ក្រោយការតវ៉ាមិនឈប់ឈរអស់រយៈពេលជាងមួយទសវត្សរ៍មកនោះ ប្រជាពលរដ្ឋប្រមាណ៥៨៥គ្រួសារ បានទទួលការឆ្លើយតបមកវិញពីអាជ្ញាធរ នូវការចាប់ឆ្នោតយកដីឡូត៍ និងថិវកា ទៅតាមស្ថានភាពនៃជម្លោះដីធ្លីដែលពួកគេមានជាមួយក្រុមហ៊ុនស្ករអំពៅនៅខេត្តកោះកុង។ ក៏ប៉ុន្តែមានក្រុមពលរដ្ឋចំនួន១៧៥គ្រួសារផ្សេងទៀត នៅបន្តតវ៉ាទាមទារប្តូរដី ដែលមិនអាស្រ័យផលខាងកសិកម្ម ហើយនិងពលរដ្ឋជាច្រើនគ្រួសារទៀត ដែលមានជម្លោះជាមួយក្រុមហ៊ុនចិន Union Development Group ក៏មិនទាន់ទទួលបានការដោះស្រាយពីអាជ្ញាធរ និងក្រុមហ៊ុនចិននេះដែរ។
អាជ្ញាធរក្នុងខេត្តកោះកុងដែលស្ថិតនៅជាប់ប្រទេសថៃ បានប្រកាសដល់ពលរដ្ឋដែលជាប់គាំងក្នុងវិវាទដីធ្លីជាយូរឆ្នាំជាមួយក្រុមហ៊ុនស្ករអំពៅ ឲ្យទៅចាប់ឆ្នោតយកដីឡូត៍ និងទទួលយកថិវកាដែលជាសំណងបន្ថែមនៅវត្តអារាមមួយនាថ្ងៃសៅរ៍ស្អែកនេះ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកោះកុង ដែល VOA បានទទួល។
លិខិតរដ្ឋបាលខេត្តកោះកុងចុះថ្ងៃទី២៨ ខែមិថុនានេះ បានសរសេរក្នុងន័យដើមថា៖
«រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co., Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd ស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង ជ្រាបថា ក្រុមការងារថ្នាក់ក្រសួង និងថ្នាក់ខេត្តនឹងរៀបចំពិធីចាប់ឆ្នោតយកដីឡូត៍ និងប្រគល់ថវិកាជូនដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធខាងលើនៅវេលាម៉ោង៖ ៨ នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅវត្តជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង»។
យោងតាមលិខិតដដែលនោះ រដ្ឋបាលខេត្តនឹងរៀបចំជួបពលរដ្ឋដាច់ឡែកពីរក្រុម ដោយបងប្អូនពលរដ្ឋក្រុម ១៧០គ្រួសារ ដែលបានយល់ព្រមរួចហើយនោះ សូមអញ្ជើញមកចាប់ឆ្នោតយកដីឡូត៍ និងទទួលថវិកា និងបងប្អូនប្រជាពលរដ្ឋក្រុម៣១៧គ្រួសារ និងក្រុម៩៨គ្រួសារ សូមអញ្ជើញមកចាប់ឆ្នោតយកដីឡូត៍ និងទទួលថវិកា តាមការស្ម័គ្រចិត្ត។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង កើតមានឡើង បន្ទាប់ពីប្រជាពលរដ្ឋដែលជាប់ផុងក្នុងទំនាស់ បានបើកការតវ៉ាជាច្រើនលើកច្រើនសារនៅរាជធានីភ្នំពេញ។ ពួកគេថែមទាំងបានធ្វើដំណើរដោយការថ្មើជើងមករាជធានី នៅពេលមានការរារាំងពីអាជ្ញាធរមូលដ្នាន។ហើយនៅពេលមកដល់រាជធានី ក៏ត្រូវប្រឈមនឹងការប៉ះទង្កិចជាមួយអាជ្ញារធរផងដែរ។
