ប៉ាគីស្ថាន​តំឡើង​សាច់​ដុំ​ខាង​កាំជ្រួច​ផ្លោង​ក្នុង​ការ​សាកល្បង​បាញ់​បង្ហោះ

​ប៉ាគីស្ថានសាកល្បងបាញ់​បង្ហោះម៉ីស៊ីល​កាល​ពី​ថ្ងៃ​ពុធ​នេះ។

យោធា​ប៉ាគីស្ថាន និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ដ៏​ជោគជ័យ​ក្នុង​ការ​បាញ់​បង្ហោះ ម៉ីស៊ីល​ធន់ Shaheen 1 កាល​ពី​ថ្ងៃ​ពុធ​នេះ។ ម៉ីស៊ីល​នោះ មាន​សមត្ថភាព​នឹង​ទៅ​ដល់​ទិសដៅ​ក្នុង​ប្រទេស​ឥណ្ឌា ជាមួយ​ក្បាល​បរិមាណូ ហើយ​អាច​តម្លើង​គុណភាព​ដែល​អាច​ហោះ​បាន​កាន់​តែ​ឆ្ងាយ​បាន​ទៀត។

ការ​សាកល្បង​ធ្វើ​តេស​ម៉ីស៊ីល​នោះ កើត​ឡើង​តិច​ជាង​មួយ​សប្ដាហ៍ ក្រោយ​ពី​ឥណ្ឌា​បាន​ប្រកាស​ថា​ខ្លួន​បាន​សាកល្បង​ដ៏​ជោគជ័យ នូវ​ម៉ីស៊ីល​មាន​ក្បាល​អាវុធ​បរិមាណូ ដែល​អាច​ហោះ​ទៅ​ដល់​រដ្ឋធានី​ប៉េកាំង។ មន្ដ្រី​ឥណ្ឌា និយាយ​ថា​ការ​បាញ់​សាកល្បង​នោះ បង្ហាញ​ឲ្យ​ដឹង​ថា​ឥណ្ឌា អាច​ចូលរួម​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ម៉ីស៊ីល​ក្នុង​ពិភពលោក។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត៖

តំបន់​មេគង្គ៖ តំបន់​ត្រីកោណ​មាស ដែល​មាន ភូមា លាវ និង ថៃ នៃ​តំបន់​ទន្លេ​មេគង្គ ល្បី​ឈ្មោះ​ខាង​ការ​រត់​គ្រឿងញៀន​និង​មនុស្ស។ ទី​នោះ នៅ​ពេល​នេះ ទាក់ទាញ​ទេសចរណ៍​ច្រើន​សន្ធឹក ដោយសារតែ ទេសភាព​ល្អ និង ទីកន្លែង​ល្បែង​កាស៊ីណូ។ ប៉ុន្តែ​ការ​កសាង​ទំនប់​មេគង្គ ដោយ​ក្រុមហ៊ុន​សំណង់​ទំនប់​ថៃ បាន​បន្ដ​ការ​សាងសង់​ទំនប់​ដែល​មាន​រឿង​ចម្រូងចម្រះ សាយបូរី តម្លៃ​៣.៥​ពាន់​លាន​ដុល្លារ នៅ​លើ​ទន្លេ​មេគង្គ។

ស៊ូដង់៖ ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង លោក សាលវ៉ា កៀ (Salva Kiir) បាន​ផ្អាក​ដំណើរ​ទស្សនកិច្ចរបស់​លោក ទៅ​កាន់​ប្រទេស​ចិន ដោយសារតែ​អ្វី​ដែល​មន្ដ្រី​ចិន​ម្នាក់ និយាយ​ថា
“បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស"។

កូរ៉េខាងជើង៖ មន្ដ្រី​យោធា​ជាន់​ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើង បាន​ធ្វើ​ការ​គម្រាម​ជា​ថ្មី​របស់​រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង អំពី​សង្រ្គាម​ប្រឆាំង​កូរ៉េខាងត្បូង និង​សម្ពន្ធមិត្ដ នៅ​ថ្ងៃ​ពុធ​នេះទោះបីជា ចិន​ព្រមាន​មក​លើ​ការ​បង្ក​រឿង​បន្ថែម​មក​លើ​ឧបទ្វីប​កូរ៉េ​ក៏​ដោយ។

អង់គ្លេស៖ រដ្ឋមន្ដ្រី​ការបរទេស​របស់​ប្រទេស​អង់គ្លេស លោក វីល្លៀម ហេគ (William Hague) ថ្លែង​ថា​លោក​បាន​ពិភាក្សា​អំពី​ជម្លោះ​ដ៏​ងំ អំពី​បូរណភាព​ដែនទឹក​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម។

ភូមា៖ អង្គការសិទ្ធិ​មនុស្ស​ដ៏​មាន​ឥទ្ធិពល​មួយ​ក្រុម និយាយ​ថា ស.រ.អា បាន​ចាត់​វិធានការ​ឆាប់​រហ័ស​ពេក ក្នុង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ចេញ​ពី​ប្រទេស​ភូមា។

ស៊ីរី៖ ប្រេសិត​អន្ដរជាតិ​ពិសេស លោក កូហ្វី អាណាន់ ថ្លែង​ថា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​តែ​បន្ដ មិន​អាច​ទទួល​យក​បាន ហើយ​លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​រាយការណ៍​របស់ បណ្ដាញ​ព័ត៌មាន ថា​ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​វាយ​ប្រហារ​មក​លើ​ជន​ស៊ីវិល ក្រោយ​ពី​ទស្សនកិច្ច​របស់​ក្រុម​អ្នក​សង្កេតការណ៍​អន្ដរជាតិ។

ជប៉ុន៖ អ្នក​តាក់តែង​ច្បាប់​ជាន់​ខ្ពស់​របស់​ស.រ.អា បី​នាក់ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ អំពី​កិច្ច​ព្រមព្រាង​មួយ​អំពី ការ​រៀបចំ​ឡើង​វិញ​នូវ​កងកម្លាំង​ស.រ.អា នៅ​លើ​កោះ​ជប៉ុន អូគីណាវ៉ា ដោយ​គេ​និយាយ​ថា នឹង ធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​នេះ។

..អា៖បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ លោក មិត រមនី (Mitt Romney) បាន​ផ្ដោត​ទៅ​លើ​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​វិច្ឆិកា និង​មក​លើ​ប្រធានាធិបតី លោក​បារ៉ាក់ អូបាម៉ាក្រោយ​ពី​លោក​បាន​ពង្រឹង​ការ​តែងតាំង​ខ្លួន​លោក​ពី​គណបក្ស​របស់​លោក ដោយ​បាន​យកជ័យ​ជន្នះ ក្នុង​រដ្ឋ​៥​ក្នុង​ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ។

អង់គ្លេស៖ ប្រទេសអង់គ្លេស​វិល​ចុះ​មក​រក​ដំណើរ​យឺត​នៃ​សេដ្ឋកិច្ច​ម្ដង​ទៀត​ហើយ។ ការិយាល័យ​ជាតិ សម្រាប់​ស្ថិតិ កាល​ពី​ថ្ងៃ​ពុធ​នេះ និយាយ​ថា សេដ្ឋកិច្ច​ជាតិ​បាន​ចុះ​រួញ ពីរ ភាគ ដប់ នៃ ១​ភាគរយ​ ជា​លើក​ដំបូង ក្នុង​៣​ខែ កាល​ពី​ឆ្នាំ​នេះ។