ប្រជាពលរដ្ឋ​ដែល​រង​ការ​បង្រ្កាប​ដោយ​អាវុធ​នៅ​ស្រុក​ស្នួលខេត្ត​ក្រចេះតវ៉ាទាមទារ​ដី​មក​វិញ

ប្រជាពលរដ្ឋ​ពី​ខេត្ត​ក្រចេះដែល​រង​ជម្លោះ​ដីធ្លី​ ទល់​នឹង​ក្រុមហ៊ុនចម្ការ​កៅស៊ូ​មេមត់ ឡើងមកដង្ហែញាត្តិ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ ទាមទារ​សុំ​ការដំណោះស្រាយ​ដោយ​រដ្ឋាភិបាល​ទៅលើ​​ការ​បាត់បង់ដីធ្លីដែល​ពួកគាត់អះអាង​ថា​ជា​របស់ពួកគាត់ នៅរាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី​ ២៣ ខែ​មេសា ឆ្នាំ២០១៨។ (ខាន់​ សុគុំមនោ​/VOA)

ប្រជាពលរដ្ឋ​រាប់​រយ​នាក់ ដែល​បាន​តវ៉ា​រឿង​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ​បាន​នាំគ្នា​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ស្នើ​សុំ​ដំណោះ​ស្រាយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រមាណ​មួយ​ខែ​កន្លះ បន្ទាប់​ពី​មាន​ការ​បង្រ្កាប​ដោយ​អាវុធ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ នៅ​រសៀល​ថ្ងៃ​ចន្ទ បាន​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​លើ​ដី​ធ្លី​របស់​ពួកគេ។

កាល​ពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​តវ៉ា​បិទ​ផ្លូវ​នៅ​ក្នុង​ស្រុក​ស្នួល ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​ទាមទារ​កុំ​ឲ្យ​ដុត​ផ្ទះ និង​បំផ្លាញ​ដំណាំ​របស់​ពួកគេ។

ការ​តវ៉ា​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​១៥០នាក់ បាន​ប្រើប្រាស់​អាវុធ​បំបែក​ក្រុម​តវ៉ា រហូត​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៣​នាក់​រង​របួស ដោយសារគ្រាប់​កាំភ្លើង និង​មួយ​ចំនួន​ទៀត​រង​របួស ដោយ​ការ​វាយដំ​ដោយ​កម្លាំង​សមត្ថកិច្ច ហើយ​ប្រជាពលរដ្ឋ​៨នាក់ ត្រូវ​បាន​ចាប់​ខ្លួន។

ប្រជាពលរដ្ឋ​មួយរូប​ គឺលោក ហង្ស ពៅ អាយុ​៥៥​ឆ្នាំ ​រង​ជម្លោះ​លើ​បញ្ហាដីធ្លី​នៅ​ខេត្តក្រចេះ ចូលរួមដាក់​ញត្តិ​ស្នើររដ្ឋាភិបាល​ឲ្យដោះស្រាយបញ្ហា​ដីធ្លីរបស់គាត់ នៅរាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​ ២៣ ខែ​មេសា ឆ្នាំ២០១៨។

នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ប្រជាពលរដ្ឋ​បាន​ដើរ​ដង្ហែ​តាម​បណ្ដោយ​ផ្លូវ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ដូចជា​មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​ក្បែរ​ព្រះបរមរាជវាំង​ជាដើម ដើម្បី​សុំ​ដំណោះស្រាយ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

បើ​តាម​ញត្តិ​ដែល​ VOA​ ទទួល​បាន ប្រជាពលរដ្ឋ​ដែល​តវ៉ា​ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​មេមត់ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ ឱ្យ​ប្រគល់​ដី​ឱ្យ​ពួកគេ​វិញ ​ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​ពី​ឆ្នាំ២០១៤ តែ​ពុំ​មាន​អាជ្ញាធរ ឬ​ក្រុមហ៊ុន មក​ហាមឃាត់​នោះ។

បើ​តាម​ញត្តិ​នោះ ពួកគេ​បាន​បញ្ជាក់​ថា ​នៅ​ក្នុង​ខែ​មីនា អាជ្ញាធរ​បាន​ឲ្យ​ពួកគេ​ចាក​ចេញ ដុត​បំផ្លាញ​ផ្ទះ និង​បំផ្លាញ​ផលដំណាំ​របស់​ពួកគេ។