មុនពេលប្រកាសឲ្យពលរដ្ឋមកទទួលដំណោះស្រាយជាដីឡូត៍ និងថវិកាដដែលនេះ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចេញសេចក្តីដំណឹងជូនដំណឹងដាច់ដោយឡែកមួយទៀតប្រាប់ពលរដ្ឋថា ក្រុមការងារនឹងចុះផ្ទាល់ដល់ទីតាំងដី ដើម្បីវាស់វែង និងបែងចែកឡូត៍ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨។
អ្នកស្រី មិថុនា ភូថង បានស្នើដល់ពលរដ្ឋពាក់ព័ន្ធឲ្យសហការជាមួយក្រុមការងារ ហើយបានព្រមានថា ក្នុងករណីមិនចូលរួមសហការ និងក្រុមការងារនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ។ ការព្រមាននេះ ក៏បានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋក្រុម៣១៧គ្រួសារ បានដើរមកកាន់រាជធានីជាថ្មីក្នុងសប្តាហ៍នេះ និងបានស្នាក់នៅវត្តសាមគ្គីរង្សីចំនួនបីយប់មកហើយ ដើម្បីធ្វើការតវ៉ាសុំកិច្ចអន្តរាគមន៍ នៅមុខក្រសួងរៀបចំដែនដី។
លោក ឱម ផុន វ័យ៦៥ឆ្នាំ ពលរដ្ឋមកពីឃុំជីខលើ ស្រុកស្រែអំបិល ដែលតំណាងឲ្យពលរដ្ឋ៣១៧គ្រួសារ មានប្រសាសន៍ថា នៅព្រឹកថ្ងៃសុក្រនេះ លោក អន ភារៈ អភិបាលរងខេត្តកោះកុង និងអ្នកស្រីមុថិនា ភូថង បានចូលមកជួបប្រជាពលរដ្ឋនៅក្នុងវត្តសាមគ្គីរង្ស៊ី ដើម្បីចរចាជាមួយពលរដ្ឋរឿងសំណងជាថវិកាចំនួន៣០០០ដុល្លារនិងផ្ទៃដីផ្សេងទៀត។
ក្រោយការចរចានោះ លោកប្រាប់VOAបន្តថា ប្រជាពលរដ្ឋប្រមាណ៣០នាក់ បានធ្វើដំណើរចាកចេញពីក្រុងភ្នំពេញ ទៅមើលដីដែលអាជ្ញាធរខេត្តកោះកុង បានរៀបចំទុកជូនប្រជាពលរដ្ឋ។ យ៉ាងណាក្តី លោកមិនទាន់ប្រាកដថា ទីតាំងដីដែលអាជ្ញាធរគ្រោងផ្តល់ជូនពលរដ្ឋនោះ អាចទទួលយកបានឬក៏អត់នោះទេ ហើយថា តំណាងពលរដ្ឋទាំងនោះនឹងវិលមកកាន់រាជធានីវិញ ក្នុងករណីពួកគេមិនពេញចិត្តដីឡូតិ៍ដែលអាជ្ញាធរត្រៀមផ្តល់ជូននោះ។
«បើអត់ពេញចិត្តហ្នឹង យើងក៏អត់ទទួលយកបាន ក៏បងប្អូនយើងវា៣០គ្រួសារហ្នឹង ឡើងទៅ នៅវត្តសាមគ្គីរង្សី ទៅជួបពលរដ្ឋយើងនៅហ្នឹងវិញ វិញហើយ»។
លោក ឱម ផុន បញ្ជាក់ថា មកដល់ពេលនេះ មានពលរដ្ឋប្រមាណ២០០គ្រួសារក្នុងចំណោម៣១៧គ្រួសារនេះ កំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ដើម្បីរង់ចាំទទួលលទ្ធផលនៃការទៅពិនិត្យទីតាំងដីរបស់តំណាង៣០នាក់នោះ។
ដោយឡែកក្រុមពលរដ្ឋ១៧៥គ្រួសារដឹកនាំដោយអ្នកស្រី ផាវ ញើង ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ផ្នែកខ្លះនៃដីឡូត៍ដែលរដ្ឋគ្រោងបែងចែកឲ្យនោះ ជាដីលេចទឹក និងនៅក្នុងព្រៃហើយមានទាំងថ្មធំៗដែលមិនអាចឲ្យពលរដ្ឋធ្វើស្រែ និងចម្ការបានទេ។
អ្នកស្រី ផាវ ញើង កំពុងទាមទារឲ្យ ដោះដូរក្បាលដីដែលពលរដ្ឋក្នុងក្រុមអ្នកស្រីមិនពេញចិត្ត ឬអាជ្ញាធរត្រូវធ្វើការឈូសឆាយសម្អាតដី ដែលអាចឲ្យពលរដ្ឋរស់នៅ និងបង្កបង្កើនផលដំណាំបាន។
