សហរដ្ឋអាមេរិក៖ មេធាវីការពារក្តីម្នាក់កាលពីថ្ងៃសុក្របានអំពាវនាវឲ្យចៅក្រមដកពាក្យប្តឹងចោទប្រកាន់ទាហានសហរដ្ឋអាមេរិកម្នាក់ពីការទម្លាយឯកសារសម្ងាត់។
ក្នុងសវនាការមុនការជុំនុំជម្រះលើលោកពលបាលប្រ៊េដលី មេននីង Bradley Manning មេធាវីដេវិឌ ឃូមប៍ David Coombs លើកឡើងថាមន្រ្តីសវនាការនោះ ត្រូវតែចុះចេញពីតំណែង ព្រោះលោកធ្វើការងារជារដ្ឋអាជ្ញារបស់ក្រសួងយុត្តិធម៌ក្នុងកិច្ចការស៊ីវិល។ ក្រសួងយុត្តិធ៌មកំពុងធ្វើការស៊ើបអង្កេតដាច់ដោយឡែកពីគ្នាពីលោកជូលៀន អាសាង Julian Assange អ្នកបង្កើតវីគីលីក Wikileaks ដែលរងការចោទប្រកាន់ពីបានទទួលឯកសារសម្ងាត់មកពីលោកមេននីង ។
ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនយ៉ូស្ហ៊ីហ៊ីកូ ណូដា Yoshihiko Noda បាននិយាយថារោងចក្រនុយក្លេអ៊ែរដែលខូចខាតដោយសារលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ មិនា បានឈានដល់ការបិទទ្វារដែលជាជំហាន ដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងដើម្បីធ្វើគ្រប់គ្រងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់របស់ជប៉ុន។
រុស្ស៊ី៖ អង្គការពាណិជ្ជកម្មពិភពលោកបានសុខចិត្តទទួលយករុស្ស៊ីជាផ្លូវការជាសមាជិក បន្ទាប់ពីការចរចាអស់រយៈពេល១៨ឆ្នាំ។
សហរដ្ឋអាមេរិក៖ មេដឹកនាំព្រឹទ្ធសភានិងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក និយាយថាពួក លោកបានឈានដល់កិច្ចព្រមព្រៀងមួយលើការផ្តល់ថវិកាដល់រដ្ឋាភិបាលសហព័ន្ធដែលអាចបញ្ចៀសការអាចកើតមាននូវភាពគាំងប្រតិបត្តិការរបស់រដ្ឋាភិបាលស្ទើរតែទាំងអស់។
ស៊ីរី៖ ពួកសកម្មជនថាកងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្ស៤នាក់កាលពីថ្ងៃសុក្រនៅពេលដែលបាតុករជាង២សែននាក់បានធ្វើការជួបជុំមហាជនប្រឆាំងរដ្ឋាភិបាលប្រធានាធិបតីបាសា អាល់ អាសាដ Bashar al- Assad។
អេហ្ស៊ីប៖ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានប៉ះទង្គិចជាមួយបាតុករដែលកំពុងទាមទារឲ្យបញ្ចប់ការគ្រប់គ្រងរបស់ពួកយោធា។ បាតុកររាប់ពាន់នាក់នៅក្នុងរដ្ឋធានីឡឺគែរបានចោលដុំថ្មនិងគ្រាប់បែកសាំងទៅលើកងអាវុធហត្ថកាលពីថ្ងៃសុក្រ ខណៈដែលក្រុមកងកម្លាំងតបវិញដោយប្រើប្រាស់កាណុងបាញ់ទឹក និងបាញ់គ្រាប់កាំភ្លើងបង្ហើរទៅលើអាកាស។
កាហ្សាក់ស្ថាន៖ ការប្រារព្ធពិធីបុណ្យឯករាជ្យនៅកាហ្សាក់ស្ថានបានជួបប្រទះការសៅហ្មងដោយមានអំពើហិង្សាប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១០នាក់ដែរ។
រុស្ស៊ី៖ អាជ្ញាធររុស្ស៊ី ប្រាប់ឲ្យដឹងថាពួកគេ បានរឹបអូសយកឧបករណ៍សម្រាប់ផលិតវិទ្យុសកម្មនៅចំណតអាកាសយានទីក្រុងម៉ូស្គូពីវ៉ាលីរបស់អ្នកដំណើរម្នាក់ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។
ឥណ្ឌា៖ រុស្ស៊ីនិងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតិឲ្យឥណ្ឌាទិញយន្តហោះចម្បាំងរុស្ស៊ីចំនួន៤២គ្រឿងដែលត្រូវដំឡើងនៅក្នុងប្រទេសឥណ្ឌា។
សូម៉ាលី៖ ចោរសមុទ្រសូម៉ាលី២នាក់ ត្រូវគេរំពឹងថានឹងត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិតកាលពីថ្ងៃសុក្រចំពោះតួនាទីរបស់ពួកគេក្នុងការប្លន់ដែលបាននាំឲ្យស្លាប់ជនជាតិអាមេរិកាំងអស់៤នាក់។