ជនជាតិ​ភាគតិច​សុំ​ឱ្យ​បញ្ឈប់​ក្រុមហ៊ុន​ចិន​នៅ​ព្រះវិហារ

​សមាជិក​សហគមន៍​ជនជាតិ​ដើមភាគតិច​កួយ​ថ្លែង​ថា ​ការវិនិយោគ​នេះ​បាន​ប៉ះពាល់​ដី​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​​ជាច្រើន​ពាន់​ហិកតា​។

ស្រប​ពេល​ដែលតំណាង​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ចូល​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ទីក្រុង​ហ្ស៊ឺណែវ ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិចកួយ ​មួយ​ក្រុម​បានដាក់ញ្ញត្តិ​ជូន​រដ្ឋា​ភិបាល​ដើម្បី​ស្វែង​រក​ជំនួយ​អន្តរា​គមន៍​ដោះ​ស្រាយ​ការ​បញ្ហា​ដី​ធ្លី​ដែល​ពួក​គេ​ចោទ​ប្រកាន់ថា​ក្រុម​ហ៊ុន​ឯកជន​ចំនួន​ពីរ​បាន​និង​កំពុង​បំពាន​យក។

ប្រជា​ពល​រដ្ឋ​ជនជាតិ​ដើម​ទាំង​នេះ​មក​ពី​ឃុំ​ប្រមេ ​ស្រុក​ត្បែង​មាន​ជ័យ​ ខេត្ត​ព្រះវិហារ។

យោងតាម​ឯកសារ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ទទួល​បាន​រដ្ឋា​ភិបាលបាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ចិន​ចំនួន​ពីរ​គឺក្រុម​ហ៊ុន​Rui Feng (Cambodia) International Company Limited​និង​ក្រុម​ហ៊ុន​Lan Feng(Cambodia) International company Limited​សម្រាប់​ដំណាំ​អំពៅ​និង​ដាំ​ដើម​អាកាស្យា​លើ​ផ្ទៃ​ដី​សរុបជិត​១៨.០០០​ហិកតា។

លោកលូត សាំង សមាជិក​សហគមន៍​ជនជាតិ​ដើមភាគតិច​កួយ​ថ្លែង​ក្រោយ​ពី​សន្និសីទ​កាសែត​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ​ការវិនិយោគ​នេះ​បាន​ប៉ះពាល់​ដី​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិចជាច្រើន​ពាន់​ហិកតា​ហើ​យ​សហគមន៍​ជនជាតិ​កួយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​សិទ្ធិ​សម្បទាន​ដី​ធ្លី​ដល់​ក្រុមហ៊ុន​ទាំង​ពីរ​ដោយសារ​បាន​ប៉ះពាល់​ដី​កម្មសិទ្ធិ​របស់​សហគមន៍​ខ្លួន។​

«​ប៉ះពាល់​មាន​ដូច​ជា​ដី​ស្រែ​ដីចំការ ​កន្លែង​ប្រមូល​អនុ​ផល​ព្រៃ​ឈើដែល​ជា​តំបន់​ដែល​ជនជាតិ​ដើម​ភាគ​តិច​នៃ​ជនជាតិកួយ​យើង​ខ្ញុំ​ត្រៀម​នឹង​ចុះ​បញ្ជី​សមូ​ហភាព​សម្រាប់​សហគមន៍»។

យ៉ាង​ហោច​ណាស់​មាន​ប្រជាពល​រដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​៣៦៧​គ្រួសារក្នុង​ភូមិ​ចំនួន​បី​គឺភូមិ​ស្រែ​ព្រាង ​ភូមិ​បុសធំ​និងភូមិ​ប្រមេ​បាន​បាត់​បង់​ចំណែក​ដីរបស់​ខ្លួន។​

លោកលូត សាំង​អះអាងថា​ក្រុមហ៊ុន​កំពុង​ឈូសឆាយ​ពង្វាត​ទីតាំង​របស់ខ្លួន​ចាប់តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​ហើយ​ប្រជា​ពលរដ្ឋ​សហគមន៍​ជនជាតិ​កួយ​បាន​ដាក់បណ្តឹង​ជា​បន្តបន្ទាប់​ចាប់តាំង​ពី​ពេល​នោះ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​អ្វី​ឡើយ។

«កន្លង​មក​រហូត​ដល់​បច្ចុប្បន្ន​ខាង​សហគមន៍​ជនជាតិ​ដើម​ពួក​ខ្ញុំបាន​តវ៉ា​ដាក់ពាក្យ​បណ្តឹង​ទៅ​រដ្ឋ​សភា​ព្រឹទ្ធ​សភា​ចំនួន​១៥​លើក​ហើយ​ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ​ពី​រដ្ឋា​ភិបាលគឺ​ដាក់ទៅ​ស្ងាត់ឈឹង​ហើយ​រដ្ឋា​ភិបាល​គ្រាន់​តែ​ប្រើ​ពាក្យ​ថា​នឹង​ដោះ​ស្រាយ​ឲ្យ​ប៉ុន្តែ​ជាក់ស្តែង​គឺ​នៅ​តែ​មាន​បន្ត​ឈូស​ឆាយ​នៅ​តំបន់​ពួក​ខ្ញុំ»។​

