ពលរដ្ឋ​នៅ​ឃុំ​ក្រយា​និយាយ​គាំទ្រ​គណបក្ស​កាន់​អំណាច តែ​ហេតុ​អ្វី​បាន​ជាប់​មេ​ឃុំ​​មកពី​បក្ស​ភ្លើងទៀន?

​អ្នកស្រី​ ខាត់​ សែម អ្នក​ភូមិ​ក្រយា​​ ឃុំក្រយា​ ស្រុក​ប្រាសាទ​បល័្លង្គ ខេត្ត​កំពង់ធំ ផ្តល់​បទ​សម្ភាសន៍​ដល់​វិអូអេ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា​ភាគច្រើន​ដែល​វីអូអេ​បាន​សម្ភាស​ លើកឡើង​ពី​ការ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ពួកគេ​មិន​បញ្ចេញ​មតិ​ពី​គុណសម្បត្តិ​គណបក្ស​ភ្លើងទៀន​ ជា​គណបក្ស​ជំទាស់​ដែល​ឈ្នះ​បាន​តំណែង​ជា​មេឃុំ​កាល​ពី​ពេល​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០២២។

អ្នក​ភូមិ​ក្រយា ឃុំក្រយា​ ស្រុក​ប្រាសាទ​បល័្លង្ក​អ្នកស្រី​ ខាត់​ សែម ​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​នេះ​យូរ​ណាស់​ហើយ​តើ! លើក​ណា​ ខ្ញុំ​ចាក់​គណបក្សប្រជាជន​ដែរ មិនដែល​ចាក់​អ្នកណា​ទេ។ គាត់​មាន​ជួយ​លុយ​ជួយ​កាក់​មក​ប្រជាជន​ ធ្វើ​ថ្នល់​ផ្លូវ​ ល្អ​ស្អាត​បាន​ដើរ​ស្រួល»។

របង​ផ្ទះ​របស់​អ្នកស្រី​មាន​ស្លាក​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​អ្នកស្រី​មិន ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​ទេ៖ «អត់ទេ ​ខ្ញុំ​មិន​ដែល​បោះទេ មិន​ដែល​បោះ​ទេ​ បើ​គេមក​ គេ​យក​មក​ដាក់​នោះ។ ខ្ញុំ​មិន​បាន​ឱ្យ​គេដាក់​ឯណា!»។

អ្នកស្រី ប្លោក ហូយ ជា​អ្នកលក់​គ្រឿងទេសក៍ នៅ​ភូមិ​បារាយណ៍​ក៏អះអាង​ដូច​គ្នា​ដែរ។

អ្នកស្រីថ្លែងថា៖ «ប្រាប់​លោកគ្រូ​ត្រង់ៗ​ ខ្ញុំនៅគណបក្ស​នេះ​ គណបក្ស​ កន្លែង​គេបិទ​ផ្លាក​ឱ្យ​នេះ​ ខ្ញុំបោះឱ្យ​គាត់​ហ្នឹង​ច៎ា! បើខ្ញុំ​តាំង​ពីធំដឹងមក​ ក៏ខ្ញុំឃើញ​ថា​ ស្រួល​ចប់​សង្គ្រាម​ សុខ​សន្តិភាព​ក៏ខ្ញុំក៏​សម្រេចចិត្ត​បោះឱ្យ​គាត់​ប៉ុណ្ណោះឯង។ ខ្ញុំអត់ចេះ​អី»។

លោក គា​ មន​ អ្នក​ភូមិ​បារាយណ៍​ ឃុំក្រយា​ប្រាប់​វីអូអេ​ថា​ លោក​ចង់​បាន​សន្តិភាព​ពេញ​លេញ​ និង​ពង្រឹង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ លោក​មិន​និយាយ​គាំទ្រ​គណបក្ស​ណា​ទេ។

លោក​លើក​ឡើងថា៖ ​«បាន​ជា​ទៅបោះឆ្នោត​នេះ​ចង់​បាន​ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ទៅបោះទៅ​ជ្រើសរើស​រកមេដឹកនាំ​ដ៏មា វីរបុរស​ដ៏ល្អ។ ចង់បាន​សុខសន្តិភាពឱ្យ​ពេញ​លេញ​ ចង់បាន​។ និយាយ​រួម​ថា​ របស់​ប្រើ​ប្រាស់​នៅ​ក្នុងប្រទេសយើង​ឱ្យវា​រីក​ចម្រើន»។ ​

