កង្វះ​បន្ទប់​សវនាការ​និង​ការ​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើប​សួរ​ធ្វើ​ឲ្យ​កក​ស្ទះ​សំណុំ​រឿង​ច្រើន​

ទិដ្ឋភាព​ទូទៅ​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

ក្រុម​អ្នកច្បាប់​ និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​និយាយ​ថា ​សំណុំ​រឿង​កក​ស្ទះ​នៅ​តុលាការគឺ​ដោយសារ​ហេតុផល​សំខាន់ៗ​មួយ​ចំនួន​ដូចជា​កង្វះ​បន្ទប់​សាល​សវនាការ ​ភាព​លាយ​ឡំ​គ្នា​នៃ​រឿង​ក្តី​ដែល​ចៅក្រម​ចាត់​ការ ​និង​ការ​មិន​ប្រើ​នីតិវិធី​បញ្ជូន​រឿង​ដោយ​ផ្ទាល់​ទៅ​ចៅក្រម​ដើម្បី​ជំនុំ​ជម្រះ​សម្រាប់​បទ​មជ្ឈឹម​ ដោយ​ចៀស​វាង​ការ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ចំពោះ​សំណុំ​រឿង​ដែល​មិន​ចាំបាច់។​

កាល​ពី​ថ្ងៃ​ច័ន្ទ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក​ កើត រិទ្ធ ​បាន​ប្រកាស​បើក​យុទ្ធនាការ​ជា​ផ្លូវការ​ដើម្បី​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​ ខេត្ត​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក​យុត្តិធម៌​ដល់​ជន​កំពុង​ជាប់ឃុំ​ និង​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

លោក​មេធាវី​ សុក សំអឿន​ ដែល​ច្រើន​ការពារ​ក្តីពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ យល់​ថា​ កង្វះ​បន្ទប់​កាត់​ក្តី​ ជា​ហេតុផល​សំខាន់​មួយ​នៅ​ពីក្រោយ​ការ​កកស្ទះ​សំណុំ​រឿង។ ​មួយវិញ​ទៀត​ គឺ​ការ​បែង​ចែក​សំណុំ​រឿង​មិន​មាន​ភាព​ច្បាស់​លាស់​ ពោល​គឺ​ចៅក្រម​មួយ​រូប​អាច​ទទួល​បន្ទុក​កាន់​រឿង​ក្តី​ចម្រុះ​ទាំង​រឿង​ព្រហ្មទណ្ឌ​ផង និង​រដ្ឋប្បវេណី​ផង។​

លោក​មាន​ប្រសាសន៍ថា៖ ​«ទីមួយ​ អាច​បន្ទប់​សវនាការ។​ ដូច​នៅ​ប្រទេស​គេ​ ចៅក្រម​ម្នាក់​បន្ទប់​សវនាការ​មួយ​ ហើយ​យើង​ចៅក្រម​ឡើង​៤០​នាក់​បន្ទប់​ប៉ុន្មាន?​ បួន​ប្រាំ​ហ្នឹង!​ ធ្វើ​ម៉េច​គ្រប់?​ហើយ​ អាហ្នឹង​ទីមួយ។​ទីពីរ​ អាច​ពាក់​ព័ន្ធ​នឹង​បញ្ហា​ការ​ងារ​ដែរ។​ បើសិន​ជា​ ចៅក្រម​ គាត់​... ព្រោះ​ ចៅក្រម​សព្វថ្ងៃ​កាត់​រដ្ឋប្បវេណី​ផង​ កាត់​ព្រហ្មទណ្ឌ​ផង ​ស៊ើប​ផង​អី​ផង​ហ្នឹង​អ៊ីចឹង​ទៅ។ ជួន​កាល​វា​អាច​ បញ្ចាំ​ការងារ​គ្នា។​បើសិន​ជាឲ្យ​ចៅក្រម​ស៊ើប​ផ្សេង​ ចៅក្រម​ជម្រះ​ផ្សេង​ អាហ្នឹង​ដូច​ជា​មិន​ស្ទះ​ទេ»។​

លោក​មេធាវី​សង្កេត​ឃើញ​ថា​ការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​សំណុំ​រឿង​កកស្ទះ​ដែរ។​ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖​ «ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​យើង​ មាន​ការ​បញ្ជូន​ទៅ​ជម្រះ​ផ្ទាល់​ មានណា៎។​ ក៏ប៉ុន្តែ​ ខ្ញុំ​សង្កេត​ឃើញ​ ចៅក្រម​អត់​ទាន់​ដែល​ប្រើ​ជម្រះ​ផ្ទាល់​ហ្នឹង​ទេ​ ច្រើន​តែ​ទុក​ឃុំ​បណ្តោះ​អាសន្ន​សិន»។​

