យុទ្ធនាការ​ប្រឆាំង​​កូនី​បង្កើត​ឲ្យ​មាន​បទអត្ថាធិប្បាយ​និង​​ការ​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំងក្លា

  • Nico Colombant

مصر کے مختلف شہروں میں مظاہرے جاری ہیں جبکہ سکیورٹی فورسز کی طرف سے مظاہرین کے خلاف طاقت کا استعمال کیا جا رہا ہے۔

ខណៈពេល​ដែល​យុទ្ធនាការ​លើក​កម្ពស់​ការយល់ដឹង​ស្តីពីប្រព័ន្ធ​ផ្សព្វផ្សាយសង្គម​ ដែល​បង្កើត​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ប្រឆាំងនឹងមេដឹកនាំ​ចលនាឧទ្ទាមអ៊ុយហ្គាន់ដា(Uganda)​មួយរូប​ ដែលត្រូវបាន​តាម​ចាប់ខ្លួន​ ទទួលបាន​ជោគជ័យ​យ៉ាងធំធេង​ ​ទាក់ទង​ទៅនឹង​ការ​ទាញ​ចំណាប់​អារម្មណ៍ យុទ្ធនាការ​នេះ ​ក៏​បានបង្កើត​ឲ្យមានការធ្វើ​អត្ថាធិប្បាយ​យ៉ាង​ខ្លាំងក្លា​ដែរ ដែល​ការអត្ថាធិប្បាយ​មួយចំនួន បាន​ក្លាយ​ទៅ​ជាមេរោគ​ ​តាម​របៀប​ផ្សេងៗ​គ្នា។

បទ​អត្ថាធិប្បាយ​ពីសំណាក់ក្រុម​មន្រ្តី​រដ្ឋាភិបាល ក្រុម​សកម្មជន​សិទ្ធិមនុស្ស ក្រុម​អ្នក​ស្រាវជ្រាវ​ និង​ប្រជាពលរដ្ឋ​សាមញ្ញ កំពុងតែ​បន្ត​យ៉ាង​ឆាប់​រហ័ស ​នៅក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃ​នេះបន្ទាប់ពីក្រុម​ ​កុមារអាថ៌កំបាំង (Invisible Children) របស់​សហរដ្ឋ​អាមេរិក បាន​ចេញផ្សាយខ្សែវីដេអូ​រយៈពេល​២៩​នាទី ដែល​ត្រូវបានទស្សនារាប់​សិបលាន​ដង។

វិធីសាស្រ្ត​ដ៏មាន​ប្រជាប្រិយ​មួយ ត្រូវបាន​បង្ហោះ​ការឆ្លើយតបតាម​ខ្សែ​វីដេអូ​ នៅ​លើប្រព័ន្ធ​អ៊ីនធឺណិត។

អ្នកសរសេរ​អត្ថបទ​តាម​អ៊ីនធឺណិតជាតិ​អ៊ុយហ្គាន់ដា លោក​ស្រី រ៉ូសេប៊ែល កាហ្គូម៉ាយ (Rosebell Kagumire) បាន​ក្លាយ​ទៅជា​ជនល្បីល្បាញ​មួយរូប ​ដែល​ផ្អែក​លើ​សមត្ថភាពផ្ទាល់របស់លោកស្រី ដោយ​បាន​ដាក់បញ្ចូលបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន និង​បាន​ទទួល​សារអ៊ីម៉ែល​រាប់​ពាន់ ចាប់តាំងបង្ហោះ​ខ្សែ​វីដេអូ​ផ្ទាល់​របស់លោកស្រី។

ដូច​អ្នកដទៃ​ទៀតដែរ លោកស្រី ​ត្អូញត្អែរស្តីពីថាតើ​ខ្សែ​វីដេអូដែល​ត្រូវបាន​ទស្សនាយ៉ាង​ទូលំទូលាយ មាន​អ្នក​អត្ថាធិប្បាយ​ជនជាតិ​អាមេរិកាំង ហើយតួអង្គ​សំខាន់ ​ដែល​ជា​អ្នក​ផលិតខ្សែ​ភាពយន្ត លោក ហ្សាសុន រ៉ូសស្សែល (Jason Russell) ដែល​ពណ៌នា​ខ្លួនឯង​ថាជា​អ្នក​ធ្វើយុទ្ធនាការ​តាម​ខ្សែវីដេអូ​ដើម្បីយុត្តិធម៌​នៅក្នុង​ទ្វីប អាហ្រ្វិក (Africa) យ៉ាងដូច​ម្តេច។

