គណបក្សនយោបាយរបស់លោកស្រីអោង សានស៊ូជីមេដឹកនាំលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសភូមាដែលមានកំណត់នឹងចូលអង្គុយក្នុងសភាជាលើកដំបូងនៅថ្ងៃច័ន្ទនេះនិយាយថាពួកគេនឹងមិនចូលរួមក្នុងពិធីសច្ចាប្រណិធានទេពីដោយសារជម្លោះអំពីពាក្យពេចន៍នៅក្នុងអត្ថបទនៃការស្បថចូលកាន់តំណែង។ ជ័យលាភីរង្វាន់ណូបែលរូបនេះជាឥស្សរជនម្នាក់ក្នុងបណ្តាឥស្សរជន៤៣នាក់ពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យហៅកាត់ថាNLD របស់លោកស្រីដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១ខែមេសា។
ពួកមន្ត្រីបានបញ្ជាក់កាលពីថ្ងៃអាទិត្យថាពួកសមាជិកសភារបស់គណបក្ស NLD នឹងមិនមានវត្តមានទេលុះត្រាពាក្យពេចន៍នៅក្នុងអត្ថបទនៃពាក្យសម្បថដែលតម្រូវឱ្យពួកគេការពាររដ្ឋធម្មនុញ្ញដែលសរសេរដោយអតីតក្រុមប្រឹក្សាយោធារបស់ប្រទេសបានត្រូវកែប្រែសិន។គណបក្សប្រឆាំងនេះចង់ឱ្យដូរពាក្យ«ការពារ»ឱ្យទៅជាពាក្យ«គោរព»វិញ។ ប៉ុន្តែរហូតមកដល់ពេលនេះគណបក្សគ្រប់គ្រងប្រទេសរបស់លោកប្រធានាធិបតីធាន ស៊ាន Thein Sein បានប្រកែកមិនព្រមធ្វើតាមសេចក្តីស្នើនេះទេ។
នៅពេលមានប្រសាសន៍កាលពីថ្ងៃអាទិត្យលោកស្រីអោង សានស៊ូជីមិនបានហៅសកម្មភាពនេះរបស់គណបក្សលោកស្រីថាជាការធ្វើពហិការមួយទ្បើយ។
កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាកាលពីថ្ងៃអាទិត្យកាសែតស្វ៊ីស ឈ្មោះLe Matin Demanche បានរាយការណ៍ថាលោកមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន Kim Jong-Un បានរស់នៅក្នុងប្រទេសស្វ៊ីស ចាប់តាំងពីអាយុ៧ឆ្នាំមកដោយបានទៅដល់ប្រទេសនេះ២ឆ្នាំមុនការដែលគេដឹងពីពេលមុន។
កាលពីពេលមុនបណ្តាញផ្សាយព័ត៌មានស្វ៊ីស បានផ្សាយថាលោកបានទៅដល់ប្រទេសស្វ៊ីសកាលពីឆ្នាំ១៩៩៣ នៅពេលលោកមានអាយុប្រមាណ៩ឆ្នាំ។ តែកាសែតនេះបាននិយាយយោងដល់ឯកសារដែលខ្លួនបានទទួលពីបណ្ណាសារប៉ូលីសសហព័ន្ធនៅក្នុងក្រសួងសាធារណៈដែលបង្ហាញថាលោកបានស្ថិតនៅក្នុងប្រទេសស្វ៊ីស នៅចន្លោះចុងឆ្នាំ១៩៩១និងដើមឆ្នាំ២០០១។ សារព័ត៌មាននេះបាននិយាយថាខ្លួនបានទទួលឯកសារមួយដែលបង្ហាញសេចក្តីស្នើសុំឱ្យមានការទទួលស្គាល់លោក ណាម ជុល ប៉ាក់ Nam Chol Pak ឱ្យធ្វើជាមន្ត្រីសម្រាប់ក្រសូងការបរទេសកូរ៉េខាងជើង។
