លោក ឈិន កុងឈិន (Chen Guangchen) មេធាវីប្រឆាំងពិការភ្នែកបានរត់គេចខ្លួនចេញការឃុំឃាំងក្នុងផ្ទះដែលមានគេយាមដោយប្រុងប្រយ័ត្នកាលពីថ្ងៃអាទិត្យនៅក្នុងភូមិ តុងស៊ីហ្គូ ក្នុងខែត្រ សានតុងនាប៉ែកខាងកើតនៃប្រទេសចិន ពួកប៉ូលីសតាមរកលោក,គ្រួសារលោកនិងពួកជនដែលបានជួយលោក។
សាច់ញាតិម្នាក់បាននិយាយប្រាប់វីអូអេថាពួកប៉ូលីសច្រើននាក់ដោយខ្លះមានអាវុធផងបានទៅផ្ទះលោក ឈិនក្នុងភូមិ តុងស៊ីហ្គូ ប៉ុន្តែគេមិនដឹងថាលោកនៅទីណាទេ។មានការនិយាយស្មានៗថាលោកប្រហែលសុំសិទ្ធិជ្រកកោនក្នុងស្ថានទូតស.រ.អ.ក្នុងក្រុងប៉េកាំង ក៏ប៉ុន្តែពួកមន្ត្រីនៅទីនោះបានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយឬផ្តល់ព័ត៌មានបន្ថែមទេ។លោក បប ហ្វូ (Bob Fu) នាយកនៃអង្គការសិទ្ធិមនុស្សជំនួយចិនមានមូលដ្ឋានក្នុងស.រ.អ.បាននិយាយកាលពីថ្ងៃសុក្រថាលោក Chen មានសុវត្ថិភាពហើយលោកឋិតក្នុងកន្លែងមួយឆ្ងាយពីភូមិរបស់លោក។
អេស្ប៉ាញ៖ លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះនិយាយថាប្រទេសលោកកំពុងប្រឈម មុខនឹង«វិបត្តិមួយដែលមានទំហំធំធេង» ដោយពួកអ្នកធ្វើការរបស់ខ្លួនជិតមួយភាគបួនគ្មានការងារធ្វើទេ គឺជាអត្រាគ្មានការងារធ្វើដ៏អាក្រក់បំផុតនៅក្នុងក្រុមប្រទេស ជាតិ១៧ដែលប្រើប្រាស់ប្រាក់អឺរ៉ូ។
ប៉ាគីស្ថាន៖ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន យូស្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បានប្រកែកមិនព្រមចុះចេញពីតំណែង។ មួយថ្ងៃក្រោយពីតុលាការកំពូលបានរកឃើញថាលោកមានទោសក្នុងការប្រមាថមើលងាយតុលាការដោយមិនបានបើកជាថ្មីករណីយពុករលួយប្រឆាំងនឹងប្រធានាធិបតីរបស់ប្រទេស។លោកបានមានប្រសាសន៍ថាឧក្រិដ្ឋកម្មតែមួយរបស់លោកគឺ«ការពាររដ្ឋធម្មនុញ្ញ»។
ប៉ាគីស្ថាន៖ បានបញ្ជូនគ្រួសារ អូសាម៉ា ប៊ីឡាដិន (Osama bin Laden) ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត ជិតមួយឆ្នាំក្រោយពីមេដឹកនាំរូបនេះនៃអង្គការ អាល កៃដា បានត្រូវសម្លាប់នៅក្នុងការឆ្មក់វាយប្រហារមួយដោយពួកទាហានអាមេរិក។
ស៊ីរី៖ កាលពីថ្ងៃសុក្រមានការផ្ទុះពីរនៅក្នុងក្រុងដាម៉ាស់បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១០នាក់ស្លាប់នៅពេលដែលមានកង្វល់អន្តរជាតិខ្លាំងទ្បើងៗអំពីកិច្ចឈប់បាញ់គ្នាដែលមានភាពយ៉ាប់យ៉ឺនក្នុងប្រទេសស៊ីរី។រដ្ឋាភិបាលបានចាត់ទុកការផ្ទុះនេះថាជាការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលបានត្រូវរៀបចំដោយ«ពួកភេរវជន»។
សហរដ្ឋអាមេរិក៖ ការលូតលាស់សេដ្ឋកិច្ចស.រ.អ.មានដំណើរយឺតក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះដោយចុះមកនៅត្រឹមអត្រាប្រចាំឆ្នាំចំនួន២,២ភាគរយ។ការលូតលាស់បានត្រូវកាត់បន្ថយចំនួន៨ភាគ១០នៃ១ភាគរយនៅពេលដែលរដ្ឋាភិបាលកាត់បន្ថយចំណាយហើយការដឹកជញ្ជូនទំនិញចូលក្នុងប្រទេសមានច្រើនជាងការដឹកជញ្ជូនទំនិញចេញទៅលក់ឯប្រទេសក្រៅ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាចុះហត្ថលេខាលើបទបញ្ញ័ត្តិនីតិប្រតិបត្តិមួយដែលជួយការពារពួកទាហានដែលកំពុងកាន់តំណែងនិងពួកទាហានជើងចាស់ពីការជ្រើសរើសឱ្យទៅរៀនក្នុងមហាវិទ្យាល័យដែលមិនសុចរិតនិងនាំឱ្យយល់ខុសហើយដែលយកប្រាក់បំណាច់សហព័ន្ធសម្រាប់ការសិក្សាអប់រំរបស់ពួកគេជាទីដៅ។
អ៊ុយក្រែន៖ មនុស្ស២៧នាក់បានត្រូវរបួសដោយសារការផ្ទុះនៅក្នុងក្រុង Dnipropetrovsk នៅក្នុងអ្វីដែលអាជ្ញាធរហៅថាជាការវាយប្រហារភេរវកម្ម។
អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីអាហ្វហ្គានីស្ថាន, ប៉ាគីស្ថាននិងស.រ.អ.ជំរុញឱ្យមានកិច្ចចរចាជាថ្មីជាមួយពួកតាលីបាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយដល់សង្គ្រាមអាហ្វហ្គានីស្ថាន ដែលមានរយៈពេលជាង១០ឆ្នាំមកហើយ។