លោកស្រី​ ថ្លែង​ថា៖ «នេះ​ ជា​វីដេអូ​មួយ​ទៀត ដែល​ខ្ញុំ​ឃើញ អ្នក​មកពី​ខាង​ក្រៅ ព្យាយាម​ក្លាយជា​វីរបុរស​មួយរូប ដែល​បាន​ជួយ​សង្រ្គោះ​កុមារ​អាហ្រ្វិក។ យើង​បាន​ឃើញសាច់​រឿង​ទាំង​នេះ​ជាច្រើន​នៅ​ប្រទេស អេត្យូពី (Ethiopia)។ អ្នកល្បីល្បាញ​ ចេញ​មក​ពីប្រទេស សូម៉ាលី (Somalia)។ វា​មិនបាន​បញ្ចប់​បញ្ហា​ទេ។ ខ្ញុំ​គិតថា យើង​ត្រូវការ​យុទ្ធនាការ​ដ៏ឆ្លាតវៃនិងសមហេតុ​ផល ដែល​ត្រូវបាន​រៀបចំ​ឡើងសំដៅធ្វើ​ការផ្លាស់ប្តូរ​គោលនយោបាយពិតប្រាកដ ជាជាងសាច់រឿងពោរពេញ​ទៅ​ដោយ​រូបារម្មណ៍ ដែលគ្រាន់តែ​ព្យាយាមធ្វើ​ឱ្យ​មនុស្ស​ម្នាក់​យំ​សោក ហើយនៅទី​បញ្ចប់ យើង​បំភ្លេច​សាច់រឿង​នោះ​ចោល​វិញ។»

ចំ​ពេល​មានការរិះគន់​ដែល​កំពុង​កើនឡើង អ្នក​ផលិត​ខ្សែភាពយន្ត​ខ្លួនឯង​បាន​បង្កើត​វីដេអូ​ថ្មី​មួយ ដោយ​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ទស្សនា​ទាំងអស់ និង​ឆ្លើយតប​ទៅនឹង​ការ​ព្រួយបារម្ភមួយ​ចំនួន​ដែរ។

លោក រ៉ូសស្សែល ក៏បាន​ការពារ​វិធី​ ដែល​លោកផលិត​ខ្សែភាពយន្ត​នេះផងដែរ។ ខ្សែភាពយន្ត ​បង្ហាញ​អំពី​របៀប​ដែល​លោក​អប់រំ​កូនប្រុស​របស់​លោក ​អំពី​ថាតើកុមារ​ផ្សេងៗ​ទៀត ដូចជា​ទាហាន​កុមារ​ដែល​ដើរត្រាច់ចររបស់​កងទ័ព LRA និង​ជនរងគ្រោះ​របស់​ពួកគេ កំពុង​ត្រូវបាន​រំលោភ​បំពានយ៉ាងដូចម្តេច​ខ្លះ។

«យើង​គ្រាន់តែ​ចង់​អរគុណ​អ្នកទាំងអស់​គ្នា។ អរគុណ​ចំពោះ​ការ​ជឿជាក់លើ​រឿងរ៉ាវ ដែល​យើង​ដឹងថា​នឹង​ផ្លាស់ប្តូរ​ពិភពលោក។ វា​នឹង​ផ្លាស់ប្តូរ​ពិភពលោក។ ហើយ​យើងដឹង​ថា មាន​សំណួរ​ជាច្រើននៅត្រង់ចំណុច​នោះ។ យើង​បាន​ឃើញ​សំណួរ​ទាំងនោះ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត។ យើង​បាន​អាន​សំណួរ​ទាំងនោះ ហើយ​យើង​បាន​ផ្តល់ទំព័រថ្មី​មួយ​នៅលើ​គេហទំព័រ​របស់​យើង ដែលបាន​ឆ្លើយ​សំណួរ​ទាំងនោះ​ជាច្រើន។ ដូច្នេះ សូម​ចូលទៅ​កាន់គេហទំព័រ​នោះ ហើយ​អាន​ដោយ​ខ្លួនឯង សម្រាប់ចម្លើយ​យ៉ាង​ច្បាស់​លាស់​របស់​យើង ពីព្រោះ​នេះ​មិនមែន​ជា​ចលនា​របស់​យើង​ទេ។ វា​គឺជា​ឈ្មោះ​មួយតែ​ប៉ុណ្ណោះ។ វាជា​ក្រុម​កុមារអាថ៌​កំបាំង ប៉ុន្តែ​វាជា​ចលនា​របស់​អ្នក។ អ្នក​ចាប់ផ្តើម​ចលនានេះដោយប្រើប្រាស់ថវិការ​របស់​អ្នក ហើយ​យើង​នៅ​ទីនេះ​ដើម្បី​បម្រើ​អ្នក។»

ខ្សែភាពយន្តនេះ មានរូបភាព​ជាច្រើនស្តីពីសិស្សវិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើការ​តវ៉ា និង​បាន​ក្តាប់ដៃលើកឡើង​យ៉ាងស្រុះ​គ្នា។