ឯកសារនេះបានបង្ហាញថាមន្ត្រីរូបនេះបានទៅដល់ប្រទេសស្វ៊ីស នៅថ្ងៃទី២៥ខែវិច្ឆិកា១៩៩១ជាមួយភរិយាលោក កូនប្រុស២នាក់និងកូនស្រីម្នាក់។ កុមារាពីរនាក់នោះជាកូនប្រុសពៅរបស់លោកគីម ជុងអ៊ីល Kim Jong-Il ដែលបានគ្រប់គ្រងប្រទេសកូរ៉េខាងជើងពីឆ្នាំ១៩៩៤ ដល់ពេលដែលលោកបានទទួលមរណភាពកាលពីខែធ្នូឆ្នាំទៅ។ តែកុមារាទាំងពីរនាក់នេះបានប្រើឈ្មោះ ជុល ប៉ាក់ Chol Pak និងហ៊ុន ប៉ាក់ Hun Pak នៅពេលដែលពួកគេរស់នៅក្នុងប្រទេសស្វ៊ីស។ កាសែតនេះបាននិយាយថាហ៊ុន ប៉ាក់ Hun Pak ជាឈ្មោះក្លែងបន្លំរបស់លោកគីម ជុងអ៊ុន។ គេដឹងតែបន្តិចបន្តួចអំពីរបស់រយៈពេលដែលលោកគីម ជុងអ៊ុន ស្នាក់នៅរៀនសូត្រក្នុងប្រទេសស្វ៊ីស ពីព្រោះសាលារៀនដែលគេរាយការណ៍ថាលោកបានចុះឈ្មោះរៀននោះបានប្រកែកមិនព្រមពិភាក្សាអំពីពេលវេលាដែលលោកស្ថិតនៅទីនោះទេ។
អ៊ីរ៉ង់៖ ប្រធានគណៈកម្មាធិការសន្តិសុខមាតុភូមិនៃព្រឹទ្ធសភាស.រ.អ.បានបដិសេធការអះអាងរបស់អ៊ីរ៉ង់ដែលថាខ្លួនបានរុះរើម៉ាស៊ីនយន្តហោះចារកម្មគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿងដែលខ្លួនរឹបអូសយកបានកាលពីឆ្នាំទៅមិញ។ លោក Joe Lieberman សមាជិកសភាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យតាមទូរទស្សន៍ក្នុងកម្មវិធី Fox News Sunday ថាលោកចាត់ទុកការអះអាងនេះថាជា «ភាពក្អេងក្អាងរបស់អ៊ីរ៉ង់»។
បារាំង៖ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីបង្ហាញថាលោក Francois Hollande បេក្ខជនគណបក្សសង្គមនិយមនិងលោក Nicolas Sarkozy ប្រធានាធិបតីកំពុងកាន់តំណែងបានជម្រុលទៅមុខទៅកាន់ការបោះឆ្នោតជុំទីពីរ។
អាហ្វហ្គានីស្ថាន៖ និងអាមេរិកបានបញ្ចប់កិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រមួយដែលគូសបញ្ជាក់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅក្រោយការដកថយរបស់ក្រុមទាហានប្រយុទ្ធបស្ចឹមប្រទេសនៅក្នុងប្រទេសនេះក្នុងឆ្នាំ២០១៤។
ស៊ីរី៖ ពួកសកម្មជនបាននិយាយថាការវាយប្រហារដោយកងកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងពួកឧទ្ទាមបានបណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់នៅទូទាំងប្រទេស នៅពេលដែលក្រុមតូចមួយរបស់អង្គការសហប្រជាជាតិបានទៅមើលក្រុងច្រើនជាងមុនដើម្បីសង្កេតអំពីកិច្ចឈប់បាញ់គ្នាដែលមានរយៈពេល១០ថ្ងៃមកហើយដែលគ្មានជោគជ័យក្នុងការបញ្ចប់ជម្លោះមានរយៈពេលមួយឆ្នាំមកនេះ។