មេដឹកនាំ​សហជីព​សុំ​ឱ្យ​ពិភាក្សា​បន្ថែម​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព

សន្និសីទ​សារព័ត៌មាន​គណៈ​កម្មការ​សហព័ន្ធ​សហជីព​ស្តីពី​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

ក្រុម​អ្នក​តំណាង​សហជីព​បង្ហាញ​ការ​គាំទ្រ ​និង​ស្វាគមន៍​ចំពោះ​កិច្ច​ប្រជុំ​ទាំង​៣លើក​របស់​គណៈ​កម្មការ​ចំពោះ​កិច្ច​ ដែល​មាន​ការចូលរួម​ពី​គណបក្ស​ធំៗ​ទាំង​២​ ក្នុង​ការ​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព។

គណៈកម្មការ​សហព័ន្ធ​ស​ហជីព ​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នាព្រឹក​ថ្ងៃពុធ​នេះ ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​បន្ថែម​ទៀត​ក្នុង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស់។ សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​របស់​រដ្ឋសភា​ជាតិ​បញ្ចប់​ការ​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​កាល​ពី​ម្សិល​មិញ។

ក្រុម​អ្នក​តំណាង​សហជីព​បង្ហាញ​ការ​គាំទ្រ ​និង​ស្វាគមន៍​ចំពោះ​កិច្ច​ប្រជុំ​ទាំង​៣លើក​របស់​គណៈ​កម្មការ​ចំពោះ​កិច្ច​ ដែល​មាន​ការចូលរួម​ពី​គណបក្ស​ធំៗ​ទាំង​២​ ក្នុង​ការ​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព។ ក៏​ប៉ុន្តែ​ ក្រុម​សហជីព​លើក​ឡើង​ថា​ ការ​ប្រជុំ​នេះ​ហាក់​ដូចជា​មិន​ទទួល​បាន​ផ្លែផ្កា​ដូច​ដែល​សហជីព​ស្នើ​សុំ​នោះ​ទេ។​

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ក្រុម​សហជីព​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ និង​សភា​ជាតិ​ទទួល​យក​សំណើ​របស់​សហជីព​បន្ត​ទៀត​ ដោយ​ពន្យារ​ពេល​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ ហើយ​ក្រុម​ការងារ​របស់​គណបក្ស​ទាំង២​បន្ត​ពិភាក្សា​គ្នា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​បន្ត​ទៀត ​ដើម្បី​ឲ្យ​ច្បាប់នេះ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។​ តំណាង​សហជីព​ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ បាន​ស្នើ​ឲ្យ​សភា​ទទួល​យក​តំណាង​សហជីព​ចូលរួម​ផ្តល់​យោបល់​នូវ​រាល់​កិច្ច​ប្រជុំ​ផ្សេងៗ​ទាក់ទង​នឹង​ច្បាប់​ស្តីពី​សហជីព​នេះ​ផង​ដែរ។

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)

លើស​ពី​នេះ​ទៀត ​តំណាង​សហជីព​អះអាង​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នេះ​នៅ​តែ​មិន​ទាន់​មាន​ភាព​អព្យាក្រឹត្យ​គ្រប់គ្រាន់​ឲ្យ​ឈាន​ដល់​ការ​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ​កម្ពុជា​នោះ​ទេ។ ក្តី​បារម្ភ​មួយ​ទៀត​ដែល​សហជីព​លើកឡើង​ គឺ​ភាព​ផុយស្រួយ​នៃ​សហជីព​ដែល​ងាយ​នឹង​ត្រូវ​បាន​រំលាយ​ទៅវិញ​ដោយ​ច្បាប់​សហជីព​នេះ។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ឲ្យ​ដឹង​ថា​ ការ​អនុម័ត​ច្បាប់​ស្តីពី​សហជីព​ដែល​មាន​ខ្លឹមសារ​ដូច​ពេល​នេះ ​ជា​សញ្ញាណ​នៃ​ការ​កាត់​បន្ថយ​សេរីភាព​សហជីព​ដែល​កំពុង​ធ្វើការ​ការពារ​សិទ្ធិ​ការងារ​ និង​ផល​ប្រយោជន៍​របស់​កម្មករ។​

«បើ​ច្បាប់​នេះ​ចេញ​ដោយ​មិន​មាន​ការ​ពិភាក្សា​គ្នា​ទៀត​ទេ។ ខ្ញុំ​គិត​ថា​ចលនា​សហជីព​នឹង​មាន​ការ​ធ្លាក់​ចុះ ដោយ​សារ​តែ​ច្បាប់​នេះ​បាន​រិត​បន្តឹង​ច្បាប់​សហជីព​រួច​ទៅ​ហើយ​ ពេល​នោះ​លក្ខខណ្ឌ​ការងារ​អាច​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង ​ហើយ​ការ​រំលោភ​សិទ្ធិ​ការងារ​ និង​កេងប្រវ័ញ្ច​ក៏​អាច​ខ្ពស់»។

