ហ្វីលីពីន៖ អ្នកជួយសង្គ្រោះបានស្វែងរកមនុស្សជាង៨រយនាក់ដែលកំពុងបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រោយពេលមានទឹកជំនន់និងការបាក់ដីដែលបណ្តាលឱ្យមនុស្សជាង៦រយនាក់ស្លាប់នៅភាគខាងត្បូងហ្វីលីពីន។
ខ្យល់ព្យុះទីហ្វុងឈ្មោះវ៉ាស៊ី Washi បានបោកបក់លើតំបន់មិនដាណាវ កាលពីយប់ថ្ងៃសុក្រ នាំឱ្យមានភ្លៀងនិងខ្យល់បក់បោកយ៉ាងខ្លាំងនៅលើតំបន់នោះ។ ទឹកជំនន់បានហូរនាំផ្ទះសម្បែងជាច្រើនខ្នងរួមជាមួយប្រជាជនរាប់គ្រួសារដែលស្ថិតនៅក្នុងភូមិរាប់សិបក្នុងតំបន់ឆ្នេរសមុទ្រកាហ្គាយ៉ាន ដឹ អូរ៉ូ Cagayan de Oro និង អ៊ីលីហ្គានIligan។
អ៊ីរ៉ាក់៖ ក្បួនទ័ពចុងក្រោយបង្អស់របស់អាមេរិកបានចាកចេញពីអ៊ីរ៉ាក់ដោយបានបញ្ចប់សង្គ្រាមដឹកនាំដោយអាមេរិកជិត៩ឆ្នាំ ដែលបានបណ្តេញមេដឹកនាំផ្តាច់ការអ៊ីរ៉ាក់ឈ្មោះ សាដាម ហ៊ូសេនចេញពីតំណែង។
ស៊ីរី៖ មន្ត្រីជាន់ខ្ពស់អារ៉ាប់សង្ឃឹមថាប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ Bashar al-Assad នឹងចុះហត្ថលេខាឲ្យបានឆាប់លើផែនការសន្តិភាពមួយនៃសម្ព័ន្ធអារ៉ាប់ ដែលមានគោលដៅបញ្ចប់ការបង្ក្រាបដ៏ឃោរឃៅរបស់លោកទៅលើការបះបោរនៃក្រុមប្រឆាំងដែលមានរយៈពេល៩ខែមកហើយ។
ឆែក៖ អតីតប្រធានាធិបតីឆែក វ៉ាក្លាវ ហាវេល Czech Vaclav Havel ដែលជាអ្នកនិពន្ធរឿងល្ខោនប្រឆាំងនឹងរដ្ឋាភិបាលនិងបានដឹកនាំការបដិវត្តន៍ដោយសន្តវិធី ដែលបានរំលំរបបកុម្មុយនិស្តក្នុងអតីតប្រទេស ឆេកូស្លូវ៉ាគី បានទទួលអនិច្ចកម្មហើយក្នុងជន្មាយុ៧៥ឆ្នាំ។
បារាំង៖ ពង្រាងច្បាប់បារាំងមួយដែលចាត់ទុកជាឧក្រិដ្ឋកម្មនូវការបដិសេធថាការសម្លាប់រង្គាលជនជាតិអាមេនី កាលពីឆ្នាំ១៩១៥ មិនមែនជាការសម្លាប់ប្រល័យពួជសាសន៍មួយបាននាំឱ្យមានការរិះគន់ពីសំណាក់ប្រទេសតួកគី។