តំណាងពលរដ្ឋរូបនេះ និយាយបន្តថា កាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញនេះ លោក សយ សុភាព ប្រធានអង្គភាពព័ត៌មានដើមអម្ពិល បានចុះមកសម្របសម្រួល ឲ្យពលរដ្ឋទទួលយកដី។ អ្នកស្រីចោទថា លោកសយ សុភាព មិនបានមកសម្របសម្រួលទេ ហើយបានថតយករូបភាពតែផ្នែកល្អនៃដីដែលប្រើការបានប៉ុណ្ណោះ ហើយដែលលោកប្រដូចថាជា «ដីមាស ដីពេជ្រ»។
«បើសិនជាគាត់អ្នកសម្រុះសម្រួលអាជ្ញាកណ្តាលពិត សុំឲ្យគាត់អញ្ជើញទៅមើលដុំថ្ម ដីព្រៃហ្នឹង មែនឲ្យទៅឈរមើល អីទៅទស្សនាខ្សែរវីដេអូ សាច់រឿងល្អ នៅតាមផ្លូវហើយ ថតល្អៗហើយ ស្រែកឲ្យប្រជាពលរដ្ឋថា ដីមាស ដីពេជ្រហើយនៅអត់យកទៀត ក្រុមបងញើងថាចឹង»។
អ្នកស្រីអះអាងថា លោក សយ សុភាព មានភាពលម្អៀងខាងនយោបាយ នៅពេលចុះមកជួបពលរដ្ឋ ដើម្បីធ្វើការសម្របសម្រួលរឿងជម្លោះដីដដែលនះ។
«គ្រាន់តែនិយាយចេញមក ពួកខ្ញុំដឹងថាធ្វើនយោបាយបាត់ហើយ ហើយពួកខ្ញុំទៅតវ៉ាមុនបោះឆ្នោតអី ធ្លាក់សន្លឹកឆ្នោត ឬមួយអី ខ្ញុំអត់ខ្វល់រឿងនយោបាយទេ ពួកខ្ញុំខ្វល់អារឿងឆ្នាំងបាយ ម្នាក់ៗទុកលុយចាក់សាំង ដើរឲ្យជូនក្រុមការងារ ដើរចុចផ្ទៃដី ៦៧៧ហិកតា»។
លោក សយ សុភាព ត្រូវគេស្គាល់ថា ជាអ្នកធ្លាប់ដើរតួជាអ្នកសម្របសម្រួលខាងនយោបាយ និងបញ្ហាសង្គមផ្សេងទៀតផងដែរ។ VOA មិនទាន់អាចសុំការអធិប្បាយពីលោក សយ សុភាពបានទេនៅថ្ងៃសុក្រនេះ។
លោក អន ភារៈ អភិបាលរងខេត្តកោះកុង មានប្រសាសន៍ការពារលោកសយ សុភាពដែលត្រូវរងការចោទពីអ្នកស្រី ផាវ ញើងថា បានធ្វើនយោបាយក្នុងការសម្របសម្រួលជាមួយពលរដ្ឋ ហើយថា ដីដែលអាជ្ញាធរត្រៀមទុកឲ្យនោះ ជាដីមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ត្រឹមត្រូវទៀតផង។
«យើងទាមទារចង់បានដីធ្លី បានលុយ លុយបានហើយ ហើយដី យើងថាដីស្អីបង្កបង្កើនផលមិនកើតម៉េច ទឹកភ្លើងដីអីម៉េច ហើយគេ ក៏ព័ត៌មានគេទៅមើលជាក់ស្តែងដី មានផ្លូវមានបង្គោលខ្សែរភ្លើងអីទៅដល់ហ្នុងអស់ហើយ។ មិនមែនដីព្រៃសុទ្ធណា គ្រាន់ថា ដីវាផ្ទាំង ៥០០ជាងហិកតា វាធម្មតា ប៉ះព្រៃបន្តិចបន្តួចអី វាចេះតែមានហើយ»។
លោកថា ការសាងសង់ផ្លូវបន្ថែម នឹងធ្វើបន្ត ដើម្បីសម្រួលដល់ពលរដ្ឋក្នុងការរស់នៅ និងធ្វើកសិកម្ម។
«លោកជំទាវអភិបាលខត្តក៏បានប្រាប់ថា នឹងជួយធ្វើផ្លូវបន្ថែមទៀត អាផ្លូវរង ផ្លូវ ចូលៗទៅហ្នឹង អាកន្លែងណាដែលអត់ទាន់មានផ្លូវយើងក្នុងផែនទី មានផ្លូវ និងជួយធ្វើផ្លូវ ហែកផ្លូវឲ្យបន្ថែម ហើយនិងជួយ ឈូសឆាយព្រៃហ្នឹងឲ្យខ្លះទៀត ដើម្បីធ្វើម៉េចឲ្យបងប្អូនយើង បង្កបង្កើនផលបាន»។
មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោកហួរ អ៊ីន ជឿថា បញ្ហាទំនាស់ដីធ្លីនេះរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅនឹង បញ្ចប់បានឆាប់ៗនេះ ព្រោះថា ឥឡូវអាជ្ញាធរមានដីសម្រាប់ចែកជូនពលរដ្ឋ។ ប៉ុន្តែ បញ្ហាដីដែលមិនអំណោយផលដល់ការរស់នៅ ឬការធ្វើស្រែចម្ការមិនបាននោះ អាចនឹងធ្វើឲ្យដំណើរដោះស្រាយបញ្ចប់វិវាទនេះ អូសបន្លាយពេលទៀត។
«ដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋទទួលយកបាន ហើយរឿងហ្នឹងវាហ្នឹង វាហ្នឹង ឆាប់ចប់នាពេលខាងមុខនេះ គឺខាងក្រសួង ក៏ដូចជាអាជ្ញាធរ អាជ្ញាធរដែនដី ត្រូវសម្លឹងរកទីតាំងណា ហើយគឺគាត់ អាចដាំដំណាំបាន ហើយធ្វើផ្លូវ ដើម្បីបង្កលក្ខណៈ ឲ្យគាត់ងាយស្រួល អាចធ្វើដំណើរ ដំណើរបានទៅ ខ្ញុំគិតថា ដំណោះហ្នឹង វានឹងបានចប់ ហើយប្រជាពលរដ្ឋពិត ពិតជាព្រមទទួលយកហើយ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ឲ្យដឹងដែរថា នៅព្រឹកថ្ងៃសុក្រនេះ លោក សយ សុភាព និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត បានធ្វើដំណើរទៅកាន់ទីតាំងជម្លោះរបស់ពលរដ្ឋ និងក្រុមហ៊ុនចិន Union Development Group តែលោកថា ពលរដ្ឋបានរាយការណ៍មកថា មិនមានការស្រុះស្រួលណាមួយបានធ្វើឡើងនោះទេ។ លោកថា ទីតាំងជម្លោះដែលកំពុងកើនកម្តៅខ្លាំងនោះ គឺស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ និងឃុំតានូន ស្រុកបូទុមសាគរខេត្តកោះកុង។
ទំនាស់ដីធ្លីរវាងពលរដ្ឋជាច្រើនរយគ្រួសារ ជាមួយក្រុមហ៊ុនស្ករអំពៅចំនួនពីរនេះ ត្រូវគេដឹងថាដើមឡើយផ្តើមចេញពីជំនួញរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលត្រូវគេដឹងថាជាឧកញ៉ាមានឥទ្ធិពលម្នាក់ក្នុងខេត្តកោះកុង។ តែសេដ្ឋីរូបនេះ ធ្លាប់បានប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា លោកមិនមានទំនាក់ទំនងអ្វីទៀតទេ ជាមួយក្រុមហ៊ុនស្ករអំពៅទាំងពីរនេះ ដែលបានបង្កឲ្យមានទំនាស់ដីធ្លីនេះអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ។
ក្នុងបញ្ហាវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន Union Development Groupនោះ មានប្រជាពលរដ្ឋជាង១.០០០គ្រួសារ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាយូរមកហើយ តាំងពីក្រុមហ៊ុននេះចូលមកបោះទុនវិនិយោគទីក្រុងទេសចរណ៍ធំមួយតម្លៃ៣,៨ពាន់លានដុល្លារនៅឆ្នាំ២០០៨។ រហូតមកដល់ពេលនេះ នៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត មិនទាន់ទទួលបានដំណោះស្រាយទេ ខណៈដែលគម្រោងវិនិយោគនោះ ត្រូវគេរាយការណ៍មកថាបានចាប់ផ្តើមចេញជារូបរាងដោយសន្សឹមៗ៕