គណបក្ស​របស់​លោកស្រី​ស៊ូជី ពន្យារ​​​​ពេល​ចូល​កាន់​តំណែង​ក្នុង​រដ្ឋសភា​ភូមា

លោក​ស្រី​អោង​ សាន​ស៊ូ​ជី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា​។

គណបក្ស​របស់​លោកស្រី​ អ៊ុង សាន ស៊ូជី ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា​នឹង​លើកពេល​ចូល​កាន់​តំណែង​លើក​ដំបូង​របស់​ខ្លួន​ក្នុង​សភា​នៅ​សប្ដាហ៍​ក្រោយ ដែល​ជា​សញ្ញា​មូយនៃ​ការ​ខ្វែង​គំនិត​គ្នា រវាង​គណបក្ស​ប្រឆាំង​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ថ្មោង និង​រដ្ឋាភិបាលកំណែ​ទម្រង់​របស់​ប្រទេស​ភូមា។

បើ​តាម​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន AFP ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​សម្បថ​ចូល​កាន់​តំណែង​ថា លោកស្រី ស៊ូជី និង​សមាជិក​ដទៃ​ទៀត​នៃ​គណបក្ស​ សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ ណៃពិដោ (Naypyidaw) ទេ​ ដើម្បី​ចូល​រួម​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។

លោកស្រី ស៊ូ ជី ថ្លែង​ថា "​យើង​មិន​មែន​កំពុង​ធ្វើ​ពហិការ​ទេ ប៉ុន្តែ​យើង​កំពុង​តែ​រង់ចាំ​ពេល​វេលា​ល្អ"។​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ មាន​ភាព​រុញរា​នឹង​ការ​ប្រើ​ពាក្យ​ក្នុង​សម្បថ ដែល​តម្រូវ​ឲ្យ​ពួកគេ​ការពារ​រដ្ឋធម្មនុញ្ញ ដែល​តាក់តែង​ឡើង​ដោយ​អតីត​រដ្ឋាភិបាល​របប​សឹក​របស់​ប្រទេស​នេះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត៖

ចិន​និង​រុស្ស៊ី​ ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​។

ចិន/រុស្ស៊ី៖ ចិន​និង​រុស្ស៊ី​បាន​រួម​គ្នា​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ដែនទឹក នៅ​ថ្ងៃ​អាទិត្យ​នេះ នៅក្នុង​សមុទ្រ​លឿង​រវាង​ឆ្នេរ​សមុទ្រ​ខាងកើត​របស់​ប្រទេស​ចិន និង​ឧបទ្វីបកូរ៉េ។

ពិភពលោក៖ ក្រុម​អ្នករៀបចំ​ពិធី​របស់​អង្គការ​ទិវា​ព្រះធរណី (Earth Day) បាន​អំពាវនាវ​ដល់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ពិភពលោក​ឲ្យ​សន្យា​អំពី​"ចំណាត់ការ​១​ពាន់​លាន​ដើម្បី​ការពារ​បរិស្ថាន"។ កិច្ច​សន្យា​ទាំងនោះ រាប់​បញ្ចូល​ទាំង​ការ​ឱ្យ​ម្ខាស់​គេហដ្ឋាន​បិទភ្លើង​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ការ​ប្រើ​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ រហូត​ដល់​ការ​បរិភោគ​អាហារ​ដែល​ដាំដុះ​ផ្ទាល់​នៅ​ក្នុង​តំបន់។

ហូឡង់៖ ប៉ូលិស​នៅ​ក្នុង​ប្រទេស ហូឡង់ និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​១២០​នាក់​ដែរ បាន​រង​របួស​ភាគ​ច្រើន​ធ្ងន់ធ្ងរ ពី​ការ​បុក​ទង្គិច​ពី​មុខ​រវាង​រថភ្លើង​ពីរ​គ្រឿង នៅ​ក្នុង​រដ្ឋធានី​អាំស្ទែដាំ (Amsterdam) កាល​ពី​ថ្ងៃ​សៅរ៍។

បារាំង៖ នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រធានាធិបតី​បារាំង​លោក នីកូឡាស សាកូហ្សី (Nicolas Sarkozy) និង​ភរិយា​ អ្នកស្រី ខារឡា ប្រូនី (Carla Bruni) បាន​បោះឆ្នោត​ក្នុង​ជុំ​ទី​មូយ ដើម្បី​ជ្រើសតាំង​ប្រធានា​ធិប​តី​ថ្មី។

ម៉ិកស៊ិក៖ អាជ្ញាធរ​នៃ​ប្រទេស​ម៉ិកស៊ិក និយាយ​ថា​មនុស្ស​យ៉ាង​តិច​១៥​នាក់ បាន​ស្លាប់​ ​នៅ​យប់ថ្ងៃ​សុក្រ នៅ​ពេល​ដែល​ជន​ប្រដាប់​អាវុធ​ធុន​ធ្ងន់​បាន​សម្រុក​ចូល​ទៅ​ក្នុងបារ​មួយ​នៅ​ក្នុង​ក្រុង ជីហាវហាវ ( Chihuahua) រដ្ឋធានី​តំបន់​ភាគ​ខាងជើង រួច​បាន​បាញ់​រះ។

ពិភពលោក៖ កិច្ច​ប្រជុំ​ពាក់​កណ្ដាល​ឆ្នាំ​របស់​មូលនិធិ​រូបីយវត្ថុ​អន្ដរជាតិ (IMF) និង ធនាគារពិភព​លោក (WB) បាន​ត្រូវ​បញ្ចប់​នៅ​ថ្ងៃសៅរ៍​នេះ ក្រោយ​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ​បាន​សន្យា​ថា​នឹង​ផ្ដល់​ថវិកា​ច្រើន​ថែម​ទៀត ឲ្យ​IMF​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ទៅ​អនាគត​នៅ​ជុំ​វិញ​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​តំបន់​អឺរ៉ុប។

ហ្វីលីពីន៖ មេ​បញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​នៃ​កងកម្លាំង​ជើងទឹក​នៃ​ប្រទេស​ហ្វីលីពីន​នៅ​តំបន់​ប៉ាស៊ីហ្វីក​បាន​បញ្ជាក់​ឡើង​វិញ អំពី​សន្ធិសញ្ញា​ការពារ​ជាតិ​ទៅ​វិញ​ទៅ​មក​ជា​មួយ​ស.រ.អា​ ​និង​ហ្វីលីពីន កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​រវាង​ប្រទេស​ឧបទ្វីប​មួយ​នេះ​និង​ ប្រទេស​ចិន។