លោកអាន​ សុដា អាយុ​២៤ ឆ្នាំ អ្នកភូមិ​បារាយណ៍​ម្នាក់​ទៀត​ និយាយ​ស្រដៀង​គ្នា​ដែរ​ថា៖ «សម្រាប់​គណបក្ស​ដែល​ខ្ញុំពេញ​ចិត្ត​ ខ្ញុំ​អត់​ហ៊ាន​បង្ហើប​ទេ​ ប៉ុន្តែ​ខ្ញុំ​មាន​គណបក្ស​មួយ​ដែល​ខ្ញុំពេញ​ចិត្ត​រួច​ហើយ»។

​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ​២០២២​ គណបក្ស​ភ្លើងទៀន​ឈ្នះ​បាន​កៅអី​មេឃុំ​ចំនួន​បី​ក្នុងខេត្ត​កំពង់ធំ ឃុំមួយ​ទៀត ក្នុងខេត្ត​កំពង់ចាម។ នេះ​បើតាម​មន្ត្រី​របស់​គណបក្ស​ភ្លើងទៀន​។

Your browser doesn’t support HTML5

ពលរដ្ឋនៅឃុំក្រយានិយាយគាំទ្រ​គណបក្សកាន់អំណាច តែហេតុអ្វីបាន​ជាប់មេឃុំ​​មកពីបក្សភ្លើង​ទៀន?


នៅ​ឃុំក្រយា​លោក ​យាប់ យ៉ូត បាន​ជាប់ជា​មេឃុំ​៣លើក​ជាប់ៗគ្នា​ ក្នុង​ពេល​លោក​ជា​សមាជិក​គណបក្ស ​សម​ រង្ស៊ី​ ក្រោយមក​ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ និង​ចុងក្រោយ​គឺ​គណបក្ស​ភ្លើងទៀន។ លោក​ធ្លាប់​បាន​ប្រឈមមុខ​នឹង​ការ​ប្តឹងផ្តល់ ឬ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​ តែ​លោក​នៅ​តែបន្ត​ជាប់​ឆ្នោត​ដដែល។

លោក​មេឃុំ​រូបនេះ​យល់​ពី​ទឹកចិត្ត​របស់​ពលរដ្ឋ​ក្នុងឃុំ​លោក។

លោក​ថ្លែង​ថា៖ «ប្រជាពលរដ្ឋ​ហាក់​ដូច​ជា​គាត់​មិន​មាន​ មាត់​ករអីទេ​ហ្នឹង​ហើយ​ គាត់​របៀប​ថា​ រាង​ឆ្អែត​ចិត្ត​ដែរ ខ្ជិល​មាត់​ខ្ជិល​ករ​មិន​បាន​ផល»។

លោក​ថា​ លោក​បាន​ខិតខំ​បំពេញការងារ​ជាមេឃុំ​អស់ពី​សមត្ថភាព ​ ហើយ​តែង​តែ​ណែនាំ​ប្រជាជន​ក្នុង​ឃុំ​មិន​ត្រូវ​ខ្ចី​បំណុល​ ប្រសិន​បើ​ស្ថាន​ភាព​រស់នៅ​មិន​លំបាក​ខ្លាំង។

លោក​ថ្លែង​ថា៖ «រឿង​ដែល​ថា​ គោលការណ៍​ថា​ត្រូវ​ខ្ចី​ ឬ​មិន​ខ្ចី​ អានេះ​វាជា​តម្រូវ​ការ​មិន​ថា​ជា​បក្ស​កាន់​អំណាច​ ឬក៏​បក្ស​ណាទេ​ ប៉ុន្តែ​ថា​យើង​ឱ្យ​មាន​គោល​ការណ៍​ ច្បាស់លាស់​ ឬ​ក៏​កាត់​បន្ថយ​ អត្រា​ការប្រាក់​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ ឱ្យ​វា​មាន​គោល​ការណ៍​ខ្លះ​ហ្នឹងហើយ»។

ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក្នុង​ឃុំ​ក្រយា​ និយាយ​ថា​ ពួកគេ​ស្រឡាញ់​ពេញចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា តែថា​ ពួកគាត់​ចង់បាន​អ្នក​ដែល​គោរព​សិទ្ធិ​ពលរដ្ឋ​ និង​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ កុំ​មាន​តែ​ឈ្មោះ​ដូច​របប​កុម្មុយនីស្ត​ប៉ុល​ ពត។

