អង្គការសិទ្ធិមនុស្សជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់ដោយរដ្ឋាភិបាលប្រទេសកម្ពុជាអំពីការបាញ់សម្លាប់សកម្មជនសិទ្ធិដីធ្លីខ្មែរដ៏សំខាន់ម្នាក់។ ឈុត វុទ្ធី ដែលជាអ្នកនិយាយរិះគន់ជាសាធារណៈអំពីការកាប់ព្រៃឈើខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវកងអាវុធហត្ថបាញ់ស្លាប់ កាលពីថ្ងៃព្រហស្បត៍នេះ នៅក្នុងឧបទ្ទវហេតុមួយនៅក្នុងខេត្តកោះកុង ជិតតំបន់ព្រៃបរិដ្ឋានមួយដែលមានរឿងចម្រូងចម្រាស់ច្រើន ដែលលោកបានចំណាយពេលជាយូរមកហើយដើម្បីការពារ។
ភូមា៖ ធនាគារពិភពលោកបានសម្រេចបើកការិយាល័យរបស់ខ្លួនជាថ្មីវិញក្នុង ប្រទេសភូមា បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ២៥ ឆ្នាំ នៅពេលដែលប្រទេសនេះធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់កងយោធា។
ប៉ាគីស្ថាន៖ តុលាការកំពូលប៉ាគីស្ថានបានចេញសេចក្តីវិនិច្ឆ័យ កាលពីថ្ងៃព្រហស្បត៍ នៅក្រុងអ៊ីស្លាម៉ាបាដសម្រេចកាត់ទោសលោកនាយករដ្ឋមន្រ្តី យូសហ្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បានប្រឆាំងនឹងបទបញ្ជារបស់តុលាការដោយចំហរ ដោយលោកមិនព្រមបើកករណីអំពើពុករលួយប្រឆាំងនឹងលោកប្រធានាធិបតី អាស៊ីហ្វ អាលីហ្សាដារ (Asif Ali Zardari)។ តែតុលាការកំពូលមិនបានកាត់សេចក្តីឲ្យលោកនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារទេ។
អាហ្វហ្គានីស្ថាន៖ ព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីល្ងាចថ្ងៃពុធនេះ ជាឧបទ្ទវហេតុចុងក្រោយបំផុតក្នុងការវាយប្រហារមួយចំនួនទៅលើកងទ័ពអន្តរជាតិដោយទាហានអាហ្វហ្គានីស្ថាន។ អង្គការអូតង់ មិនបានប្រាប់ព័ត៌មានដទៃទៀតទេ តែនិយាយថា បុរសដែលបានបាញ់នេះ ត្រូវប្រហារជីវិតដោយកងកម្លាំងចម្រុះ។
ស៊ីរី៖ បានបន្ទោសពួក«ភេរវករ»ថាជាអ្នកធ្វើឲ្យមានការផ្ទុះដ៏ធំមួយ នៅកណ្តាលទីក្រុង Hama ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ ក្នុងខណៈដែលបទឈប់បាញ់គ្នាក្នុងប្រទេសស៊ីរី ចាប់រលាយបន្តិចម្តងៗទៅវិញដោយសារមានអំពើហិង្សានិងចំនួនមនុស្សស្លាប់កាន់តែច្រើនឡើង។
សហរដ្ឋអាមេរិក៖ ក្រសួងសេវាសម្ងាត់សរអា ហៅ US Secret Service និយាយថា ពួកគេបានដឹងអំពីសេចក្តីរាយការណ៍ដែលថា មានពេលខ្លះទៀតដែលភ្នាក់ងាររបស់ខ្លួន ត្រូវចោទប្រកាន់អំពីការបង់ប្រាក់សម្រាប់សេវាផ្លូវភេទ នៅពេលធ្វើដំណើរទៅបរទេសដើម្បីការពារប្រធានាធិបតី។
នីហ្សេរីយ៉ា៖ ការបំផ្ទុះគ្រាប់បែកនៅក្នុងការិយាល័យរបស់សារព័ត៌មានដ៏សំខាន់មួយឈ្មោះ ឌីល ដេ (This Day) នៅក្នុងរដ្ឋធានី អាបូចា (Abuja)បានសម្លាប់មនុស្ស ៣ នាក់ នៅពេលដែលការផ្ទុះមយយទៀតនៅជិតការិយាល័យរបស់សារព័ត៌មានដដែលនេះនៅក្នុងទីក្រុង Kaduna នៅភាគខាងជើងប្រទេសបានសម្លាប់មនុស្ស ៤ នាក់ទៀត៕៚