ក្រុមមន្ត្រីដឹកនាំខេត្តកោះកុងបានសន្យានឹងពលរដ្ឋដែលមានវិវាទដីធ្លីនានាជាមួយក្រុមហ៊ុនចិន Union Development Group (UDG)និងតំបន់សេដ្ឋកិច្ចពិសេសគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាគឺលោក លី យ៉ុងផាត់ ថា ខ្លួននឹងដោះស្រាយទំនាស់ទាំងនោះឲ្យបានមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៨នេះ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី។
កាលពីឆ្នាំ២០០៨ក្រុមហ៊ុន Union Development Group នេះបានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន ៤៥.១០០ ហិកតាពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារ។ រីឯលោក លី យ៉ុងផាត់បានទទួលដីសម្បទានសេដ្ឋកិច្ចប្រមាណ៩.៩៧៧ ហិកតាពីរដ្ឋាភិបាលនៅឆ្នាំ ២០១០ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) នៅខេត្តកោះកុង។
លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់VOA នៅថ្ងៃសុក្រនេះថា មានប្រជាពលរដ្ឋចំនួន៨០គ្រួសារ បានទៅប្រជុំនៅសាលាខេត្តកោះកុងកាលពីថ្ងៃព្រហស្បតិ៍ តាមការអញ្ជើញរបស់អ្នកស្រី មិថុនា ភូថងអភិបាលខេត្តកោះកុង។
លោក ហួរ អ៊ីនលើកឡើងថា អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋថា ក្រុមការងារខេត្តនឹងផ្តើមការស្រាវជ្រាវនៅទីតាំងមានទំនាស់មួយចំនួនក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីធ្វើរបាយការណ៍បញ្ជូនទៅក្រសួងបរិស្ថាន សម្រាប់ការពិចារណា និងផ្តល់ដំណោះស្រាយ។ លោកបានបន្តថា ការណ៍នេះ ជារឿងកម្រមួយដែលបានកើតឡើងនៅខេត្តកោះកុង គ្រាដែលអាជ្ញាធរបានបង្ហាញចេតនាចង់បញ្ចប់ទុក្ខលំបាករបស់ពលរដ្ឋបង្កឡើងដោយទំនាស់ដីធ្លីរ៉ាំរ៉ៃទាំងនោះ។
«គាត់បានសន្យាថា នឹងដោះស្រាយឲ្យបានរួចមុនពេលបោះឆ្នោត។ អីចឹងម្សិលមិញហ្នឹង ប្រជាពលរដ្ឋក៏គាត់មានការរីករាយដែរ ដែលគាត់បានសំណូមពររបស់គាត់ហ្នឹង ដែលពីមុនហ្នឹងមិនត្រូវបានអើពើ តែពេលនេះត្រូវបានខាងអាជ្ញាធរខេត្ត នឹងធ្វើសំណើរបញ្ជូនទៅខាងក្រសួងបរិស្ថាន ដើម្បីស្វែងរកដំណោះស្រាយរបស់ពួកគាត់ ចំពោះលទ្ធផលបែបណាទៀតនោះ យើងហ្នឹងចាំតាមដានមើលទាំងអស់គ្នា»។
VOA ព្យាយាមសុំការអធិប្បាយពីអ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង តែទូរសព្ទអ្នកស្រីរោទិ៍គ្មានអ្នកទទួល។
គម្រោងរបស់ក្រុមហ៊ុន UDG ដើម្បីអភិវឌ្ឍទីក្រុងទេសចរណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១.០០០គ្រួសារ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាយូរមកហើយ។ ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់ទទួលបានដំណោះស្រាយសមស្របសម្រាប់ដីដែលពួកគាត់កាន់កាប់ បន្ទាប់ពីពួកគាត់បានយល់ព្រមថា នឹងចាកចេញពីភូមិដ្ឋានចាស់ ទៅតាំងលំនៅដ្ឋាននៅភូមិដ្ឋានថ្មី។
ចំណែកទំនាស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់លោក លី យ៉ុងផាត់ បានឈានដល់ដំណាក់កាលដែលតំណាងអ្នកតវ៉ាមួយចំនួនត្រូវបានចាប់ខ្លួន។ តួយ៉ាងលោកហេង សុខ តំណាងពលរដ្ឋប្រមាណ៥០នាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនកាលពីខែកុម្ភៈ តាមចោទប្រកាន់របស់តុលាការសាលាដំបូងខេត្តកោះកុង ពីបទ«ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។