ដាក់ពាក្យ​ទៅ​ក្រសួង​ចំនួន​ដប់នៅ​ថ្ងៃ​នេះ​ក្នុង​នោះ​មាន​ក្រសួងមហាផ្ទៃ​ ក្រសួង​យុត្តិធម៌ ​ក្រសួង​វប្បធម៌ ​ក្រសួង​ដែនដី​និង​នគរូប​នីយកម្ម ​ព្រះបរមរាជ​វាំង​និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ជាដើម។

អ្នកស្រី​ទេព ទឹម ​អាយុ៥៩​ឆ្នាំ​ជា​អ្នក​តំណាង​សហគមន៍​ជនជាតិ​កួយ​ម្នាក់​ទៀត។

«សុំឲ្យ​រដ្ឋា​ភិបាល​ជា​ពិសេស​សម្តេច​នាយក​តែម្តង​ឲ្យ​បញ្ឈប់​ការឈូសឆាយ​ដី​របស់​ជនជាតិ​កួយ​នៅ​ភូមិ​ព្រមេ​របស់​ក្រុម​ហ៊ុន​ឡាន ហ្វេង ​ដូចជា​ខឿន​ប្រាសាទ​ដែល​ជា​ទី​ជំនឿ​របស់​ពួកយើង ​ត្រពាំង​ជា​ទី​សក្ការៈ​ជំនឿ ​មាន​ព្រៃឈើ​ជំនឿ​ធំៗ ​ប៉ះពាល់​ដល់​បរិដ្ឋាន​ ជ័រទឹក ​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​អស់​រលីង»។

ដោយឡែក​លោក​ពឹង ទ្រីដា ​ប្រធាន​ការិយាល័យ​កសិកម្ម​ខេត្ត​ព្រះ​វិហារ​អះអាងថា​ប្រជា​ពលរដ្ឋ​ទាំងនេះ​មិន​មែន​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ពិត​ប្រាកដ​នោះ​ទេ។

«ដី​នេះ​ដូចជា​អត់មាន​ប៉ះពាល់​ទេ។ប្រជា​ជន​មួយ​ចំនួន​អត់​មាន​ដី​ផង។​គាត់​ចេះ​តែ​តវ៉ា​ទាក់​ទង​នឹង​ការ​វិនិយោគ​រឿង​ផ្តល់​ដី​នេះ។​ជាក់ស្តែង​យើង​ចុះ​មើលអ្នកដែល​តវ៉ា​នោះ​អត់​មាន​ដី​ទេ។​អ្នក​ដែល​មាន​ដី​គេ​ធ្វើ​ការ​ដាំ​ដុះ​ស្រែ​ចំការ​គេ​ធម្មតា។​មាន​តែ​២០ឬ​៣០​នាក់​ដែល​ចេះ​តែ​លើក​ឡើង»។​

​ប៉ុន្តែ​បើ​តាម​លោក​អាង ជាតិឡេង ​មន្ត្រី​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​(Ngo Forum) ​ផ្នែក​ការចុះ​បញ្ជី​ដីធ្លី​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ឲ្យ​ដឹង​ថា​ផែនទី​នៃ​ដែន​វិនិយោគ​របស់​ក្រុម​ហ៊ុនឡាន ហ្វេង បង្ហាញ​ថា​ដី​របស់​ក្រុមហ៊ុន​នេះ​បាន​គ្រប​លើ​ដី​ប្រជាពលរដ្ឋ​យ៉ាង​តិច​ចំនួន​៧០០០​ហិកតា​ក្នុង​នោះ​ដី​ចំនួន​ប្រមាណ​២.៨០០​ហិកតា​ត្រូវ​បានឈូសឆាយ​រួចរាល់។

ជាមួយគ្នា​នេះ​លោកង៉ាច ​សាមីន ​មន្ត្រី​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​កត់​សម្គាល់​ថា​រយៈ​ពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​ជនជាតិ​ដើមភាគតិច​ទទួល​រងការ​បំពាន​ដោយ​បញ្ហា​ដីធ្លី ​បាត់បង់​ព្រៃ​ប្រពៃណី​ជំនឿ​ដោយ​សារ​ការ​វិនិយោគ​ឯកជន​ដូចជា​នៅ​ក្នុង​ខេត្ត ​ព្រះវិហារ ​មណ្ឌល​គិរី ​ស្ទឹងត្រែង​ និង​ខេត្តរតនគីរី ​ជាដើម​ហើយ​ការដោះស្រាយ​របស់​រដ្ឋា​ភិបាលមានតិចតួច​ប៉ុណ្ណោះ៕