យានចម្លងអវកាសអាមេរិក Discovery ដែលគេឈប់ប្រើបានចុះចតនៅឯចំណតយន្តហោះអន្តរជាតិ Dulles នាប៉ែកខាងជើងនៃរដ្ឋ Virginia នៅពេលវាធ្វើដំណើរទៅកាន់កន្លែងដាក់តាំងថ្មីរបស់វាក្នុងសារមន្ទីរយន្តហោះមួយនៅរដ្ឋធានីវ៉ាស៊ីនតោន។ យានអវកាសចម្លងនេះដែលបានត្រូវស្ថាបនាកាលពី២៨ឆ្នាំមុននេះបានធ្វើដំណើរចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy កាលពីថ្ងៃអង្គារដោយបានត្រូវដាក់នៅលើដំបូលនៃយន្តហោះ Boeing 747 មួយគ្រឿងរបស់ទីភ្នាក់ងារណាសា។
ស៊ីរី៖ នៅពេលដែលកិច្ចឈប់បាញ់គ្នាមួយក្នុងប្រទេសស៊ីរីកំពុងទ្រេតទ្រោត កងកម្លាំងរដ្ឋាភិបាលស៊ីរីបានពង្រីកការវាយប្រហាររបស់ពួកគេទៅលើសំបុកក្រុមប្រឆាំងកាលពីថ្ងៃអង្គារនៅពេលដែលក្រុមទៅមុនមួយនៃពួកអ្នកសង្កេតការអន្តរជាតិធ្វើការដើម្បីពង្រីកបេសកកម្មរបស់ពួកគេក្នុងប្រទេសនេះ។
កូរ៉េខាងជើង៖ កាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានច្រានចោលការថ្កោលទោសរបស់អង្គការសហប្រជាជាតិដល់ការបង្ហោះរ៉ុក្កែតគ្មានជោគជ័យរបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ហើយបានសន្យាថានឹងបន្តការខិតខំប្រឹងប្រែងបាញ់បង្ហោះកាំជ្រួចផ្លោង មានវង់ប្រតិបត្តិការឆ្ងាយមួយគ្រឿងឱ្យចូលក្នុងអវកាសដើម្បីដាក់ផ្កាយវិទ្យាសាស្ត្រមួយឱ្យចូលក្នុងតារាវិថី។ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយទទូចថារដ្ឋាភិបាលក្រុង Pyongyang មានសិទ្ធិខាងផ្លូវច្បាប់នៅពេលខ្លួនបានបង្ហោះរ៉ុក្កែតមួយគ្រឿងកាលពីសប្តាហ៍មុនដែលខ្លួននិយាយថាបានផ្ទុកផ្កាយវិទ្យសាស្ត្រធាតុអាកាសមួយឱ្យចូលទៅក្នុងតារាវិថី។ រ៉ុក្កែតនេះបានបាក់បែកហើយធ្លាក់ទៅក្នុងសមុទ្រលឿង--បណ្តាលឱ្យមានការរិះគន់ពីអង្គការសហប្រជាជាតិ ប្រទេសចិនដែលជាសម្ព័ន្ធមិត្តយូរយាមកហើយរបស់កូរ៉េខាងជើង អាមេរិក ជប៉ុននិងសហភាពអឺរ៉ុប។ ពួកអ្នករិះគន់បានចោទប្រកាន់កូរ៉េខាងជើងថាបានប្រើប្រាស់ឆាកផ្កាយវិទ្យាសាស្ត្រជាការលាក់បាំងសម្រាប់ធ្វើការបាញ់ពិសោធន៍កាំជ្រួចផ្លោងដែលបានត្រូវហាមប្រាមតាមរយៈសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។
អាហ្វហ្គានីស្ថាន៖ លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Hamid Karzai បាននិយាយថាលោកចង់ឱ្យអាមេរិកផ្តល់ប្រាក់២ពាន់លានដុល្លារក្នុង១ឆ្នាំដើម្បីជួយផ្គត់ផ្គង់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅពេលណាដែលក្រុមទាហានប្រយុទ្ធអន្តរជាតិចាកចេញពីប្រទេសនេះក្នុងឆ្នាំ២០១៤។
ប៉ាឡេស្ទីន៖ ទីភ្នាក់ងារព័ត៌មាន AP, Reuters និង AFP បានរាយការណ៍ថាគណៈប្រតិភូប៉ាឡេស្ទីនមួយឋិតនៅអ៊ីស្រាអែលដើម្បីប្រគល់លិខិតមួយច្បាប់ពីលោកប្រធានាធិបតី Mahmoud Abbas ឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយរៀបរាប់ការត្អូញត្អែរអំពីការគ្មានជោគជ័យនៃដំណើរការសន្តិភាព។
អឺរ៉ុប៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិមានសុទិដ្ឋិនិយមច្រើនជាងមុនបន្តិចអំពីការលូតលាស់សេដ្ឋកិច្ចសាកល នៅពេលដែលប្រទេសជាតិអឺរ៉ុបបានចាត់វិធានការដើម្បីដោះស្រាយវិបត្តិជំពាក់បំណុលរបស់ពួកគេ ហើយសេដ្ឋកិច្ចអាមេរិកបានលូតលាស់លឿនជាងមុនបន្តិច។
ភូមា៖ អាមេរិកបានបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើភូមាដើម្បីអនុញ្ញាតឱ្យក្រុមអាមេរិកាំងមិនមែនជារបស់រដ្ឋាភិបាលចូលទៅក្នុងប្រទេសនេះដើម្បីធ្វើការខាងមនុស្សធ៌មនិងការអភិវឌ្ឍន៍។