប្រជាពលរដ្ឋ​ច្រើន​កន្លែង​ដែរ​ដែល​លោក​ទទួល​យកការ​ដោះស្រាយ​ទាំង​ទឹក​ភ្នែក។»

​របាយការណ៍​របស់​សមាគម​អាដហុក​បង្ហាញ​ទៀត​ថា​ ក្នុង​អំឡុង​ឆ្នាំ​២០១៣​ សកម្មជន​ដីធ្លី​ទទួល​រង​ការ​គំរាម​កំហែង​និង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​តាម​ផ្លូវ​តុលាការ​ជា​ញឹកញាប់​ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន​ អំពើ​ហិង្សា​ដោយ​ចេតនា បទ​បរិហារ​កេរ្តិ៍​ ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​ញុះញង់​ជាដើម។ ក្នុង​នោះ​ដែរ​មាន​ប្រជាពលរដ្ឋ​ចំនួន​១០៩​នាក់​ត្រូវ​ទទួល​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ។ ៤៣​នាក់​នៅ​ក្នុង​នោះ​ត្រូវ​ចាប់​ខ្លួន​និង​១៩​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​ពេល​នេះ។

​លោក បេង ហុងសុជាតិខេមរ៉ូ អ្នក​នាំពាក្យ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ។

​«ការ​អនុវត្ត​បទបញ្ជា​លេខ​០១​ដើម្បី​ដោះស្រាយ​ទំនាស់​បី​ប្រភេទ​ហ្នឹង​គឺ​ ទី១​ដី​គម្រប​ព្រៃ​ឈើ ទី​២​ដី​ដែល​គេ​មាន​ដីកា​ដក​ហូត​ និង​ទី​៣​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។ ​គឺ​យើង​បាន​ដោះស្រាយ​បាន​ច្រើន​រហូត​មក​ទល់​ពេល​នេះ។ ​ហើយ​បាន​កាត់​បន្ថយ​ជម្លោះរបស់ប្រជាពលរដ្ឋ។»

​ទោះ​ជា​យ៉ាង​ណា​លោក​ ធន់ សារ៉ាយ បាន​រិះ​គន់​សារាចរណ៍​០០១​នេះ​ថា ​មិន​បាន​ផ្តល់​ការ​ដោះស្រាយដី​ធ្លី​រ៉ាំរ៉ៃ​ឲ្យ​ល្អ ហើយ​យន្តការ​ដោះស្រាយ​នៅ​តែ​កាន់ជើង​អ្នក​មាន​អំណាច​និង​អ្នក​មាន​ដដែល។

ជាមួយ​គ្នា​នេះ ​លោក​បេង ហុងសុជាតិខេមរ៉ូ បញ្ជាក់​ថា ​រដ្ឋាភិបាលមាន​ផែនការ​គ្រប់គ្រាន់​ក្នុង​ការ​ដោះសា្រយ​វិបត្តិ​នេះ​និង​ត្រូវ​ការ​ពេលវេលា​សម្រាប់​ដោះស្រាយ​បន្ត​ទៀត។

ថ្វី​បើ​ដូច្នេះ​ក្តី​ សមាគម​អាដហុក​បាន​បរិហារ​បន្ថែម​ថា ​មាន​សហគមន៍​រាប់រយ​ក្នុង​ប្រទេស​នឹង​ប្រឈម​ក្នុង​ការ​បណ្តេញ​ចេញ​ខណៈ​ដែលប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ទទួល​រង​ការ​បណ្តេញ​ចេញ​រួច​ទៅ​ហើយ​ជា​ថ្នូរ​ទៅ​នឹង​ការ​អភិវឌ្ឍ​តំបន់​ទីក្រុង។

លោក ធន់ សារ៉ាយ ប្រធាន​សមាគម​អាដហុក​យល់​ថា ​រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​ប្រញ៉ាប់ប្រញ៉ាល់​ពេក​ក្នុង​ការ​បណ្តេញ​អ្នក​ក្រីក្រ​មិន​ឲ្យ​រស់​នៅ​ក្បែរ​សហគមន៍​អ្នក​មាន។

​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​បានបាត់​បង់​ពី​ចំនួន​៧២ភាគរយ​នៅ​ឆ្នាំ​១៩៧៣​ មក​ត្រឹម​៤៦​ភាគ​រយក្នុង​ពេល​បច្ចុប្បន្ន។ ​រីឯ​គម្រប​ព្រៃ​ក្រាស់​បាន​ធ្លាក់​ចុះ​ពី​ចំនួន​៤២​ភាគរយ​កាល​ពី​៤១​ឆ្នាំ​មុន មក​ត្រឹម​១១​ភាគរយ​តែ​ប៉ុណ្ណោះនៅ​ឆ្នាំ​២០១៣៕