ប្រជាពលរដ្ឋ​ម្នាក់ លោក ហង្ស ពៅ អាយុ​៥៥​ឆ្នាំ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​កន្លែង​ប្រមូល​ផ្តុំ​តវ៉ា​នៅ​សួន​ច្បារ​វត្ត​បុទុម​ថា ក្រោយ​មាន​ការ​បង្រ្កាប​ដោយ​អាវុធ ​កាល​ពី​ថ្ងៃទី​៨ ខែមីនា ប្រជាពលរដ្ឋ​បាន​បាត់​បង់​ផ្ទះ​សម្បែង​ ដីធ្លី ដែល​ពួកគេ​បាន​កាប់​ឆ្ការ និង​ផល​ដំណាំ។ ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា លោក​មិន​មាន​ឯកសារ​ក្នុង​ការ​កាន់​កាប់​ដីធ្លី​របស់​លោក​ជាង​២​ហិកតា​នេះ​ទេ ដោយសារ​លោក​បាន​កាប់​ឆ្ការ​ព្រៃ​តាម​គេ​ឯង​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា​៖ «ឃើញ​គេ​ចូល​ចេះ​តែ​តាម​គេ​តាម​ឯង​ទៅ។ ក៏​គេ​ចូល ក្រែង​បាន​ហ្នឹង​គេ​អញ្ចឹង​ទៅ។ អត់​ទាន់​មាន​(ប្លង់)​ទេ បាន​មក​សុំ​ឲ្យ​សម្តេច​ជួយ​ដោះស្រាយ​ឲ្យប្រជាពលរដ្ឋ​ហ្នឹង​ណា។ បាន​លោក​ជួយ​ដោះស្រាយ​ បាន​ប្លង់​បាន​អី។ កូនចៅ​សូម​អំណរ​អរគុណ​ដល់​សម្តេច​ហ្នឹងណា បាន​សម្តេច​ជួយ​រាស្រ្ត»។

លោក​បន្ត​ថា លោក​បាន​រង​របួស ដោយសារ​ការ​វាយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​ក្នុង​ការ​តវ៉ា​កាល​ពី​ខែ​មីនា។

លោក​មាន​ប្រសាសន៍​ថា៖ «ពួក​ខ្ញុំ​ទៅ​សុំ​កម្លាំង​ប្រជាជន​ដែល​គេ​ចាប់​ហ្នឹង​មក​វិញ ទៅ​តវ៉ា​សុំ​អញ្ចឹង​ទេ កាល​ហ្នឹង​នោះ​ ទទួល​បាន​កើត​រឿង​ហ្នឹង​ទៅ។ ខ្ញុំ​ គេ​វាយ នេះ​ក្បាល​នេះ មិន​ទាន់​បាត់​ស្នាម​ផង។ នេះ​ឆ្អឹង​ជំនី​នេះ ទាត់​ឡើង​សុះ។ អ្ហេ​ក្រែល​ដែរ​ហ្នឹង ឡើង​ជាំពេញ​ខ្លួន»។

លោក ហង្ស ពៅ និង​ប្រជាពលរដ្ឋ​៧​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​មាន​ការ​បង្រ្កាប​ដោយ​អាវុធ និង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រារាំង ប្រើប្រាស់​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយចេតនា​ និង​បទ​ប្រឆាំង​រាជការ​សាធារណៈ។

ប៉ុន្តែ​ ពួកគេ​ត្រូវ​បាន​ដោះ​លែង​វិញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា តែ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ។ លោក ហង្ស ពៅ ត្រូវ​បង្ហាញ​ខ្លួន​នៅ​អធិការ​ស្រុក​ស្នួល ជា​រៀង​រាល់​ខែ។

លោក​ ឃី ផេង​ វ័យ ​៧២ឆ្នាំ រង​ជម្លោះ​លើ​បញ្ហាដីធ្លី​នៅ​ខេត្តក្រចេះ ចូលរួមដាក់​ញត្តិ​ស្នើររដ្ឋាភិបាល​ឲ្យដោះស្រាយបញ្ហា​ដីធ្លីរបស់លោក នៅរាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​ ២៣ ខែ​មេសា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ឃី ផេង អាយុ​៧២​ឆ្នាំ ដែល​បានមក​តវ៉ា មាន​ប្រសាសន៍​ថា លោក​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ មក​ខេត្ត​ក្រចេះ និង​បាន​កាប់​ឆ្ការ​ព្រៃ​ និង​កាន់កាប់ដី​ជាង​៣​ហិកតា តាំង​ពី​ឆ្នាំ​២០១៦។ រហូត​មក​ដល់​ពេល​នេះ លោក​ដាំ​បាន​ដំឡូង​មួយ​ចំនួន។

