ម៉ូស្គូ រុស្ស៊ី៖ តុលាការក្រុងម៉ូស្គូ បានកាត់ទោស លោក មីខាអ៊ីល ខូដូកូវស្គី (Mikhail Khodorkovsky) អតីតស្តេចត្រាញ់ប្រេង ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំបន្ថែមទៀត ដោយកំណត់កាលបរិច្ឆេទដោះលែងនៅក្នុងឆ្នាំ២០១៧ ដែលការកាត់ទោសនេះ ត្រូវបានចាត់ទុកថា ជាការវាស់ស្ទង់ដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលផ្តាច់ការរុស្សី។
ក្រុមអ្នកគាំទ្រលោក ខូដូកូវស្គី ថ្លែងថា ការចោទប្រកាន់ប្រឆាំងរូបលោក ជារឿងគួរឲ្យអស់សំណើចណាស់។ ពួកគេនិយាយថា លោកត្រូវបានចាប់ខ្លួន ដោយសារតែលោកបានបង្កការគំរាមកំហែងខាងនយោបាយដល់អតីតប្រធានាធិបតី វ៉្លាឌីមៀរ ភូទីន( Vladimir Putin) តាមរយៈការផ្តល់មូលនិធិដល់គណបក្សប្រឆាំង និងប្រើប្រាស់ឥទ្ធិពលយ៉ាងធំធេងរបស់លោក ដើម្បីបញ្ចុះបញ្ចូលប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋលើឧស្សាហកម្មប្រេង។ ក្រុមអ្នករិះគន់ ជឿជាក់ថា គេចោទប្រកាន់លោក ខូដូកូវស្គី សម្រាប់ជាលេសមួយដើម្បីឃុំឃាំងរូបលោកនៅក្នុងពន្ធនាគារ រហូតដល់មានការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១២ ដែលនៅពេលនោះ មនុស្សជាច្រើនជឿថា លោកភូទីន ចង់ឈរឈ្មោះ។
លោក ខូដូកូវស្គី ត្រូវបានកាត់ឲ្យជាប់ទោសពីបទលួចបន្លំទឹកប្រាក់ដែលបានមកពីប្រេងចំនួនរាប់ពាន់លានដុល្លារ និងព្យាយាមធ្វើឲ្យដំណើរការនោះស្របច្បាប់។
លោក ស៊ែនឌី សូនឌើ (Sandy Saunders) សមាជិកម្នាក់នៃក្រុមអ្នកច្បាប់សហរដ្ឋអាមេរិករបស់លោក ខូដូកូវស្គី បានឲ្យដឹងថា លោកគ្មានការភ្ញាក់ផ្អើលទេចំពោះសាលក្រមនោះ។ លោកថ្លែងថា៖
«ប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្មរុស្សីនឹងត្រូវបានប្រើ ដោយក្រុមអ្នកមានអំណាច ដើម្បីទទួលបានអ្វីដែលពួកគេចង់បាន។ ហើយរដ្ឋធម្មនុញ្ញ និងច្បាប់របស់រុស្សីត្រូវបានទុកមួយឡែក ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន»។
នៅក្នុងការជួបជុំចោទសួរ និងឆ្លើយតាមទូរទស្សន៍ កាលពីដើមខែធ្នូ មានសំណួរទាក់ទងនឹងលោក ខូដូកូវស្គី លោកភូទីន បានអះអាងថា «ចោរត្រូវនៅក្នុងពន្ធនាគារ» បើទោះជាសាលក្រមនៃសំណុំរឿងក្តីនេះ មិនទាន់ត្រូវបានប្រកាសក៏ដោយ។
លោក ហ្ក្លេប ប៉ាវឡូវស្គី (Gleb Pavlovsky) ប្រធានមូលនិធិដើម្បីគោលនយោបាយមានប្រសិទ្ធិភាព (Foundation for Effective Policy) មានប្រសាសន៍ថា រឿងនេះជាកំហុសនយោបាយមួយរបស់លោក ភូទីន ដែលក្រោយមក លោកត្រូវបានស្តីបន្ទោសដោយលោកប្រធានាធិបតី ឌីមីទ្រី មេឌវ៉េដេវ (Dmitry Medvedev)។ លោក ប៉ាវឡូវស្គី មានប្រសាសន៍ថា នាយករដ្ឋមន្ត្រី ភូទីន ចាត់ទុកលោក ខូដូកូវស្គីថា ជាគូរប្រជែងផ្ទាល់ខ្លួនរបស់លោក។ ដោយផ្តោតខ្លាំងពេកទៅលើគំនិតបែបនេះ លោកភូទីនភ្លេចគិតថា លោកមិនមែនជាមន្ត្រីនៅក្នុងរឿងក្តីនេះទេ។ ជាការពិតណាស់ នេះជាឥទិ្ធពល។