លោកស្រី ​ជាប សុធារី​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ មាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជា​ច្រើន​មិន​ត្រូវ​បាន​ដោះ​ស្រាយ។ ​លោកស្រី​បន្ត​ថា មាន​អ្នក​ជាប់​ពន្ធនាគារ​ប្រមាណ​២​ពាន់​នាក់​ដែល​ភាគ​ច្រើន​មាន​ការ​ពាក់​ព័ន្ធ​បទ​លើ្មស​គ្រឿង​ញៀន។​

លោកស្រី​បន្ថែម​ថា​ ភាព​អសកម្ម​នៃ​ការ​ជម្រះ​សំណុំ​រឿង​ចាស់ៗ​នេះ​ បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​ចៅ​ក្រម​ស៊ើប​សួរ​ និង​កង្វះ​សាល​សវនាការ​ដែល​មាន​តែ​ពីរ​សាល​ប៉ុណ្ណោះ​នៅ​តុលាការ​ក្នុង​ខេត្ត​នេះ។ ​លោកស្រី​បន្ត​ថា​ សំណុំ​រឿង​ខ្លះ​ទៀត​ត្រូវ​បាន​គេ​កប់​ចោល​រយៈ​ពេល​៣​ទៅ​៥​ឆ្នាំ ​ដោយសារ​ជន​ជាប់ចោទ​ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ ​មិន​បាន​រំឭក​ក្រុម​មន្ត្រីតុលាការ​បើក​ការ​ជំនុំ​ជម្រះ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «ទីមួយ​វាមក​ពី​ សំណុំ​រឿង​វា​អត់ទាន់​បាន​បញ្ចប់​ការ​ស៊ើប​សួរ​ហើយ​មួយ​ទៀត​ ដោយ​សារ​តែ​ពេល​ខ្លះ​ យើង​ខ្វះ​សាល​ជំនុំ​ជម្រះ​ដែរ​ ដោយសារ​បន្ទប់​ជំនុំ​ជម្រះ​ហ្នឹង​គឺ​មាន​តែ​ពីរ​ទេ»។​

លោកស្រី​បន្ថែម​ថា៖ «​សំណុំ​រឿង​ខ្លះ​ គឺ​៣​ឆ្នាំ​៤​ឆ្នាំ​ ក៏​អត់​ទាន់​យក​មក​ជម្រះ​ដែរ.​..​យូរ​ ទៅ​បាន.​..​ដោយសារ​តែ​ការ​ដាស់​តឿន​ ឬ​ក៏​ដូច​ថា វា​យូរ​ពេក​ទៅ​ ជន​ដែល​ ពាក់​ព័ន្ធ​ផល​ប្រយោជន៍​ក្នុង​សំណុំ​រឿង​ហ្នឹង​ គាត់​មក​ដាស់​តឿន​អ៊ីចឹង​ទៅ​ បាន​ចៅក្រម​ដាក់​ពេល​វេលា​ដើម្បី​បិទ​សំណុំ​រឿង​បញ្ជូន​ទៅ​ជម្រះ​អី​អ៊ីចឹង»។​

មូលហេតុ​នៃ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តុលាការ​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត រិទ្ធ​ អះអាង​ថា​ ដោយ​សារ​សាលា​ដំបូង​រាជធានី​ខេត្ត​មិន​មាន​ចៅក្រម​គ្រប់គ្រាន់ ​និង​មិនមាន​សម្ភារៈ​គ្រប់​គ្រាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរ​ការ​សវនាការ​ជំនុំ​ជម្រះ។​ លោក​រដ្ឋមន្រ្តី​បន្ថែម​ថា​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​ច្រើន​ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​សំណុំ​រឿង​មាន​ច្រើន​ហើយ​មាន​ជន​ជាប់​ឃុំ​ច្រើន​នៅ​ពន្ធនាគារ។​

លោក​ លីម​ ប៊ុនហេង​ ព្រះ​រាជ​អាជ្ញារង​ និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ និយាយ​ថា​ លោក​មិន​អាច​ផ្តល់​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​កកស្ទះ​ និង​មិន​អាច​លើក​ពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឲ្យ​មាន​សំណុំ​រឿង​ទុក​ចោល​មិន​ដោះ​ស្រាយ​ទេ។​លោក​និយាយ​ថា​ លោក​ជាប់​ប្រជុំ។​

«បាទ​ ខ្ញុំ​សុំ​អត់​មាន​យោបល់​ ដោយ​សារ​ ខ្ញុំ​ឥឡូវ​កំពុង​ប្រជុំ»។​

លោក ​អ៊ុន សុវណ្ណធានី​ ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង​ និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​សាកសួរ​ខាង​រដ្ឋបាល។​