លោក​បញ្ជាក់​ថា ការ​កាប់​ឆ្ការ​ដី​នេះ ដើម្បី​អាច​បាន​ដី​ខ្លះ​ធ្វើ​ចម្ការ បន្ថែម​លើ​ដី​ស្រែ​របស់​លោក​២​ហិកតា នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

លោក​មាន​ប្រសាសន៍​ថា៖ «ដី​ដាំ​របស់​របរ​ គ្រាន់​ចិញ្ចឹម​ជីវិត​បន្តិច​បន្តួច ផ្សំៗ​គ្នា​ទៅ»។

នៅ​ថ្ងៃ​បង្រ្កាប​ដោយ​អាវុធ លោក​ក៏​បាន​ចូលរួម​តវ៉ា តែ​បាន​រត់​គេច​ភ្លាមៗ នៅ​ពេល​ឭ​ស្នូរ​កាំភ្លើង។ លោក​បញ្ជាក់​ថា៖ «ខ្លាច គ្រាប់​កាំភ្លើង​ផូង​ផាំង​មក​ ហើយ​ខ្ញុំ​រត់​ទៅ»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត គឺ​លោកស្រី ស សារឿន អាយុ​៦៤​ឆ្នាំ បាន​អះអាង​ដូច​គ្នា​ពី​ការ​កាន់​កាប់​ដី​ជិត​៣​ហិកតា​ ដោយសារ​ការ​កាប់ឆ្ការ​ព្រៃ តាម​គេ​តាម​ឯង។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «មិន​ដឹង​ដែរ ចេះ​តែ​ទៅ​កាប់​តាមៗ​គ្នា​ទៅ។ កាល​កាប់​ហ្នឹង​សុទ្ធ​តែ​ព្រៃ ដល់​ពេល​ស្រឡះ​អស់​រលីង បាន​គេ​ទៅ​កាយ​ក្រវាត់​យក»។

លោកស្រី ស​ សារឿន អាយុ​៦៤​ឆ្នាំ ជា​ប្រជាពលរដ្ឋមួយ​រូប​ដែល​រង​ជម្លោះ​លើ​បញ្ហាដីធ្លី​នៅ​ខេត្តក្រចេះ ចូលរួមដាក់​ញត្តិ​ស្នើររដ្ឋាភិបាល​ឲ្យដោះស្រាយបញ្ហា​ដីធ្លីរបស់គាត់ នៅរាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​ ២៣ ខែ​មេសា ឆ្នាំ២០១៨។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ចន្ទ​នេះ ក៏​មាន​ការ​តាម​ដាន​ ដោយ​កម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​រាប់​សិប​នាក់​ផង​ដែរ។

អភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង និង​មន្រ្តីខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី ក៏​បាន​តាម​ដាន​ការ​តវ៉ា​នេះ។

មន្រ្តីខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី លោក គង់ ចំរើន ដែល​បាន​ជួប និង​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​បាន​ថ្លែង​ទៅ​កាន់​អ្នក​តវ៉ា​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ពិនិត្យ​មើលករណី​នេះ តែ​មិន​កំណត់​ពេល​នៃ​ដំណោះ​ស្រាយ​នោះទេ។

លោក​បានថ្លែងថា៖ «ការ​ចាត់ចែង​នេះ អាច​មិន​បាន​ទៅ​តាម​ចិត្ត​បងប្អូន ចង់​ពេល​ខ្លី ពេល​ឆាប់ ឬ​ក៏យ៉ាង​ម៉េច​ទេ។ វា​មាន​ពេល​វេលា​ត្រូវ​ធ្វើការ ហើយ​គេ​ឲ្យ​ជំនាញ​ទៅ​ធ្វើ​ការ»។

លោក​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ តាម​ខេត្ត​រៀងៗ​ខ្លួន ហើយ​រង់​ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ចង់​ទៅ​ផ្ទះ​នោះ​ទេ ព្រោះ​ខ្លាច​មិន​មាន​ដំណោះស្រាយ។

