រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​ចំនួន​១១ ​កន្លែង

តំបន់​ដី​សម្បទាន​​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​និរាករណ៍អាជ្ញាបណ្ណ​ពី​ក្រុមហ៊ុនចំនួន​១១​ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទានសេដ្ឋកិច្ច​ហើយ​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ហើយក្រុមហ៊ុន​ខ្លះមិន​បាន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទេ។ ប៉ុន្តែរដ្ឋាភិបាលមិន​បាន​បញ្ជាក់​ពី​ចំណាត់​ការ​ណាមួយ​ដើម្បី​ដាក់​ទោស​ក្រុម​ហ៊ុន​ដែល​បាន​ទទួល​យក​ដី​ទៅ​រាប់​ឆ្នាំ​ហើយ​ដោយ​មិន​អភិវឌ្ឍន៍​នោះ​ឡើយ។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ឱ្យ​ដឹង​ថា​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៩ក្នុង​នោះ មាន​ខេត្ត​បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ មណ្ឌលគីរី ព្រះវិហារ កំពង់​ធំ បាត់​ដំបង កំពង់​ស្ពឺ ព្រះសីហនុ​ និង​ខេត្ត​ក្រចេះ។

ក្រុម​ហ៊ុន​ខ្លះ​ទទួល​បាន​ដី​រហូត​ដល់​ជាង​៩ពាន់​ហិកតា​និង​មាន​ក្រុមហ៊ុន​មួយ​ទទួល​បាន​ដី​តាំង​ពី​ឆ្នាំ​២០០៣។

លោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី​១៧ ខែ​តុលា ថា​រដ្ឋាភិបាល​នឹង​បន្ត​ធ្វើការ​តាម​ដាន​ត្រួត​ពិនិត្យ​លើ​បញ្ហា​វិនិយោគ​នេះ ​ដោយ​អាច​នឹង​មាន​ការដក​យក​ទៀត​បើ​ក្រុមហ៊ុន​ទាំង​នោះ​នៅតែ​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន។

នេះ​ជា​ការដកយក​អាជ្ញា​បណ្ណ​ជាលើក​ទីពីរ​ពីក្រុម​ហ៊ុន​ដី​សម្បទាន។ ​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ក៏​បានដក​អាជ្ញាបណ្ណ ​ក្រុមហ៊ុនចំនួន ៨ ម្តង​រួច​ហើយដែរនៅ​ក្នុង​ខេត្ត​ចំនួន​បី​គឺ​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ​និង​ខេត្ត​កោះកុង។​

ជារឿយៗ​អ្នក​ស្រុក​រងផលប៉ះពាល់​ពី​ការផ្តល់​ដី​សម្បទាន​នេះ​ហើយ​មាន​អ្នក​ខ្លះ​ត្រូវ​ចាប់​ដាក់​គុក​និង​មាន​ការ​ចេញពី​បណ្តាខេត្តមក​តវ៉ានៅ​រាជធានី​ភ្នំពេញ៕