ប្រទេសហ្ស៊ីមបាវេ (Zimbabwe) ធ្លាប់ជាប្រទេសផលិតអាហារធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិកខាងត្បូង។ ប៉ុន្តែ សព្វថ្ងៃនេះ វាជាប្រទេសមានវិបត្តិសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋត្រូវពឹងផ្អែកលើការឧបត្ថម្ភស្បៀងអាហារទៅវិញ។
អស់រយៈពេលជាង១០ឆ្នាំបន្តបន្ទាប់គ្នា ចាប់តាំងពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី រ៉ូប៊ឺត មូហ្គាប៊ី(Robert Mugabe)អនុវត្តកម្មវិធីកំណែទម្រង់ដីធ្លី ដែលផ្តោតសំខាន់ទៅលើកសិករស្បែកស ហ្ស៊ីមបាវេ ត្រូវនាំចូលស្បៀងអាហារដើម្បីបញ្ចៀសគ្រោះអត់ឃ្លាន ខណៈពេលដែលកសិករថ្មីរបស់ប្រទេសនេះ មិនអាចផលិតអង្ករឲ្យបានគ្រប់គ្រាន់។
កាលពីថ្ងៃអង្គារ លោក ថេនដាយ ប៊ីទី (TendaiBiti) រដ្ឋមន្ត្រីហិរញ្ញវត្ថុ មានប្រសាសន៍ថា រតនគារជាតិ បានបញ្ចេញទឹកប្រាក់ចំនួន២០លានដុល្លារ ទៅដល់ប្រជាជន ដើម្បីទិញវត្ថុធាតុដើម មានដូចជា គ្រាប់ពូជ ជីនិងសម្ភារៈកសិកម្មដទៃទៀត។ នៅក្នុងសន្និសីទសារព័ត៌មានដដែលនេះដែរ លោក ចូសិប មែដ (Joseph Made) រដ្ឋមន្រ្តីកសិកម្ម បានថ្លែងថា ១ភាគ៣នៃដំណាំដែលបានដាំដុះរបស់ប្រទេសនេះ ក្នុងរដូវធ្វើកសិកម្មឆ្នាំ២០១២ ត្រូវបានបំផ្លាញ ដោយសារតែកសិករគ្មានប្រព័ន្ធធារាសាស្រ្ត និងក្រីក្រខ្លាំងពេករហូតដល់គ្មានលទ្ធភាពទិញវត្ថុធាតុដើមឲ្យបានទាន់ពេលវេលា។
«វាជាការច្បាស់ណាស់ថា ប្រសិនបើអ្នកនាំយកវត្ថុធាតុដើមយឺតយ៉ាវ នៅក្នុងរដូវធ្វើកសិកម្ម អ្នកពិតជាមិនអាចទាញយកគុណប្រយោជន៍បានទេ។ ការដាំដុះ គឺពឹងផ្អែកលើពេលវេលា។ រដូវធ្វើកសិកម្ម មិនអាចរង់ចាំបានទេ។ ខ្ញុំសង្ឃឹមលើអ្វីដែលយើងអនុវត្ត គឺការកែតម្រូវស្ថានភាព។ ដូច្នេះ ការផ្គត់ផ្គង់វត្ថុធាតុដើម នឹងមិនត្រូវពន្យាពេលទៀតទេ។ ចំណុចទី២ គឺថានៅពេលយើងនិយាយអំពីវិស័យកសិកម្ម កសិករតែងតែទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលនេះ គ្មាននរណាអាចគ្រប់គ្រងបានឡើយ។ មធ្យោបាយដ៏ប្រសើរបំផុត គឺត្រូវជួយកសិករ តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត។»
ហ្ស៊ីមបាវេ ធ្លាប់មានស្បៀងអាហារយ៉ាងច្រើន រហូតដល់ឆ្នាំ២០០០។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក ស្ថានភាព មានភាពខុសប្លែកទំាងស្រុង ដោយសាររដ្ឋាភិបាលរបស់លោកប្រធានាធិបតី មូហ្គាបេ អនុវត្តកម្មវិធីកំណែទម្រង់ដីធ្លី។ កសិករស្បែកសដែលធ្វើជំនួញអង្ករស្ទើរតែទាំងអស់ ត្រូវបានជំនួសដោយកសិករដែលគ្មានបទពិសោធន៍ ពោលគឺក្រុមអ្នកគំាទ្រគណបក្សរណសិរ្សអ្នកសេ្នហាជាតិនៃសហភាពប្រជាជាតិអាហ្រ្វិកហ្ស៊ីមបាវេ ឬហៅកាត់ថាZANU-PF របស់លោក មូហ្គាបេ។ ហើយ នេះជាក្រុមកសិករ ដែល លោក មែដ ត្រូវជួយកសាងប្រព័ន្ធធារាសាស្រ្តដើម្បីស្រោចស្រប់ដំណាំរបស់ពួកគេ។