កាលពី​ថ្ងៃទី​២៦ ខែ​មីនា ពួកគេ​ក៏​បាន​ឡើង​មក​ភ្នំពេញ ដើម្បី​តវ៉ា​ម្តង​រួចមកហើយ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងណា​ពី​អាជ្ញាធរ។

មន្រ្តី​ផ្នែក​រដ្ឋបាល​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូមេមត់ ​ដែល​បាន​ទទួល​ទូរស័ព្ទ​របស់ ​VOA បាន​បដិសេធ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ។

ក្រោយ​ការ​បង្រ្កាប​ដោយ​អាវុធ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ មេមត់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​អះអាង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​អភិវឌ្ឍលើ​វិស័យ​កសិឧស្សាហកម្ម ពី​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០០៨ ក្រុមហ៊ុន​មិន​ដែល​បាន​រំលោភ​បំពាន​ ឬ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ឡើយ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ជួប​ជាមួយ​អ្នកតំណាង​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ក្រចេះ​ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​និង​ទទួល​ញត្តិទាក់ទិន​នឹង​ជម្លោះ​ដី​ធ្លី នៅ​ក្បែរ​គេហដ្ឋាន​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក​ ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ មេសា ឆ្នាំ​២០១៨។

ប៉ុន្តែ ​ក្រុមហ៊ុន​បាន​រង​គ្រោះ​ធ្ងន់​ធ្ងរ ដោយ​ការ​កាប់​ព្រៃ​ទន្រ្ទាន​យក​ដី ពី​ក្រុមជន​អនាធិបតេយ្យ​ជា​បន្ត​បន្ទាប់។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា កន្លង​ទៅ ពួកគេ​ធ្លាប់​កាត់​ឆ្វៀល​ដី​ជិត​៣​ពាន់​ហិកតា សម្រាប់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក ស៊ឹង សែន​ករុណា មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក បាន​លើក​ជា​សំណួរ​ថា​ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​ អាច​កាន់កាប់​ដី​បាន​ជាច្រើន​ឆ្នាំ ដោយ​មិន​មាន​ការ​ហាម​ឃាត់​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ។

លោក​បាន​បញ្ជាក់​ថា៖ «វា​ជា​រឿង​មួយ ដែល​យើង​ដឹង​ហើយ​ថា ​ប្រជាពលរដ្ឋ​របស់​ប្រទេស​កម្ពុជា​យើង​ហ្នឹង មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​នៅ​ខ្វះ​ដី​ក្នុង​ការ​ប្រើប្រាស់ បង្ក​បង្កើន​ផល។ យើង​ដឹង​ហើយ​នៅ​ក្នុង​ចំណុច​ដែល​កើត​ហេតុ​ហ្នឹង​ មាន​ពលរដ្ឋ​មួយ​ចំនួន​លោក​បាន​ចូល​ទៅកាន់​កាប់ ហើយ​កាប់​ឆ្ការ​តាមរយៈ​មេ​ខ្យល់ ឬ​ក៏​តាម​រយៈ​ការ​ដឹង​ឭ​តៗគ្នា។ ហើយ​យើង​នៅ​មាន​ចម្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​បណ្ដែត​បណ្ដោយ​ឲ្យ​ពួក​គាត់ បាន​រស់​នៅ​ក្នុង​តំបន់​ហ្នឹង​មាន​រយៈពេល​យូរ​យ៉ាង​នេះ​ហើយ ទើប​តែ​មាន​វិធានការ​ពេល​ថ្មីៗ​ហ្នឹង»។

លោក​បញ្ជាក់​បន្ថែម​ថា ក្រោយ​មាន​ការ​បង្ក្រាប​ដោយ​អាវុធ​ពី​សំណាក់​អាជ្ញាធរ ប្រជាពលរដ្ឋ​មាន​ភាព​ភ័យ​ខ្លាច ​រហូត​មក​ដល់​ពេល​នេះ ដោយ​សម្ងំ​លាក់​ខ្លួន និង​គេច​ពី​ការ​ឃ្លាំមើល​របស់​កម្លាំង​សមត្ថកិច្ច៕

ទស្សនាកម្រងរូបភាពនៃការតវ៉ារបស់ប្រជាពលរដ្ឋមកពីខេត្តក្រចេះ

កម្រងរូបភាព៖ ប្រជាពលរដ្ឋខេត្តក្រចេះតវ៉ាទាមទារដំណោះស្រាយលើបញ្ហាដីធ្លីនៅស្រុកស្នួល