អ្នកស្រី ស៊ាង ពុយ ប្រជាពលរដ្ឋមកពីឃុំកោះស្តេច ក្នុងស្រុកគិរីសាគរ ដែលបានចូលរួមប្រជុំជាមួយ អភិបាលខេត្តកោះកុងថ្លែងថា អ្នកស្រីអភិបាលខេត្តបានប្រាប់ពលរដ្ឋថា ក្រុមការងារខេត្តនឹងធ្វើការជាមួយខាងក្រសួងបរិស្ថាន ដើម្បីសិក្សាលើសំណូមពរនានារបស់ពលរដ្ឋដែលជាប់គាំងក្នុងវិវាទ។
«គាត់ប្រាប់ថា គាត់ឲ្យរង់ចាំជូនដំណឹង ប្រហែលជា១០ថ្ងៃទៀត គាត់នឹងយកសំណូមពររបស់ប្រជាពលរដ្ឋហ្នឹង ទៅឲ្យខាងក្រសួងបរិស្ថានជាប្រធានអន្តរក្រសួងហ្នឹង តើសំណូមពរប្រជាពលរដ្ឋហ្នឹង ចង់កាត់ឆ្វៀលដី? ចង់ឲ្យមានការជំរុញការដោះស្រាយឲ្យលឿន ឲ្យឆាប់ចឹងណ៎ា! គាត់ហ្នឹងអនុប្រធានចឹង គាត់មិនអាចអារកាត់រឿងហ្នឹងបានចឹងណ៎ា! គាត់យកសំណូមពរហ្នឹង ទៅជូនអ្នកប្រធានគាត់ ហើយប្រហែលជា១០ថ្ងៃទៀត គាត់ឲ្យដំណឹង»។
លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ថ្លែងបន្ថែម អាជ្ញាធរខេត្ត និងរដ្ឋាភិបាលត្រូវតែបន្តដោះស្រាយបញ្ចប់ទំនាស់នេះ ប្រសិនបើផុតការបោះឆ្នោតទៅហើយនោះ ហើយទំនាស់នៅតែមិនទាន់អាចត្រូវបានដោះស្រាយរួចនោះ។
«ដំណោះស្រាយ វាអាស្រ័យទៅលើក្រសួងបរិស្ថាន ដែលជាសេនាធិការឲ្យរដ្ឋាភិបាល ត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋរងប៉ះពាល់ ដោយសាររដ្ឋាភិបាលផ្តល់ដីឲ្យក្រុមហ៊ុនសម្បទាន អីចឹងមិនអាចទុកពួកគាត់ចោលទេ កុំគិតថាពេលបោះឆ្នោត ឬមិនបោះឆ្នោត ត្រូវតែដោះឲ្យចប់»។
លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនរបស់លោកមិនមានជាប់ពាក់ព័ន្ធនឹងទំនាស់ណាមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងទៀតនោះទេ។ ទាក់ទិនករណីប្តឹងផ្តល់លោកហេង សុខនោះ លោកសមាជិកព្រឹទ្ធសភាបញ្ជាក់ថា លោកហេង សុខ បានរំលោភមកលើដីក្រុមហ៊ុន ដោយលោកហេង សុខមិនមានឯកសារណាមកបញ្ជាក់ថាខ្លួនមានកាន់កាប់ដីនោះឡើយ។ លោកបានបន្តថា ក្រុមហ៊ុនលោកក៏បានធ្វើការឆ្វៀលដីជូនប្រជាពលរដ្ឋក្នុងជម្លោះមួយចំនួន ដែលពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនលោករួចហើយផងដែរ។
«អីចេះ ឥឡូវគេមានសម្រេចចប់អស់ហើយណ៎ា! ទូទាត់អស់ហើយ ចង់បានកន្លែងណា ឆ្វៀលកន្លែងណា គេឆ្វៀលអស់ហើយតើ លោកមុនហ្នឹង ៣០០ហិកតា ណា៎! ៥០០ជាងហិកតា ឆ្វៀលអស់ហើយតើ អស់៨០០ជាងហិកតា មានដីក្រុមហ៊ុននៅសល់ ដីប៉ុន្មានមួយម៉ឺន គិតមើល»។
ក្នុងកិច្ចខិតខំបញ្ចប់ទំនាស់ដីធ្លីក្នុងខេត្តកោះកុងនេះដែរ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ បានសន្យាបញ្ចប់ទំនាស់ដីធ្លីរវាងពលរដ្ឋជាង៣០០គ្រួសារ ជាមួយនឹងក្រុមហ៊ុនស្ករអំពៅចំនួនពីរ ដែលដើមឡើយត្រូវក្រុមមន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋអះអាងថា ស្ថិតក្រោមការកាន់កាប់របស់លោកលី យ៉ុងផាត់។ ការសន្យារបស់លោក ជា សុផារ៉ា បានធ្វើឡើង ក្រោយក្រុមប្រជាពលរដ្ឋទាំងនោះ ឡើងមកតវ៉ានៅរាជធានីភ្នំពេញជាច្រើនលើកច្រើនសារ ហើយថែមទាំងមានការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរក្រុងទៀតផង។
លោក លី យ៉ុងផាត់ ដែលមានងារជា ឧកញ៉ាបានបញ្ជាក់ថា ក្នុងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅទាំងពីរនោះ ក្រុមហ៊ុនលោកមិនមានជាប់ពាក់ព័ន្ធអ្វីនោះឡើយ ហើយថា ក្រុមហ៊ុនលោកក៏គ្មានកាន់កាប់ចំណែកភាគហ៊ុនណាមួយក្នុងចម្ការអំពៅរបស់ក្រុមហ៊ុនទាំងពីរនោះផងដែរ៕