លោក​គា​ មន​បន្ត​ថា៖ «បើ​ប្រជាធិបតេយ្យ​តាំងពី​ខ្ញុំកើត​មក​ ចង់បាន​យូរហើយ​ តែ​វា​អត់​ដែល​បាន​ តាំង​ពី​ការ​គ្រប់គ្រង​មួយ​មក​ចូល​មក​ដល់​ក៏ថា​ ប្រជាធិបតេយ្យ​ ដូច​សម័យ​៣ឆ្នាំ​៨ខែ​នោះ​អត់​។ ឃើញ​ពី​វិនាសកម្ម​កើតឡើង​ក៏​បាន​ន័យ​ថា​រាង​បាទ សម័យ​នោះ​ឯង​បាទ។ ប៉ុន្តែ សម័យ​នេះ​ហៅថា​ ជ្រើស​រើស​បន្ត​ទៀត​ តែ​ខ្ញុំ​មិន​អាច​សម្រេច​ថា បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ប្រទេស​នេះ​អ្នកស្នេហា​ជាតិ​ពិត​ប្រាកដ​ ឬក៏​អ្នក​ដឹកនាំឱ្យ​មាន​តម្លាភាព​ពិត​ប្រាកដ​ទេ»។

នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ​២០២៣ លទ្ធផល​បឋម​បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​នាំ​មុខ​គណបក្ស​នយោបាយ​១៧​ទៀត​ ខណៈ​គណបក្ស​ភ្លើងទៀន​គ្មាន​ស្លាក​សញ្ញា​និង​ឈ្មោះ​លើ​សន្លឹកឆ្នោត។

មេឃុំ​ក្រយា​លោក យាប់ យ៉ូត ​កំពុង​បារម្ភ​ថា​ គណបក្ស​ជំទាស់​នឹង​ប្រឈម​មុខ​នឹងការ​បាត់មុខ​ពី​ការ​បោះឆ្នោត​លើកក្រោយ​ទៀត​ ព្រោះ​លោក​យល់ថា​ ការ​បដិសេធ​របស់​គ.ជ.ប​មិន​ឱ្យ​គណបក្ស​លោក​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ បង្ហាញ​សញ្ញា​ដែល​គណបក្ស​អាច​នឹង​ត្រូវ​បានរំលាយ ហើយ​តំណែង​លោក​នឹង​ត្រូវ​បាត់បង់ដូច​ករណី​ក្រោយ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ គេ​មិន​រំលាយ​មែន​ ក៏​វា​ហាក់​ដូច​ជា​រំលាយ​ដែរ​ ពីព្រោះ​អី​ ពី​ព្រោះ​វា​មិន​បាន​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ ហើយ​សម្រាប់​៥ឆ្នាំ​ទៅ​មុខ​ទៀត​ បាន​ចូលរួម​គិត​ទៅ​វា​ឆ្ងាយ ហើយ​វា​យូរ ​វា​យូរ​ណាស់! ហ្នឹងហើយ»។ ​

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប)​ លោក​ ហង្ស ពុទ្ធា ​បាន​ប្រាប់​វីអូអេ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ ថា គណបក្សភ្លើង​ទៀន​អាច​ឈរ ​ឈ្មោះ​បោះឆ្នោត ឃុំ​សង្កាត់​បាន​ដោយសារ​គ.ជ.ប​ មិន​ដឹង​ថា ​គណបក្ស​នេះ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​គណបក្ស។

លោក យាប់ យ៉ូត លើក​ឡើង​ថា​ លោក​នឹង​មិន​ចុះចូល​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ទេ បើ​សិន​លោក​អស់​តំណែង​ជា​មេឃុំ​។ ជម្រើស​របស់​លោក​គឺ​ស្ថិត​នៅ​ជា​ពលរដ្ឋ​សាមញ្ញ​ ហើយ​បន្ត​ធ្វើ​ស្រែចម្ការ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។

កម្ពុជា​នឹង​មាន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​សម្រាប់​អាណត្តិទី៥នៅ​ឆ្នាំ​២០២៤ ដែល​មាន​ការចូលរួម​ពី​អង្គ​បោះឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំសង្កាត់​ដែល​ត្រូវ​បាន​ជាប់ឆ្នោត​កាល​ពីឆ្នាំ​២០២២។ ក្រុមប្រឹក្សា​ឃុំសង្កាត់​មក​ពី​គណបក្ស​ភ្លើងទៀន​ ទំនងជា​មិន​អាច​ចូលរួម​ការបោះឆ្នោត​នេះ​បាន​ទេ​ ដោយសារ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ជំទាស់​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់៕