ប៉ុន្តែ លោកស្រី លីលៀ ឆេវត្សូវ៉ា (Lilia Shevtsova) នៃមជ្ឈមណ្ឌល ខាណឺហ្គី ប្រចាំក្រុងម៉ូស្គូ (Moscow Carnegie Center) បានឲ្យដឹងថា រឿងក្តីនេះ ក៏បានសបញ្ជាក់ឲ្យឃើញពីអ្នកដែលទទួលខុសត្រូវរបស់ប្រទេសដែរ។ ឆេវត្យូវ៉ា ថ្លែងថា៖
«សាលក្រមដាក់ទោសនេះ ក៏បានបង្ហាញថា លោក មេឌវ៉េដេវ (Medvedev) គ្រាន់តែជាអាយ៉ងតាមខ្សែញ៉ាក់តែប៉ុណ្ណោះ។ មានន័យថា លោកជាមនុស្សមិនសំខាន់។ ឬយ៉ាងហោចណាស់ លោកគឺជាស្រមោលរបស់លោក ភូទីន។ រាល់បុព្វហេតុទាំងអស់នេះ រាល់ការជជែកទាំងអស់នេះស្តីពីសេរីភាវូបនីយកម្ម និងទំនើបភាវូបនីយកម្មនៅរុស្សី គឺគ្រាន់តែជារឿងកំប្លែងមួយតែប៉ុណ្ណោះ»។
សវនាការកាត់ទោសលោក ខូដូកូវស្គី ស្ថិតនៅចំណុចផ្តោតការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចក្នុងសប្តាហ៍កន្លងទៅ។ ក្រុមអ្នកនយោបាយអឺរ៉ុប និងអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះសាលក្រមនេះ ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍ របស់លោកស្រីរដ្ឋមន្រ្តីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែលបានពិពណ៌នាការកាត់ទោសនេះថា ជាការប្រើប្រព័ន្ធតុលាការយ៉ាងបំពាន។
ប៉ុន្តែ ការកាត់ទោសលោក ខូដូកូវស្គី មិនសូវត្រូវបានដឹងឮទេនៅរុស្សី។ ការស្ទាបស្ទង់មតិថ្មីមួយ ដោយមជ្ឈមណ្ឌលឡេវ៉ាដា (Levada Center) ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ បានរកឃើញថា ៦៥ភាគរយនៃប្រជាពលរដ្ឋរុស្សីមិនបានតាមដានរឿងការកាត់ទោសនេះទេ។ លោក វិចទ័រ លីននីក (Victor Linnik) និពន្ធនាយកនៃទស្សនាវដ្តិ៍ស្លូវ៉ូ (Slovo Magazine ) និយាយថា មានការគាំទ្រតិចតួចណាស់ចំពោះលោក ខូដូកូវស្គី នៅក្នុងប្រទេសនេះ។
«តើការកាត់ទោសនេះសាកសមដែរឬទេ សម្រាប់លោកខូដូគូស្គី? ៩៩ ភាគរយនៃសាធារណជនរុស្សីនឹងប្រាប់អ្នកថា វាជាការសាកសមហើយ។ លោកជាឥស្សរជននាំមុខគេម្នាក់ នៅក្នុងវិស័យឯកជនភាវូបនីយកម្មឧក្រិដ្ឋកាលពីទសវត្សរ៍១៩៩០»។
ប៉ុន្តែ លោកស្រី ឆេវត្សូវ៉ា មានប្រសាសន៍ថា សារៈសំខាន់នៃសាលក្រម និងការកាត់ទោសនេះ ជាការបង្ហាញពីកម្លាំងនយោបាយរបស់លោកភូទីន ចំពោះក្រុមឆ្នើមៗនៃអ្នកគ្រប់គ្រងអំណាច និងសេរីនិយម៕
ប្រែសម្រួលដោយ លី សុខឃាង