វិស័យ​វាយនភណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ជាង៧០ម៉ឺន​នាក់​ទូទាំង​ប្រទេស​កម្ពុជា។ សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ ​ត្រូវ​បាន​គេ​រិះគន់​ថា​ មាន​បំណង​រឹតត្បិត​លើ​សហជីព​ក្នុង​ប្រទេស​កម្ពុជា​ ដែល​តែង​តែ​ទាម​ទារ​សិទ្ធិ​ការងារ​ដល់​កម្មករ។ ជារឿយៗ ភាគី​ពាក់ព័ន្ធ​នៃ​ច្បាប់​នេះ​តែង​តែ​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ​ចំណុច​រសើប​ខ្លះ ​ដែល​គេ​មើល​ឃើញ​ថា​ ជា​ការ​រឹតត្បិត​សេរីភាព​សហជីព​នោះ។​

លោក កាំង ម៉ូនីកា ​អគ្គ​លេខា​ធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ GMAC ​បញ្ជាក់​ប្រាប់ ​VOA ​ថា​ជាទូទៅ​ភាគី​នីមួយ​ៗ​រមែង​ទាម​ទារ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់​នូវ​អព្យាក្រឹត្យភាព​នៃ​ច្បាប់។​ លោក កាំង ម៉ូនីកា រៀប​រាប់​នូវ​ចំណុច​សំខាន់​ចំនួន​២​ដែល​ជា​ការ​ស្នើសុំ​របស់​ភាគី​និយោជក៖

«ទី១​ ចំនួន​សមាជិក​មុន​បង្កើត​សហជីព​គឺ​យើង​ស្នើ​សុំ​ឲ្យ​មាន២០%​នៃ​សមាជិក​គ្រឹះស្ថាន​ និង​សហគ្រាស​ណា​មួយ។ កុំ​ឲ្យ​ថា​មាន​គ្នា​តិច​៧ ​ឬ​១០​នាក់​បង្កើត​សហជីព​ ធ្វើឲ្យ​សហគ្រាស​ក្រុម​ហ៊ុន​មួយៗ​មាន​សហជីព​ច្រើន​ប្រកួត​ប្រជែង​គ្នា​យក​ប្រជាប្រិយភាព។ ទី២ទាក់​ទង​នឹង​កម្រិត​គុណវុឌ្ឍ​ បាន​ន័យ​ថា​ កម្រិត​ចេះ​ដឹង​របស់​ថ្នាក់​ដឹកនាំ​សហជីព​ យើង​ស្នើ​ឲ្យ​មាន​ការ​កំណត់​ឲ្យ​ខ្ពស់​បន្តិច​ ព្រោះ​ជា​ដៃ​គូ​ចរចា​ជាមួយ​និយោជក»។​

រូបឯកសារ៖ ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​បដា​នៅ​ក្នុងការ​ចាប់​ផ្តើម​ដំបូងនៃ​យុទ្ធនាការ​ដំឡើងប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យបាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (រូបថត៖ Reuters)

លោក សុខ ឦសាន ​អ្នក​តំណាង​រាស្ត្រ ​និង​ជា​អ្នកនាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច​បាន​ការពារ​ចំណាត់ការ​របស់​រដ្ឋសភា​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​មាន​វិសាល​ភាព​គ្រប​ដណ្តប់​ទាំង​ភាគី​និយោជក ​និង​និយោជិត​ទេ។ ពោល​គឺ​ ការ​សម្រេច​របស់​រដ្ឋសភា​គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ដែល​បម្រើ​ប្រយោជន៍​ដល់​ភាគី​ទាំង​សងខាង។ ជុំ​វិញ​ក្តី​បារម្ភ​របស់​ភាគី​សហជីព​ដែល​ថា ​សហជីព​ហាក់​មាន​ភាព​ផុយ​ស្រួយ​ងាយ​នឹង​ត្រូវ​បាន​រំលាយ​ដោយ​ច្បាប់​សហជីព​នោះ​ លោក សុខ ឦសាន​ អះ​អាង​ថា​ការ​បង្កើត​ច្បាប់​ណា​ក៏​មាន​ការ​ចង​កាតព្វកិច្ច​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ចៀសវា​ង​នូវ​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់ ។​

«ក្តី​បារម្ភ​ គឺ ​ជា​ការ​ចាប់អារម្មណ៍​មួយ​ធ្វើ​ឲ្យ​គាត់​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់។ ច្បាប់​ណា​ក៏ដោយ​ វា​តែង​តែ​មាន​ចង ​កុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ធ្វើ​អ្វី​ផ្តេស​ផ្តាស​ រំលោភ​ភាគី​ម្ខាង​ទៀត។ វា​បម្រើ​ដល់​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​គឺ​កម្មករ​និយោជិត​ និង​និយោជក​ យើង​ចង់​ផ្តាច់​មុខ​ម៉េច​បាន ​ទៅ​មិន​កើត​ទេ»។

កន្លង​មក​ មាន​កិច្ច​ប្រជុំ​ពិភាក្សា​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ពិភាក្សា​ និង​ពិនិត្យ​ទៅលើ​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​នេះ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​រាស្ត្រ​នៃ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​ក្នុង​សភា​ជាតិ ​ក្រុម​តំណាង​សហជីព​ តំណាង​និយោជក​ និង​អង្គការ​សង្គម​ស៊ីវិល។​ ក៏ប៉ុន្តែ​ រដ្ឋសភា​កម្ពុជា​មិន​ទាន់​កំណត់ពី​កាលបរិច្ឆេទ​ក្នុង​ការ​ប្រជុំ​ពេញ​អង្គ ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​នេះ​នៅ​ឡើយ​នោះ​ទេ៕