ប្រទេសទួរគីបានបើកប្រតិបត្តិការយោធាថ្មីមួយប្រឆាំងនឹងក្រុមឧទ្ទាមជនជាតិឃើដ នៅតាមបណ្តោយព្រំដែនអ៊ីរ៉ាក់ ដោយសារតែការបង្កហេតុចេញពីការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមបះបោរទៅលើកងកម្លាំងសន្តិសុខ។
យុទ្ធនាការនេះ គឺជាយុទ្ធនាការចុងក្រោយបង្អស់សម្រាប់ការតស៊ូដ៏យូរអង្វែងប្រឆាំងទៅនឹងគណបក្សពលករឃើដឌីស្តាន (Kurdistan Workers Party) ឬហៅកាត់ថា PKK ពីសំណាក់រដ្ឋាភិបាលទួរគី ដែលកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពក្នុងការធ្វើសមាហរណកម្មពលរដ្ឋឃើដតាមរយៈការបន្ធូបន្ថយកំហឹងនឹងការវាយប្រហារនេះ។
ការវាយប្រហារចុងក្រោយបង្អស់ គឺជាការបំបាក់មុខមាត់ទួរគីខ្លួនឯង ក្នុងនាមជាមេដឹកនាំថ្មីក្នុងតំបន់ ដែលជាការរំឭកឡើងវិញនូវបញ្ហាមួយ ដែលបានបង្កឡើងចាប់តាំងពីឆ្នាំ១៩៨៤មកម្លេះ ដែលនៅពេលនោះ PKK បានធ្វើការបះបោរនៅភាគអាគ្នេយ៍។
អ្នកការទូតជាន់ខ្ពស់ម្នាក់របស់ទួរគី ស្ថិតនៅក្នុងចំណោមមនុស្សដែលព្យាយាមនិយាយបន្ធូរបន្ថយឧបទ្ទហេតុទាំងអស់នេះ។ លោកហ៊ូសីយីន អាវនី ប៊ូតសាលី (Huseyin Avni Botsali) ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅប្រទេសអេហ្ស៊ីបមានប្រសាសន៍ថា រដ្ឋាភិបាលមិនមើលស្រាលការវាយប្រហារទាំងនេះទេ ប៉ុន្តែប្រយ័ត្នប្រយែងត្រង់ថា ការវាយប្រហារនេះ ត្រូវដាក់ឲ្យស្ថិតក្នុងបរិបទដ៏ទូលំទូលាយមួយ។ លោកថ្លែងថា៖
«ការវាយប្រហារនេះ ពិតជាធ្វើឲ្យមានអស្ថេភាព ប៉ុន្តែ វាជាការវិវត្តប្រកបដោយយុទ្ធសាស្ត្រ ដែលឥរិយាបថអវិជ្ជមានមួយចំនួនកំពុងតែជៈឥទ្ធិពលទៅលើរឿងនេះ។ មនុស្សមួយចំនួន ព្យាយាមប្រើអំពើហិង្សា ដើម្បីជំរុញឲ្យមានរបៀបវារៈនយោបាយមួយ។ ហើយប្រវត្តិសាស្រ្ត បានស្តែងឲ្យឃើញម្តងហើយម្តងទៀតថា អំពើហិង្សានឹងមិនផ្តល់អ្វីទាំងអស់»។
ខណៈដែលគណបក្សPKK មិនមានលទ្ធភាពរំលំរដ្ឋាភិបាលដោយកម្លាំងយោធា រដ្ឋាភិបាលក៏មិនទាន់អាចធ្វើឲ្យពួកឧទ្ទាមបរាជ័យបានដែរ បើទោះជាមានការវាយប្រហារគ្នាអស់ជាច្រើនទសវត្សរ៍ក៏ដោយ។ ការដឹកនាំបច្ចុប្បន្នបានប្រកាន់យកវិធីសាស្រ្ត ទូលំទូលាយជាងមុន ដោយដោះស្រាយសេចក្តីទុក្ខព្រួយរបស់ជនជាតិឃើដ ដែលជាចំណុចស្នូលនៃការគាំទ្ររបស់ជនជាតិឃើដទៅដល់ក្រុមឧទ្ទាម។
ក៏ប៉ុន្តែគំនិតផ្តួចផ្តើមសំខាន់ៗកាលពីឆ្នាំមុន បានជួបឧបសគ្គស្ទើរតែភ្លាមៗតែម្តង។ ការវាយសំពងមួយទៅលើកម្មវីធីនោះ បានកើតឡើង នៅពេលដែលអតីតអ្នកប្រយុទ្ធរបស់គណបក្សPKK ដែលវិលត្រឡប់មកពីប្រទេសអ៊ីរ៉ាក់វិញ ត្រូវបានទទួលស្វាគមន៍ក្នុងនាមជាវីរបុរសដែលជំរុញឲ្យគណបក្សនយោបាយប្រឆាំងធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអ្វីដែលពួកគេហៅថា ជាសម្បទានរបស់រដ្ឋាភិបាល។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី រីសិប តាយយីប អេដូហ្កាន (Recep Tayyip Erdogan) ដែលនឹងប្រឈមនឹងការបោះឆ្នោតឆ្នាំក្រោយ បានជាប់គាំងកណ្តាលរឿងពីរ គឺការបង្កើនសកម្មភាពប្រឆាំងនឹងពួកឧទ្ទាម និងការព្រួយបារម្ភ ដែលថាគំនិតផ្តួចផ្តើមនេះមិនគ្រាន់តែជាប់គាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនមានពេលគ្រប់គ្រាន់នឹងចាប់ផ្តើម។
លោកហ៊ូហ ផូប (Hugh Pope) គឺ ជានាយកកម្មវិធីសម្រាប់កិច្ចការទួរគី នៅឯក្រុមដោះស្រាយវិបត្តិអន្តរជាតិ (International Crisis Group) នៅទីក្រុងអ៊ីស្តាន់ប៊ុល។ លោកបន្តទៀតថា៖
«បញ្ហាគឺនៅត្រង់ថា បើទោះជាលោកនាយករដ្ឋមន្ត្រី បានបង្ហាញការគោរពចំពោះភាពជាជនជាតិឃើដ ដែលជាចំណុចសំខាន់នៅក្នុងប្រទេសទួរគីក៏ដោយ ក៏ ភាពលម្អិតជាច្រើនស្តីពីអ្វីដែលត្រូវបានហៅថា ភាពបើកចំហខាងលទ្ធិប្រជាធិបតេយ្យ គឺមិនទាន់អាចទាក់ទាញអារម្មណ៍ក្រុមអ្នកជាតិនិយមឃើដបាននៅឡើយ»។
រដ្ឋាភិបាលបានព្យាយាមយ៉ាងខ្លាំងដើម្បីចែកបញ្ហាទាំងពីរឲ្យដាច់ពីគ្នា គឺបញ្ហានៃការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់ពលរដ្ឋ ឃើដ និងការបំបាត់ចោលគណបក្ស PKK ដែលត្រូវបានរដ្ឋាភិបាលក្រុងអង់ការ៉ា សភាពអឺរ៉ុប និងសហរដ្ឋអាមេរិកចាត់ទុកថា ជាក្រុមភេរវករ ។
ប្រែសម្រួលដោយលី សុខឃាង