លោកបាន គីមូន​ធ្វើ​ទស្សនកិច្ច​ភូមា​ដើម្បី​ធ្វើ​កិច្ចពិភាក្សា​

លោកបាន គីមូន ​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ភូមា

លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានគីមូន​កំពុង​ស្ថិត​នៅ​ក្នុង​ ភូមា​ដើម្បី​ធ្វើការ​ចរចា​ដែល​មាន​គោលដៅ​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឱ្យ​បន្ត​ធ្វើការ​កែទម្រង់​ប្រជាធិបតេយ្យ​ត​ទៅ​ទៀត។​

លោក​បាន​គី​មូន​បាន​អញ្ជើញ​ទៅ​ដល់​ក្រុងរ៉ង់ហ្គូនដែល​ជា​ក្រុង​ធំ​ជាង​គេ​នៃ​ប្រទេស​ភូមា​កាល​ពី​ថ្ងៃអាទិត្យ ​ហើយ​លោក​មាន​កំណត់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​រដ្ឋបាល​ណៃពីដាវ ​នៅ​ពេល​បន្ទាប់​ក្នុង​ថ្ងៃ​នោះ។​

គេ​រំពឹង​ថា​លោក​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ធាន ស៊ាន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​រួច​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​នៃ​ប្រទេស​ភូមា​-សុន្ទរកថា​បែប​នេះ​ជា​លើក​ទីមួយ ​ហើយ​ដែល​ធ្វើ​ឡើង​ឥស្សរជន​បរទេស​ម្នាក់​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ។​

លោកស្រី​ កាធឹរីន អាស្តុន ​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​ក៏​ស្ថិត​ក្នុង​ប្រទេស​ភូមា​ដែរ​ នៅ​ក្រោយ​សហភាព​អឺរ៉ុបពេល​ថ្មីៗ​នេះ​បាន​ព្យួរ​នូវ​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ភូមា​ដែល​នៅឯកោ​ពី​គេ​យូរ​មក​ហើយ។​

លោក​បាន​គី​មូន​និង​លោកស្រី​អាស្តុន ​Ashton ​មាន​កំណត់​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតីធាន ស៊ាន​ Thein Sein ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។ ​គេ​ដឹង​មិន​ច្បាស់​លាស់​ទេ​ថា​តើ​ឥស្សរជន​ទាំង​ពីរ​នាក់​នេះ​នឹង​ជួប​ជាមួយ​លោក​ធាន ស៊ាន ​ជាមួយ​គ្នា​ឬ​ដាច់​ដោយទ្បែក​ពី​គ្នា​។​

នៅ​ថ្ងៃ​អង្គារ​ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិនឹង​ជួប​ជាមួយ​លោកស្រី​អោងសាន​ស៊ូជី​ដែល​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជា​ក្រុម​ប្រឆាំង​នៅភូមា។

​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ក្រុង​គូឡា ឡាំពួរ។

ម៉ាឡេស៊ី៖ ប៉ូលីស​ម៉ាឡេស៊ី ​បាន​និយាយ​ថា​ពួក​គេ​បាន​ដោះលែង​មនុស្ស​ប្រមាណ​៥០០​នាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​បាតុកម្ម​មួយ​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​ការ​បោះឆ្នោត។​

ពួក​មន្ត្រី​បាន​និយាយ​ថា​ពួក​គេ​នឹង​សម្រេចចិត្ត​នៅ​ពេល​បន្ទាប់​មក​ទៀត​ថា​តើ​នឹង​ធ្វើការចោទប្រកាន់​ប្រឆាំងជន​ណា​ខ្លះ​ក្នុង​បណ្តា​ពួក​ជន​ទាំង​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទីលាន​ឯករាជ្យ​ក្នុង​ក្រុង​គូឡា ឡាំពួរ ​ទោះណា​ជា​មាន​ការ​ហាមប្រាម​មិន​ឱ្យ​មាន​ការ​ធ្វើ​ប្រជុំ​មហា​ជន​នៅ​ទី​នោះ​ក៏​ដោយ។​

ពួក​សកម្មជន​បាន​និយាយ​ថា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​មានការ​លម្អៀង ​ហើយ​ថា​ក្រុម​ចម្រុះ​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ណាជីប រាហ្សាក់​ Najib Razak ដែល​កាន់​អំណាច​ជាង​៥០​ឆ្នាំ​មក​ហើយ​ នឹង​មាន​ប្រៀប​ដោយ​អយុត្តិធម៌​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​អាច​នឹង​មាន​ធ្វើ​នៅ​ខែ​មិថុនា​ខាងមុខ​នេះ។