«តា​ហ្នឹង​ សុំ​ឆែក​ជាមួយ​ នឹង​ខាង​រដ្ឋបាល​សិន​ណ៎ា​បង»។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បយ​ពី​លោក​អ៊ុន សុវណ្ណធានី​ម្តង​ទៀត​ នៅ​ថ្ងៃ​ពុធ​នេះ​ តែ​លោក​មិន​លើក​ទូរស័ព្ទ។​

លោក​ ម៉ាន់ បូរ៉េត​ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​កំពត​ ក៏​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដែរ។ ​លោក​មាន​ប្រសាសន៍​ថា៖ ​«ឥឡូវ​ខ្ញុំ​ជាប់​ប្រជុំ​សិន​ណា៎!​វែង​ឆ្ងាយ​ណាស់​បើ​ឆ្លើយ»។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​លោក ​អ៊ី រិន្ទ​ អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

ក្រុម​មន្ត្រី​មួយ​ចំនួន​នៃ​គណៈ​កម្មការ​អនុវត្ត​យុទ្ធនាការ​ដោះ​ស្រាយ​ការ​កកស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​ខេត្ត​ បាន​ចាប់​ផ្តើម​ចុះ​ទៅ​បំពេញ​ការងារ​របស់​ខ្លួន​ នៅ​តាម​សាលា​ដំបូង​រាជ​ធានី​ ខេត្ត​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ប្រកាស​ចាប់​ផ្តើម​យុទ្ធនាការ​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន​ និង​ជា​ប្រធាន​ក្រុម​ការងារ​ទីបួន​នៃ​គណៈ​កម្មការ​នេះ​ បាន​ប្រាប់​ VOA ​ថា ​ មន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​ផ្តល់​ជំនួយ​ខាង​បច្ចេក​ទេស ​និង​ច្បាប់​ ដើម្បី​សម្រួល​ដល់​ការ​សម្អាត​សំណុំ​រឿង​ដែល​បាន​កកស្ទះ​នៅតាម​សាលា​ដំបូង​រាជធានី​ និង​ខេត្ត ​តាម​រយៈ​ការ​អនុវត្ត​យុទ្ធនាការ​នេះ។​លោក​ ជិន ម៉ាលីន​ ដែល​បាន​ចុះ​ទៅ​ជួប​មន្ត្រី​តុលាការ​នៅ​ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​កោះកុង​ បន្ត​ថ្លែង​ការពារ​ថា​ក្រសួង​យុត្តិធម៌​មិន​ជ្រៀត​ជ្រែក​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​នោះ​ទេ។​

លោក​និយាយថា៖​«យន្តការ​ដែល​ក្រសួង​បង្កើត​ឡើង​នេះ​ គឺ​ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​តុលាការ​ជួប​ប្រទះ​ រួម​ទាំង​ផ្តល់​នូវ​ការ​គាំទ្រ។​ ការ​គាំទ្រ​ហ្នឹង​ មាន​ការ​គាំទ្រ​ផ្នែក​ច្បាប់​ បច្ចេក​ទេស​ ការ​គាំទ្រ​ផ្នែក​មធ្យោបាយ​សម្ភារៈ​ និង​ការ​គាំទ្រ​ក្នុង​កិច្ច​សហការ​ជាមួយ​នឹង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​ ក្រុម​ការងារ​នេះ​ គឺ​ទៅ​ដើម្បី​ជួយ​ផ្តល់​ការ​គាំទ្រ​ ធ្វើការ​សម្រប​សម្រួល​ជូន​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ មិន​មែន​ទៅ​សម្រេច​ សេចក្តី​ជំនួស​តុលាការ​ទេ។​ ចំណែក​ឯ​ការ​អនុវត្ត​ការ​សម្រេច​សេចក្តី​គឺ​ជា​អំណាច​ឆន្ទានុ​សិទ្ធិ​របស់​តុលាការ​ដែល​មិន​មាន​នរណា​អាច​ជ្រៀត​ជ្រែក​បាន​នោះ​ទេ​បាទ»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក ​កើត រិទ្ធ​ ដែល​ទើប​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ព្រមាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​តុលាការ​ ប្រសិន​បើ​មន្ត្រី​រូប​ណា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ក្នុង​ពេល​អនុវត្ត​យុទ្ធនាការ​ដោះ​ស្រាយ​ក្តីក្កាំ​ដែល​កកស្ទះ​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត។​