គេហទំព័រ​នេះ​ ក៏មាន​បណ្តាញ​តភ្ជាប់​មួយចំនួន​សម្រាប់​ការបរិច្ចាគ ដែល​ការរួម​ចំណែក​ក្នុង​កម្រិត​តិច​តូច ​ត្រូវបាន​លើកទឹក​ចិត្ត។

គេហទំព័រនេះ ​ក៏មាន​លក់​អាវយឺត ខ្សែដៃ ក្រដាស់​បិទ ឡេវ​អាវ ផ្ទាំងរូបភាព ដែល​វត្ថុ​ទាំងអស់​នេះ អាច​រក​ទិញ​បាន​នៅក្នុង​អ្វី​ដែល​ត្រូវបាន​ហៅថា បណ្តាញ​សម្រាប់ទិញ​សម្ភារៈ។

ខ្សែភាពយន្ត​និង​គេហទំព័រ​ អំពាវនាវដល់ជនជាតិ​អាមេរិកាំង​ក្មេងៗ ឲ្យ​ធ្វើការ​បញ្ចុះបញ្ចូលក្រុមអ្នកច្បាប់​របស់​ពួកគេ ដូច្នេះ រដ្ឋាភិបាល​អាមេរិកាំង អាច​បន្ត​ជំរុញការប្រយុទ្ធ​ប្រឆាំង​កងទ័ព LRA។ យុទ្ធនាការ​នេះ ​ក៏បាន​សុំឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​នៅក្នុង​យុទ្ធនាការតាមប័ណ្ណ​ប្រកាស នៅថ្ងៃ​ទី២០​ខែមេសា ដោយ​បិទ​ផ្ទាំងទាំងនោះឱ្យបាន​ច្រើន​តាម​តែអាច​ធ្វើទៅបាន ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការចាប់ខ្លួន​លោក កូនី នៅ​ឆ្នាំនេះ។

កាលពី​ឆ្នាំមុន​ រដ្ឋបាល​របស់​លោក អូបាម៉ា បាន​បញ្ជូន​ទីប្រឹក្សាយោធា​ចំនួន​១០០​នាក់​ទៅកាន់​ទ្វីប​អាហ្រ្វិក​កណ្តាល (Central Africa) ដើម្បី​ជួយកងទ័ព អ៊ុយហ្គាន់ដា និង​កងកម្លាំង​សន្តិសុខអាហ្រ្វិកផ្សេង​ទៀត​ ដើម្បី​បោសសម្អាតកងទ័ព LRA។

ក្រុមនេះ​ដែល​ឥឡូវនេះ​មាន​សមាជិក​រាប់រយ​នាក់​តាម​ការ​ប៉ាន់ស្មាន​ បន្ត​វាយ​ប្រហារ ដែល​ភាគច្រើន​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ។

ក្រុម​អ្នក​ជំនាញ​ជឿជាក់​ថា ពួកមេដឹកនាំ​របស់​ក្រុមនេះ ដែល​រួម​ទាំង​លោក កូនី ផង​ប្រសិនបើ​លោក​នៅរស់​នៅឡើយ កំពុង​លាក់ខ្លួននៅ​តាម​តំបន់​ដាច់ស្រយាល​និង​ពិបាក​ក្នុងការ​ធ្វើ​ប្រតិបត្តិការនៅ​ក្នុងតំបន់របស់សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល។

ក្រុមនេះ ដែល​ពីមុន​មាន​មូលដ្ឋាន​នៅភាគ​ខាងជើង អ៊ុយហ្គាន់ដា បាន​ធ្វើការ​វាយប្រហារ​មកលើ​ជនស៊ីវិល ដែល​រួមទាំង​ការបំផ្លាញ​មុខមាត់​របស់​ពួកគេ និង​ការ​ចាប់ពង្រាត់​កុមារ​អស់​រយៈពេលជាង​ពីរទសវត្សរ៍។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ វា​ជា​គោលដៅ​ពេញនិយម​មួយ​របស់​ក្រុម​សកម្មជន​សហរដ្ឋ​អាមេរិក​និងក្រុមអ្នកតាក់​តែង​ច្បាប់ ដែល​ចាប់​អារម្មណ៍លើ​ទ្វីប​អាហ្រ្វិក។

នៅក្នុង​ឆ្នាំ​២០០៥ តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​ចេញ​ដីការ​ចាប់ខ្លួន​ ដើម្បី​ទុក​ឱ្យ​លោក កូនី ប្រឈមមុខ​នឹង​បទ​ចោទ​ប្រកាន់​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ ប៉ុន្តែ លោក​បាន​គេចចេញ​ពីការចាប់​ខ្លួន ដែល​រួមទាំង​ក្នុង​អំឡុង​ពេលនៃ​កិច្ច​ប្រឹងប្រែង​ផ្នែក​យោធា ដែលត្រូវបានជ្រោមជ្រែងដោយ​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅ។