ស៊ីរី៖ ឧត្តម​សេនីយជនជាតិ​នរវ៉េស​ម្នាក់​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​អ.ស.ប.​ដើម្បី​ដឹកនាំ​បេសកកម្ម​មួយ​របស់​ពួក​អ្នក​សង្កេតការនៅ​ស៊ីរី​បាន​ទទួល​កិច្ច​បញ្ជាការ​នៃ​កិច្ច​ប្រតិបត្តិការ​នេះ​ហើយលោក​បាន​អំពាវនាវ​ដល់​ភាគី​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​មួយ​ឆ្នាំ​កន្លង​មក​ក្នុង​ប្រទេស​នេះ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា។​

ប៉ាគីស្ថាន៖ គេ​បាន​រក​ឃើញ​សាកសព​កំបុត​ក្បាល​របស់​វេជ្ជបណ្ឌិត​អង់គ្លេស​ម្នាក់​ដែល​ធ្វើការ​ឱ្យ​អង្គការ​កាកបាទ​ក្រហម​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ក្រុង​ កេតា​Quetta ​នៃ​ប្រទេស​ប៉ាគីស្ថាន​នៅ​ពេល​ជិត​៤​ខែ​ក្រោយ​ពី​លាក​បាន​ត្រូវ​ចាប់​ពង្រត់​ដោយ​ពួក​ជន​ជាប់​សង្ស័យ​ថា​ជា​ពួក​ជន​សកម្មប្រយុទ្ធ។​

នីហ្សេរីយ៉ា​៖ សាក្សី​ឃើញ​ហេតុការណ៍ផ្ទាល់​ក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​និហ្សេរីយ៉ា​ Nigeria ​បាន​និយាយ​ថា​ពួក​អ្នកវាយ​ប្រហារ​បាន​គប់​គ្រាប់​បែកច្នៃ​ផ្ទាល់​ខ្លួនដាក់​បណ្តា​សាសនិក​ក្នុង​ពិធី​គ្រឹស្តសាសនា​មួយ​ ហើយ​បាន​បាញ់​កាំភ្លើង​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​រត់​គេច​ខ្លួន​ចេញ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​១៥​នាក់​ស្លាប់។​

កេនយ៉ា៖ ពួក​ប៉ូលីស​កេនយ៉ា​Kenya ​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដោយ​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​ក្នុង​ព្រះវិហារ​គ្រឹស្តសាសនា​មួយ​នា​កណ្តាល​ក្រុង​ណៃរូប៊ី​ Nairobi ​«មិន​ទំនង​»ជា​មាន​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​និយម​អាល់​ ស្ហាបាប់​ al-Shabab ​ទេ។​

ស៊ូដង់៖ ប្រទេស​ស៊ូដង់​បាន​ប្រកាស​ស្ថានភាព​មាន​អាសន្ន​នៅ​តាម​ព្រំដែន​ជា​មួយ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ដោយ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុងខាទុម​ Khartoum ​នូវ​អំណាច​ធំទូលាយ​ជាង​មុន​ដើម្បី​ចាប់​ខ្លួន​និង​កាត់ទោស​ពួក​ជន​ជាប់​សង្ស័យ​នៅ​ក្នុង​តំបន់​មាន​ចលាចល​នោះ។​

ជប៉ុន​៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​បាន​ផ្សាយ​ថា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុនយូស៊ិហ៊ីកូ ណូដា​ Yoshihiko Noda ​បាន​ចាប់​ផ្តើម​ទស្សនកិច្ច​ក្នុង​ស.រ.អ.​ដែល​មាន​គោលដៅ​បញ្ចប់​រយៈពេល​ពីរ​បី​ឆ្នាំ​នៃ​ការ​រអាក់​រអួល​នៅ​ក្នុង​សម្ព័ន្ធ​ភាព​ប្រទេស​ទាំង​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​មួយ​អំពី​ជម្លោះ​ស្តី​ពី​ក្រុម​ទាហាន។

លីប៊ី​៖ គេ​បាន​រក​ឃើញ​សាកសព​លោក​ ស៊ូគ្រី ហ្គានេម​Shukri Ghanem ​អតីត​រដ្ឋ​មន្ត្រី​ប្រេង​នៃ​ប្រទេស​លីប៊ី​អណ្តែត​ក្នុង​ទន្លេ​ ដានុប​Danube ​ក្នុង​ក្រុង​ វ្យែន​Vienne ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។