លោក​ អំ សំអាត​នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ កត់​សម្គាល់​ថា​កិច្ច​សហការ​រវាង​ក្រសួង​យុត្តិធម៌​និង​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ ទំនង​ជា​អាច​ធ្វើ​ឲ្យ​មន្ត្រី​តុលាការ​មិន​ហ៊ាន​ធ្វើ​សកម្ម​ភាព​មិន​ប្រក្រតី​ ដូច​ជា​ស៊ី​សំណូក​សូក​ប៉ាន់​នោះ​ទេ។​

«អំណាច​ឯករាជ្យ​ភាព​របស់​តុលាការ​ គឺ​នៅ​ឆន្ទានុសិទ្ធិ​ នៃ​ការ​សម្រេច​ចិត្ត​ ឧទាហរណ៍​ថា​ ដំណើរ​ការ​នៃ​សវនាការ​ ឬ​ក៏​ការ​សម្រេច​ចិត្ត​ របស់​ចៅក្រម​ របស់​ព្រះរាជ​អាជ្ញា​អាហ្នឹង​មិន​អាច​ជ្រៀត​ជ្រែក​បាន​ទេ ​ពីព្រោះ​អាហ្នឹង​ជា​ឯក​រាជ្យ​ភាព។​ប៉ុន្តែ​បើ​សិន​ជា​ចៅក្រម​ព្រះ​រាជអាជ្ញា​គាត់​ធ្វើ​ខុស​ច្បាប់​ អាហ្នឹង​គឺ​គណៈ​កម្មការ​យុទ្ធនាការ​ហ្នឹង​ គាត់​អាច​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»។​

បើ​តាម​ទិន្នន័យ​ដែល​ក្រសួង​យុត្តិធម៌​ប្រមូល​បាន​ គិត​ត្រឹម​ថ្ងៃ​ទី​ ១៤​ ខែ​មេសា ​ឆ្នាំ​ ២០២០​ សាលា​ដំបូង​រាជធានី​ ខេត្ត​មាន​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ ដែល​កំពុង​ចាត់​ការ​សរុប​ចំនួន​ ៣៩.១៥២​សំណុំ​រឿង។​ ក្នុង​នោះ​ គ្រឿង​ញៀន​មាន​ចំនួន ​៦.២៦០ ​សំណុំ​រឿង។​ អ្នក​ជាប់​ឃុំ​នៅ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​មាន​ចំនួន​៦.៩០០​នាក់។​

ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា​ គ្រាន់តែ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សំណុំ​រឿង​ដែល​នៅ​សល់​មិន​ទាន់​ចាត់​ការ​រួច​គិត​ត្រឹម​ឆ្នាំ ​២០១៩​ មាន​រហូត​ដល់ ​១២.០០០ ​សំណុំ​រឿង​ ហើយ​សំណុំ​រឿង​ដែល​ចូល​ថ្មី​ មាន​ជា​មធ្យម​ប្រមាណ​ពី​ ៧០០​ រឿង​ទៅ ​៩០០​ រឿង​ក្នុង​មួយ​ខែ​ ដែល​ធ្វើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិន​អាច​ឆ្លើយ​តប​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​បាន។​

ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​ និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ ឬ​មណ្ឌល​អប់រំ​កែប្រែ ​នានក្រសួង​យុត្តិធម៌​លើក​ទឹក​ចិត្ត​ឲ្យ​ព្រះ​រាជ​អាជ្ញា​ប្រើ​វិធី​ចោទ​ប្រកាន់​ តាម​រយៈ​ការ​បញ្ជូន​រឿង​ដោយ​ផ្ទាល់​ទៅ​ចៅក្រម​ ដើម្បី​ជំនុំ​ជម្រះ​សម្រាប់​បទ​មជ្ឈឹម​ ដោយ​ចៀស​វាង​ការ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ចំពោះ​សំណុំ​រឿង​ដែល​មិន​ចាំ​បាច់។​

ជាង​នេះ​ទៅ​ទៀត ​ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ប្រើ​ប្រាស់​វិធាន​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ជំនួស​ឲ្យ​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ ចំពោះ​បទ​មជ្ឈឹម​មួយ​ចំនួន​ដែល​ការ​ឃុំ​ខ្លួន​ពុំមែន​ជា​ការ​ចាំបាច់។ ​ក្រសួង​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​ប្រើ​គោល​ការណ៍​ព្យួរ​ទោស​ ចំពោះ​បទ​មជ្ឈឹម​មិន​ធ្ងន់​ធ្ងរ ​ជាពិសេស​ការ​ព្យួរ​ទោស​សាក​ល្បង ​ដោយ​មាន​ភ្ជាប់​នូវ​កាតព្វ​កិច្ច​មួយ​ចំនួន​សម្រាប់​ទណ្ឌិត​អនុវត្ត៕