អ្នកគ្រប់គ្រងកិច្ចការទន្លេនៅជុំវិញពិភពលោកបានមកប្រមូលផ្ដុំគ្នានៅក្នុងប្រទេសថៃ ដើម្បីវែកញែកដេញដោលគ្នារកមធ្យោបាយប្រសើរក្នុងការបំពេញសេចក្ដីត្រូវការ អាហារ ទឹក និងថាមពលដល់ប្រជាពលរដ្ឋដោយមិនធ្វើឲ្យខូចខាតច្រើនដល់បរិស្ថាន។
សន្និសីទអន្ដរជាតិដែលមានឈ្មោះថា «Mekong2Rio» នឹងបើកទ្វារនៅថ្ងៃអង្គារនៅក្នុងទីកន្លែងរមនីយដ្ឋានលើកោះភូកេតនៅភាគខាងត្បូងប្រទេសថៃ។
លោក Hans Guttman នាយកគណៈកម្មការទន្លេមេគង្គ (MRC) ថ្លែងថា សន្និសីទនោះ នឹងបើកឱកាសឲ្យអ្នកចូលរួម៣០០នាក់អាចផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក។
លោកថ្លែងទៀតថា វេទិកានោះជាឱកាសល្អដល់អ្នកចូលរួមដើម្បីរៀនអំពីទន្លេដទៃ ហើយដើម្បីចាត់ចែងទន្លេនោះឲ្យមានប្រសិទ្ធភាពឡើង។
សមាជិករបស់គណៈកម្មការទន្លេមេគង្គ រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
ក្រុមអ្នកតំណាងមកពីបណ្តាប្រទេសនៅទ្វីប អាហ្វ្រិក អូស្រាលី អឺរុប និង អាមេរិក ក៏បានចូលរួមក្នុងសន្និសីទនោះដែរ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
លោក បាន គីមូន អគ្គលេខាធិការអ.ស.ប. ថ្លែងការណ៍ទៅកាន់សភាភូមាក្នុងរដ្ឋធានីណែពិដោ (Naypyitaw) កាលពីថ្ងៃច័ន្ទទី៣០មេសានេះ។
ភូមា៖ មេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានបញ្ចប់ពហិការមិនចូលរួមក្នុងរដ្ឋសភាអស់១សប្ដាហ៍ ក្រោយពីបានទទួលយកការប្រើពាក្យស្បថចូលកាន់តំណែង ដែលអំពាវនាវឲ្យគណបក្សរបស់លោកស្រី«ការពារ»រដ្ឋធម្មនុញ្ញ។
ជប៉ុន៖ ក្រុមមេដឹកនាំពីស.រ.អ. និងជប៉ុននឹងជួបប្រជុំគ្នានៅថ្ងៃច័ន្ទនេះ ដើម្បីពិនិត្យមើលមធ្យោបាយថ្មីក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយគេសង្ឃឹមថានឹងបង្ហាញថាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរបានវិលត្រឡប់មកភាពធម្មតាវិញហើយ ក្រោយពី មានភាពរកាំរកូស។
ឥណ្ឌូនេស៊ី-រុស្ស៊ី៖ ទីភ្នាក់ងារពត័មានបារាំង សរសេរថា ជនជាតិរុស្សីពីរនាក់ដែលបានលេបគ្រាប់ផ្ទុកកញ្ឆាចូលទៅក្នុងពោះ ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ក្រោយពីបានត្រូវចាប់ខ្លួនតាមបទសង្ស័យថាបានរត់ពន្ធគ្រឿងញៀននៅលើកោះបាលី។
ម៉ាឡេស៊ី៖ ការចាប់ពង្រត់កុមារជនជាតិហុល្លង់ម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានបណ្ដាលឲ្យមានយុទ្ធនាការបណ្តាញផ្សាយព័ត៌មានសាកល រៀបចំឡើងដោយឪពុកម្ដាយរបស់ក្មេងនោះ និងនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ដែលអំពាវនាវឲ្យប្រគល់កុមារនោះមកវិញ ដោយសវុត្ថិភាព។
ចិន៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនអ្នកការទូតថ្នាក់ខ្ពស់ម្នាក់ទៅកាន់រដ្ឋធានីបេកាំង ដើម្បីបន្ធូរវិបត្ដិការទូត ក្រោយពីមានសកម្មជនចិនខ្វាក់ភ្នែកម្នាក់ គឺលោក ចេន គួងចេង បានរត់រួចចេញពីគុកហើយស្ថិតនៅក្រោមការការពាររបស់ ស.រ.អ.។
នេប៉ាល់៖ មន្ដ្រីនៅតំបន់ភាគខាងត្បូងប្រទេសនេប៉ាល់ និយាយថា មានការផ្ទុះគ្រាប់ដែលបានសម្លាប់មនុស្ស៤នាក់នឹងធ្វើឲ្យរបួសយ៉ាងតិច២០នាក់។ អាជ្ញាធរនិយាយថា ការផ្ទុះនោះកើតឡើងកាលពីថ្ងៃច័ន្ទ នៅតំបន់ ចាណាកពួរ (Janakpur) នៅពេលមានការដើរតវ៉ារបស់ក្រុមមួយហៅ គណៈកម្មាធិការតស៊ូមីធីឡា (Mithila Struggle Committee) ប្រឆាំងនឹងសេចក្ដីស្នើមួយដែលបែងចែកប្រទេសជាខេត្ដសហព័ន្ធ។
ស៊ីរី៖ អង្គការការពារសិទ្ធិមនុស្សរបស់សកម្មជននៅក្នុងប្រទេសស៊ីរីនិយាយថា ការផ្ទុះគ្រាប់បែកមួយបានបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២០នាក់ នៅជិតអគារការពារសន្ដិសុខនៃក្រុងអ៊ីដលីប (Idlib) នៅចំពេលយុទ្ធនាការប្រឆាំងរដ្ឋាភិបាលស៊ីរីកាន់តែកើនឡើង។
ស៊ូដង់ខាងត្បូង៖ ប្រទេសស៊ូដង់បានប្រកាសភាពអាសន្ននៅតំបន់ព្រំដែនភាគខាងត្បូង ជាមួយប្រទេសស៊ូដង់ខាងត្បូង ដែលជាសញ្ញានៃចលនាឆ្ពោះទៅរកសង្គ្រាមពេញលេញ នៅចំពេលដែលភាពតានតឹងកាន់តែកើនរវាងប្រទេសជិតខាងទាំងពីរ។
អាល់កៃដា៖ សេចក្ដីថ្លែងការណ៍មួយចុះផ្សាយនៅក្នុងគេហទំព័រ និយាយថា សាខា របស់ក្រុមអាល់កៃដានៅតំបន់អាហ្វ្រីកខាងជើង បានស្នើនឹងធ្វើការដោះលែងចំណាប់ខ្មាំងជាតិអង់គ្លេសម្នាក់ដែលត្រូវចាប់ខ្លួននៅក្នុងប្រទេសម៉ាលី ប្រសិនណារដ្ឋាភិបាលអង់គ្លេសដោះលែងអាចារ្យអ៊ីស្លាមនិយមជ្រុល អាប៊ូ កាតាដា (Abu Qatada)។