មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​រិះគន់​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​សាលាក្តី

លោក​សម រង្ស៊ី បញ្ជាក់​ថា ​បើ​មិន​បញ្ឈប់​ការ​ចូល​ជ្រៀតជ្រែក​របៀប​នេះ​ទេ​ កេរ្តិ៍​ដំណែល​សាលាក្តី​នឹង​បន្សល់​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា​ដដែល។

មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ បាន​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដោយ​ចោទ​ប្រកាន់​ថា​ បាន​ជ្រៀត​ជ្រែក​ដោយ​ងងឹត​ងងល់​ចូលក្នុង​ចេតនា​នានា​ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​ក្រុម​ខ្មែរ​ក្រហម។​

លោក​ សម រង្ស៊ី​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​ផ្នែក​ភាសាខ្មែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មន្ត្រី​ក្នុង​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន​ ព្រួយ​បារម្ភ​នៅ​ពេល​ដែល​មាន​ការ​ស៊ើប​អង្កេត​ច្រើន​ជាង​ករណី​ដែល​មាន​នា​ពេល​បច្ចុប្បន្ន។

ចៅក្រម​ស៊ើប​អង្កេត​ Laurent Kasper-Ansermet ​បាន​លាឈប់​ពី​តំណែង​កាល​ពី​ដើម​សប្តាហ៍​នេះដើម្បី​ជា​ការ​តវ៉ា​ហើយ​បាន​រៀបរាប់​ពី​ការ​ប្រឆាំង​ជា​បន្ត​បន្ទាប់​ចំពោះ​សិទ្ធិ​របស់​គាត់​ពី​សំណាក់ចៅក្រម​ស៊ើប​អង្កេត​កម្ពុជា។ លោក​ចៅក្រម​ដែល​កាន់​តំណែង​មុន​គឺ​លោក​ Siegfried Blunk ​ក៏​បាន​លាលែងចេញ​ដោយសារ​ហេតុផល​ចូល​ជ្រៀតជ្រែក​ពី​លោក​យូ ប៊ុនឡេង​ដូច​គ្នា។

លោក​សម រង្ស៊ី បញ្ជាក់​ថា ​បើ​មិន​បញ្ឈប់​ការ​ចូល​ជ្រៀតជ្រែក​របៀប​នេះ​ទេ​ កេរ្តិ៍​ដំណែល​សាលាក្តី​នឹង​បន្សល់​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា​ដដែល។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

លោក​ស្រី វីតនី យូស្តុន (Whitney Houston)

សហរដ្ឋ​អាមេរិក៖ ក្រុម​មន្ត្រី​សុខាភិបាល​បាន​កំណត់​ថា ​មរណភាព​របស់​តារា​ចម្រៀង​អាមេរិក​ គឺ​លោក​ស្រី​ វីតនី យូស្តុន (Whitney Houston) ​កាល​ពី​ខែ​មុន​គឺ​ដោយសារ​ការ​លង់​ទឹក​ដោយ​ចៃដន្យ​និង​ដោយសារ​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​ជាតិ​កូកាអ៊ីន​និង​ជំងឺ​បេះដូង។

ស៊ីរី៖ សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ក្រុម​បក្ខពួក​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad​ ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ថ្មីៗ​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​ប្រទេស។

អាហ្វហ្គានីស្ថាន៖ មន្ត្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ព្រឹន្ទបាល​ Robert Bales ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​១៧​នាក់​ក្នុង​ពេល​បាញ់​បោះ​ដោយ​សេរី​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិនា​ ក្នុង​ភូមិ​ពីរ​នៃ​ខេត្ត​កាន់ដាហារ​ នា​ភាគ​ខាងត្បូងប្រទេស​ នឹង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ចំនួន​១៧​ទាក់​ទង​នឹង​ការ​ធ្វើ​ឃាត​នេះ។

ម៉ាលី៖ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោល​ទោស​ក្រុម​ទាហាន​ម៉ាលី​ដែល​ងើប​ឡើង​បះបោរ​ក្តាប់​យក​អំណាច​ដោយ​បង្ខំ​ពី​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​ដោយ​ប្រជាធិបតេយ្យ។

បារាំង៖​ អាជ្ញាធរ​ប៉ូលិស​បារាំង​បាន​ចាប់​ផ្តើ​ម​ប្រមូល​ភស្តុតាងពី​ផ្ទះ​របស់​ជន​សង្ស័យ​ដែល​បាន​ធ្វើ​ឃាត​មនុស្ស​អស់​ជាច្រើន​នាក់​និង​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ពេល​ប្រឈម​មុខ​គ្នា​អស់​រយៈ​ពេល​៣២​ម៉ោង​ក្នុង​ទីក្រុង​ទូលូស (Toulouse)។

អេហ្ស៊ីប៖ មន្ត្រី​ក្រសួង​ការបរទេស​និយាយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​អនុញ្ញាត​ឱ្យ​ប្រគល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ដែល​មាន​ទឹកប្រាក់​១.៣០០​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​អេហ្ស៊ីប បើ​ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​ថា ​ប្រទេស​នេះ​នៅ​មិន​ទាន់​ធ្វើ​ការ​កែ​ទម្រង់​តាម​លទ្ធិប្រជាធិបតេយ្យ​គ្រប់គ្រាន់​ក៏​ដោយ។

អូស្ត្រាលី-អាស៊ី៖ ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press​ រាយការណ៍​ថា​ លោក Bob Carr​ រដ្ឋមន្រ្តី​ការបរទេស​អូស្ត្រាលី​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ទី​មួយ​ក្នុង​ឋានៈ​ជា​រដ្ឋមន្រ្តី​ការបរទេស។ លោក Bob Carr ​មាន​គម្រោង​ឈប់​នៅ​ប្រទេស​កម្ពុជា វៀតណាម និង​ សិង្ហបុរី។

អឺរ៉ុប៖ ការ​ស្ទាបស្ទង់​មតិ​សាធារណជន​ថ្មី​មួយ​បង្ហាញ​ថា ​ពលរដ្ឋ​អឺរ៉ុប​ទទូច​សុំ​ឱ្យ​សហភាព​អឺរ៉ុប​ចាត់​វិធានការ​ខ្លាំង​ជាង​មុន​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​គុណភាព​ទឹក​ក្នុង​បណ្តា​ប្រទេស​សមាជិក​ទាំង​២៧។ មាន​មនុស្ស​ជិត​៧០​ភាគរយ​នៃ​ពលរដ្ឋ​២.៥០០​នាក់​ដែល​បាន​គេ​បាន​សាកសួរ​កាល​ពី​ខែ​នេះ​និយាយ​ថា​ មាន​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ទឹក​ក្នុង​ទ្វីប​អឺរ៉ុប។