ប្រទេសកម្ពុជានិងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននៅថ្ងៃសៅរ៍នេះនៅមុនសន្និសីទកំពូលមួយនៃពួកមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងរាជធានីភ្នំពេញ។
ពួកមន្ត្រីខ្មែរបាននិយាយថាលោកប្រធានាធិបតីចិន ហ៊ូ ជីនតាវ (Hu Jintao) និងនាយករដ្ឋមន្ត្រី
ហ៊ុន សែន នៃប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង១០ទាក់ទិនទៅនឹងកសិកម្មនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
ទស្សនកិច្ចផ្លូវរដ្ឋបួនថ្ងៃរបស់លោក ហ៊ូ ត្រូវចំពេលដំណាលគ្នាជាមួយសន្និសីទកំពូលមួយនៃពួកមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងរាជធានីនៃប្រទេសកម្ពុជា។
ប្រទេសចិនបានផ្តល់ឱ្យប្រទេសកម្ពុជានូវជំនួយនឹងប្រាក់កម្ចីគ្មានយកការប្រាក់ចំនួន៧១លានដុល្លារ។
ប្រទេសចិនបានផ្តល់ជំនួយច្រើនគួរសមឱ្យដល់ប្រទេសកម្ពុជាកាលពីទសវត្សរ៍មុនបានយល់ព្រមលប់ចោលប្រាក់បំណុលនិងផ្តល់លក្ខណៈមិនយកពន្ធដារលើទំនិញ៤រយមុខ។
ក្រុមហ៊ុនចិនជាង៣រយបានធ្វើវិនិយោគក្នុងប្រទេសកម្ពុជាភាគច្រើនក្នុងគម្រោងកសិកម្ម ការសាងសង់ និងការស្ថាបនាទំនប់ទឹក។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ថៃ៖ ពួកមន្ត្រីក្នុងប្រទេសថៃបាននិយាយថាមនុស្ស៨នាក់បានស្លាប់ហើយមានមនុស្សយ៉ាងតិចណាស់៧០នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះគ្រាប់បែកបីតែប៉ុន្មាននាទីពីគ្នានៅក្នុងតំបន់ភាគខាងត្បូងប្រទេសដែលមានការបះបោរ។
ស.រ.អា/អារ៉ាប៊ីសាអូឌីត៖ នៅថ្ងៃសៅរ៍នេះ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ. ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បន្តទស្សនកិច្ចរបស់លោកស្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត (Arabie Saoudite) ជាមួយជំនួបមួយជាមួយពួកអ្នកការទូតក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ដើម្បីពិភាក្សាគ្នាអំពីការបញ្ឈប់ការបង្ក្រាបមួយឆ្នាំមកហើយរបស់រដ្ឋាភិបាលស៊ីរីទៅលើក្រុមប្រឆាំង។
ស.រ.អា/អ៊ីរ៉ង់៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ា កំពុងចាត់វិធានការទៅមុខជាមួយការដាក់ទណ្ឌកម្មប្រឆាំងនឹងការដឹកជញ្ជូនប្រេងរបស់ប្រទេសអ៊ីរ៉ង់ទៅលក់ឯប្រទេសក្រៅដោយលោកបានសម្រេចថាមានប្រេងឆៅគ្រប់គ្រាន់នៅក្នុងទីផ្សារពិភពលោកដែលពួកសម្ព័ន្ធមិត្តរបស់ស.រ.អ.នឹងមិនមានផលប៉ះពាល់មិនល្អទេប្រសិនបើពួកគេកាត់បន្ថយការទិញប្រេងពីរដ្ឋាភិបាលក្រុងតេហេរ៉ង់ (Teheran)។
ស.រ.អា៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាបានមានប្រសាសន៍ថាដល់ពេលវេលាហើយដែលជនជាតិអាមេរិកាំងមានធនធានច្រើនបំផុតត្រូវបង់អ្វីដែលលោកហៅថាចំណែកដ៍យុត្តិធម៌របស់ពួកគេក្នុងពន្ធដារ។