លោក ម៉ាក ដ្រាមបល៍ (Mark Drumbl) សាស្រ្តាចារ្យ​ច្បាប់នៃ​សាកល​វិទ្យាល័យ វ៉ាស៊ីនតោន និង​សាកល​វិទ្យាល័យ​លី (Washington and Lee University) ក៏​ព្រួយបារម្ភ​ផងដែរ​អំពី​ទំហំ​នៃ​គោលដៅ​របស់​ខ្សែភាពយន្ត​ដែល​បាន​លើកឡើង​ ដែល​គោលដៅ​នោះ​ គឺ​ត្រូវធ្វើ​ការចាប់​ខ្លួន លោក កូនី។

លោក ដ្រាមបល៍ ជា​អ្នក​ជំនាញ​ផ្នែក​ទាហាន​កុមារ ដែល​បាន​សរសេរ​សៀវភៅ​មួយ ដែល​មាន​ចំណង​ជើង​ថា «ការពិចារណា​ឡើង​វិញអំពី​ទាហាន​កុមារ នៅ​ក្រោម​ច្បាប់​និង​គោល​នយោបាយអន្តរជាតិ»។

លោក ដ្រាមបល៍ មាន​ប្រសាសន៍​ថា៖ «ចុងបញ្ចប់នៃ​ខ្សែភាពយន្ត គឺ​ការចាប់ខ្លួន លោក ចូស្សែប កូនី។ ទោះ​ជាយ៉ាង​នេះក្តី ការចាប់ខ្លួន លោក ចូស្សែប កូនី និង​ការ​ឃុំ​ខ្លួនរូបលោក ដែល​យើង​អាច​និយាយ​បាន​ថា ការចោទ​ប្រកាន់រូប​លោក​និង​ការផ្តន្ទា​ទោស​ ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ មិនមែន​ជា​ឱសថ​ព្យាបាល​រោគ​គ្រប់​យ៉ាង​នោះទេ​។ វា​មិនចាំបាច់​បញ្ឈប់សកម្មភាព​របស់​កងទ័ព LRA ទេ។ ហើយ​ វា​ក៏​មិន​ចាំបាច់​ផ្តល់យុត្តិធម៌​ដល់ជនរងគ្រោះ​ជាច្រើនដែរ។ ច្បាប់ព្រហ្មទណ្ឌ​ ​គ្រាន់​តែ​ជា​ចំណែកតូច​មួយ​នៃការសន្ទនា​ស្តីពី​យុត្តិធម៌​ទាំងមូល។ ហើយ ​នៅទី​បញ្ចប់ យើង​មិនអាច​ជំនួសគោលការណ៍​យុត្តិធម៌​ដ៏​ឧត្តុង្គ​ឧត្តម​របស់​លោក​ខាងលិច សម្រាប់អ្វីដែលសហគមន៍មូលដ្ឋានជាច្រើន​ប្រហែល​ជា​ចង់បាន​បំផុតនោះ​ គឺសន្តិភាព ស្ថិរភាព ការផ្សះផ្សា និង​ការបោះ​ជំហានឆ្ពោះ​ទៅមុខ ហើយ​ខ្ញុំ​គិតថា យើង​ត្រូវតែប្រុងប្រយ័ត្ន​បំផុត។»

ការរិះគន់​ជាទូទៅ​ផ្សេងៗ​ទៀតទៅលើខ្សែភាពយន្ត​នេះ គឺថា​ការផ្តោត​អារម្មណ៍​លើ​ការចាប់​ខ្លួន លោក កូនី ប្រហែលជា​ធ្វើឱ្យ​ស្ថានភាពមានលក្ខណៈយោធា​កាន់​តែខ្លាំង​ឡើងថែម​ទៀត ​ដោយ​មានជំនួយ​បន្ថែមដល់កងកម្លាំង​សន្តិសុខ ដែល​ត្រូវបាន​ស្គាល់ចំពោះ​ការប្រព្រឹត្ត​អំពើ​រំលោភ​បំពាន ខណៈ​ដែល​ការ​ផ្តោត​អារម្មណ៍​ងាក​ចេញ​ពីអាទិភាពផ្សេងៗ មាន​ដូចជា​ការជំរុញ​ឱ្យមាន​ការអភិវឌ្ឍន៍​និង​អភិបាលកិច្ច​ដ៏​ប្រសើរ​ជាង​មុន​ នៅ​តាមតំបន់​រងផលប៉ះពាល់​ដែល​ត្រូវបាន​បំភ្លេច​ចោល៕

ប្រែសម្រួល​ដោយ​ ឌី ខាំបូលី