កសិករដាំស្រូវដែលត្រូវបានបណ្តេញចេញ ធ្លាប់មានប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែកសិករថ្មីទាំងនេះ បានបំផ្លាញប្រព័ន្ធធារាសាស្ត្រទាំងនោះស្ទើរគ្មានសល់ នៅពេលពួកគេដណ្តើមកាន់កាប់ដីកសិកម្មដោយប្រើកម្លាំង។ នេះគឺលោក ប៊ីធី រដ្ឋមន្ត្រីហរិញ្ញវត្ថុ ដែលធ្វើអត្ថាធិប្បាយស្តីពីការអំពាវនាវឲ្យបន្តជួយប្រជាកសិករថែមទៀត។
«មានវិធានការឆ្ពោះទៅរកដំណោះស្រាយដែលទាក់ទងនឹងទីផ្សាសម្រាប់វិស័យកសិកម្ម ដោយមាននៅក្នុងចិត្តរបស់យើងនូវភាពអសមត្ថភាពក្នុងនាមជាប្រទេសមួយ ដើម្បីថែរក្សាប្រជាពលរដ្ឋរបស់យើងយ៉ាងពេញលេញ។ នេះជាវិធានការមួយដែលយើងកំពុងអនុវត្ត ដែលឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីដែលយើងកំពុងដំណើរការជារៀងរាល់ថ្ងៃ។»
មានការរង់ចាំមើលថាតើកសិករគ្មានការបណ្តុះបណ្តាលទាំងនេះមានលទ្ធភាពរស់ដោយខ្លួនឯងដោយមិនចាំបាច់មានជំនួយពីរដ្ឋាភិបាល ដូចធ្លាប់កើតមានចាប់តាំងពីកំណែទម្រង់ដីធ្លីបានចាប់ផ្តើម។
ក្រុមអ្នករិះគន់បាននិយាយថា រដ្ឋាភិបាលហ្ស៊ីមបាវេ គួរតែបានបណ្តុះបណ្តាលកសិករ មុនពេលចែកដីធ្លីទៅឲ្យពួកគេ។ កាលពីថ្ងៃអង្គារ នៅពេលស្នើសុំឲ្យលាតត្រដាងស្តីពីថាតើកសិករបំពេញការងារយ៉ាងដូចម្តេច និងថាតើប្រទេសហ្ស៊ីមបាវេ ត្រូវតែនាំចួលស្បៀងអាហារនៅឆ្នាំ២០១២ដែរឬទេ លោក មែដ រដ្ឋមន្រ្តីកសិកម្ម បានថ្លែងថា តួលេខពិតប្រាកដ មិនទាន់អាចរកបាននៅឡើយទេ ប៉ុន្តែផលិតកម្ម នឹងមិនដូចអ្វីដែលយើងត្រូវបានរំពឹងទុកនោះទេ។
«ខ្ញុំដឹងថា អ្នកប្រហែលជាកំពុងស្វែងរកតួលេខពិតប្រាកដ។ អ្នកត្រូវរង់ចាំបន្តិចសិន។ តួលេខទាំងនោះ ត្រូវបានសង្ខេបដើម្បីផ្ញើជូនទៅគណៈរដ្ឋមន្រ្តីជាមុនសិន។ ប៉ុន្តែ ក្នុងចំណោមផ្ទៃដីចំនួន១.៧លានហិកតាដែលត្រូវបានដំាដុះ ផ្ទៃដីចំនួនប្រាំសែនហិកតា នឹងត្រូវបានខូចខាត»។
ជំនួយថវិកាចំនួន២០លានដុល្លារសម្រាប់កសិករ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ សំដៅបង្កើនបរិមាណផលដំណាំក្នុងរដូវរងារ ជាពិសេសស្រូវសាលី។ ប្រទេសអាហ្រ្វិកភាគខាងត្បូងមួយនេះ ត្រូវការស្រូវសាលីចំនួន ៤សែន ៦ពាន់តោនម៉ែត្រជារៀងរាល់ឆ្នាំ ដើម្បីបំពេញសេចក្តីត្រូវការនៅតាមមូលដ្ឋាន។ លោក មែដ បានឲ្យដឹងទៀតថា មូលនិធិនេះ នាំឲ្យផលិតផលស្រូវសាលី កើនឡើងដល់ចំនួន៧ម៉ឺន៦ពាន់តោនម៉ែត្រ។»
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួន១.៥លាននាក់ត្រូវការជំនួយស្បៀងអាហារ នៅហ្ស៊ីមបាវេ។ ដោយមានការលាតត្រដាងឲ្យដឹងថ្មីបំផុត ចំនួនប្រជាពលរដ្ឋដែលត្រូវការជំនួយស្បៀងអាហារ ស្ទើរតែប្រាកដថានឹងកើនឡើងជាក់ជាពុំខាន។
ប្រែសម្រួលដោយ សៀក អេង