កាសែត២របស់កូរ៉េខាងត្បូង ប្រាប់ឲ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចម៉ីស៊ីលរយៈចម្ងាយខ្លីចេញពីឆ្នេរសមុទ្រខាងលិច។
កាសែត ចូសុន អ៊ីលបូ (Chosun Ilbo) ប្រាប់ឲ្យដឹងថាកាំជ្រួចម៉ីស៊ីល២គ្រាប់បានបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ចេញពីលើដីទៅកប៉ាល់ដឹកម៉ីស៊ីល។ កាសែតនោះប្រាប់ឲ្យដឹងទៀតថាខ្លួនបានដឹងមកពីមន្រ្តីយោធាម្នាក់ដែលមិនប្រាប់ឲ្យដឹងឈ្មោះថាការបាញ់បង្ហោះនោះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពកាំជ្រួចម៉ីស៊ីលហើយមិនទាក់ទិននឹងការបាញ់បង្ហោះកាំជ្រួចរ៉ុកកែតដែលគ្រោងធ្វើនៅខែក្រោយទេ។
កាសែត ជូង អាង អ៊ីលបូ (JoongAng Ilbo) បានធ្វើសេចក្តីរាយការណ៍ស្រដៀងគ្នា។
កូរ៉េខាងជើង ប្រាប់ឲ្យដឹងថាខ្លួននឹងបាញ់បង្ហោះគ្រាប់រ៉ុកកែតរយៈចម្ងាយវែងពីឆ្នេរសមុទ្ររបស់ខ្លួននៅពាក់កណ្តាលខែមេសាដែលមានគោលបំណងដាក់ផ្កាយរណបពិនិត្យមើលអាកាសធាតុចូលក្នុងគន្លងផែនដីដើម្បីប្រារព្ធខួបលើកទី១០០នៃថ្ងៃកំណើតរបស់លោក គីម អ៊ីល ស៊ុង (Kim Il Sung) មេដឹកនាំបង្កើតប្រទេសកូរ៉េខាងជើង។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស៊ីរី៖ លោក កូហ្វី អាណាន់ (Kofi Annan) បេសកជនរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ និយាយថារដ្ឋាភិបាលស៊ីរី ត្រូវតែអនុវត្តបទឈប់បាញ់គ្នាជាបន្ទាន់ហើយនឹងបញ្ឈប់ការវាយប្រហារលើពួកប្រឆាំង នៅពេលដែលការប្រយុទ្ធគ្នានៅពេលថ្មីៗនេះបានផ្ទុះឡើងនៅពាសពេញប្រទេសនៅថ្ងៃសុក្រនេះ។
ភូមា៖ លោកស្រី អង់ សាន ស៊ូ ជី (Aung San Suu Kyi) មេដឹកនាំប្រជាធិបតេយ្យភូមា មានប្រសាសន៍ថាការបោះឆ្នោតសភានៅពេលខាងមុខមានការសៅហ្មងដែលបណ្តាលមកពីការរាលដាលនៃភាពមិនប្រក្រតី។
បារាំង៖ ប្រធានាធិបតីបារាំង លោក នីកូឡាស សាកូហ្សី (Nicolas Sarkozy) មានប្រសាសន៍ថាប៉ូលីស បានឃុំខ្លួនមនុស្ស១៩នាក់នៅក្នុងការបង្ក្រាបលើពួកជនសង្ស័យជ្រុលនិយមអ៊ីស្លាមនៅពាសពេញប្រទេស។
ម៉ាលី៖ សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋក្នុងតំបន់អាហ្វ្រិកខាងលិចបានផ្តល់រយៈពេល៣ថ្ងៃដល់មេដឹកនាំក្រុមប្រឹក្សាយោធានៃប្រទេសម៉ាលី ដើម្បីធ្វើឲ្យមានសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញ បើពុំដូច្នេះទេ នឹងប្រឈមមុខការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចនិងហាមឃាត់ការធ្វើដំណើរ។
ចិន៖ សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) បានត្រូវគេចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ហើយបានស្ថិតនៅក្រោយការវាយប្រហារពីពួកមន្រ្តីចិននៅពេលដែលគេដឹងថាព្រះអង្គជាជ័យលាភីនៃរង្វាន់ដែលមានទឹកប្រាក់១លាន៧សែនដុល្លារ។
រុស្ស៊ី/ស.រ.អា៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ី បានមានប្រសាសន៍ថា e-mail និងទូរស័ព្ទរបស់លោក បានត្រូវគេលួចមើលនិងស្តាប់នៅពេលដែលអ្នកកាសែតមកទីកន្លែងដែលលោកកំពុងធ្វើការប្រជុំ។
បាគីស្ថាន៖ មន្រ្តីស៊ើបការណ៍សម្ងាត់បាគីស្ថាន និយាយថាការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក បានសម្លាប់ពួកជនសកម្មប្រយុទ្ធយ៉ាងហោចណាស់ក៏៣នាក់ហើយនឹងធ្វើឲ្យ២នាក់ទៀតរងរបួសនៅក្នុងតំបន់ពាយ័ព្យនៃប្រទេសបាគីស្ថាន។