ជនជាប់សង្ស័យឈ្មោះ មូហាមីទ មឺរ៉ាហ អាយុ២៣ឆ្នាំ ដែលជាប់សង្ស័យពីបទសម្លាប់មនុស្ស៧នាក់នៅទីក្រុង ទូលូស្ស នៅភាគខាងត្បូងប្រទេសបារាំង បានបាត់បង់ជីវិត បន្ទាប់ពីកងកងកុម៉្មង់ដូ បារាំងបានវាយលុកចូលទៅក្នុងផ្ទះល្វែងរបស់ជននេះ។
លោក ហ្វ្រាងកូ មូលីន រដ្ឋអាជ្ញាបារាំងថ្លែងថា លោក មឺរ៉ាហ បានត្រូវគ្រាប់ចំក្បាលស្លាប់នៅលើដី ដោយសារកាំភ្លើងរបស់ប៉ូលីស នៅពេលលោកលោតចេញតាមបង្អួច ដៃកាន់កាំភ្លើង ហើយនៅតែបាញ់ជាបន្ត។ លោក Claude Gueant រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ប៉ូលីសបានទទួលពាក្យបញ្ជាឲ្យព្យាយាមគ្រប់មធ្យោបាយដើម្បីចាប់ខ្លួនជនជាប់សង្ស័យឲ្យនៅរស់ជីវិត ហើយឲ្យបាញ់តែក្នុងករណីការពារខ្លួនតែប៉ុណ្ណោះ។ លោកបន្តថា ប៉ូលីសបានបាញ់តទៅវិញដើម្បីការពារខ្លួន នៅពេលជនជាប់សង្ស័យបានធ្វើការបាញ់យ៉ាងខ្លាំងពីបន្ទប់ទឹក ដែលបង្កប៉ូលីសពីរនាក់ត្រូវរងរបួសនៅក្នុងការបាញ់គ្នានេះ។
កូរ៉េខាងជើង៖ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គី មូន (Ban Ki-moon) នឹងលើករឿងនេះទៅនិយាយនៅក្នុងសន្និសីទកំពូលស្តីអំពីសន្តិសុខនុយគ្លេអ៊ែរនៅទីក្រុងសេអ៊ូល នៅសប្តាហ៍ក្រោយ លើផែនការរបស់កូរ៉េខាងជើងដែលចង់បង្ហោះផ្កាយរណបមួយចូលទៅក្នុងតារាវិថី ដែលត្រូវថាជាលេសមួយសម្រាប់ធ្វើការសាកល្បងប្រព័ន្ធដឹកនាំអាវុធនុយគ្លេអ៊ែរមួយនោះ ជាការគំរាមដល់សន្តិសុខក្នុងតំបន់ និងការរំលោភលើសេចក្តីសម្រេចចិត្តមួយរបស់អង្គការសហប្រជាជាតិដែលបានហាមក្រុងព្យុងយ៉ាង មិនឲ្យប្រើបច្ចេកវិជ្ជាកាំជ្រួចផ្លោងអន្តរទ្វីបនោះដែរ។
ចិន៖ ប្រទេសចិនបានការពារសេចក្តីសម្រេចឃុំខ្លួនអ្នកនេសាទត្រីជាតិវៀតណាម២១នាក់នៅក្នុងតំបន់មានជម្លោះមួយក្នុងសមុទ្រចិនខាងត្បូង នៅជិតកោះ ផារ៉ាសែល បន្ទាប់ពីវៀតណាមបានអំពាវនាវឲ្យ មានការដោះលែង «ជាបន្ទាន់និងដោយឥតលក្ខខ័ណ្ឌ» ហើយថាការចាប់ខ្លួននេះជាការ«រំលោភធ្ងន់ធ្ងរ»ទៅលើការទាមទាររបស់ខ្លួនយកកោះទាំងនេះ ដែលវៀតណាមឲ្យឈ្មោះថា កោះ ហួងសា។
ភូមា៖ នៅក្នុងការសម្របសម្រួលគ្នាជាមួយរដ្ឋាភិបាលប្រទេសភូមា អង្គការយូនេស្កូបានធ្វើសិក្ខាសាលាមួយដើម្បីពិនិត្យមើលទំនាក់ទំនងរបស់រដ្ឋាភិបាលភូមាជាមួយបណ្តាញផ្សាយព័ត៌មាន។ យូនេស្កូនិយាយថា ការពិភាក្សាបានផ្តោតទៅលើការគោរពបទដ្ឋានអន្តរជាតិខាងសេរីភាពក្នុងការបញ្ចេញមតិ ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសអំពីសិទ្ធិមនុស្សជាសាកល។
សហរដ្ឋអាមេរិក៖ ទាហានម្នាក់នៃកងម៉ារីនអាមេរិក ឈ្មោះ ការី ស្តែន កំពុងប្រឈមមុខនឹងលទ្ធភាពនៃការបណ្តេញចេញពីកងទ័ពចំពោះទំព័រ Facebook របស់គាត់ដែលរិះគន់ប្រធានាធិបតីអូបាម៉ា ពីបទរំលោភនយោបាយរបស់កងទ័ព។ តែលោក ស្តែន បាននិយាយថា លោកគ្រាន់តែអនុវត្តសិទ្ធិតាមរដ្ឋធម្មនុញ្ញនៃការនិយាយស្តីដោយសេរីរបស់គាត់ ហើយគាត់មិនដែលនិយាយតំណាងឲ្យទាហានម៉ារីន ឬពេលស្លៀកពាក់ឯកសណ្នានទេ។
ម៉ាលី៖ អាមេរិកបានចូលរួមជាមួយក្រុមប្រទេសកាន់តែច្រើនឡើង ក្នុងការផ្តន្ទាទោសរដ្ឋប្រហារមួយរបស់ពួកទាហានបះបោរ លើលោកប្រធានាធិបតី អាម៉ាដូ ទួម៉ានី ទួរ នៃប្រទេស ម៉ាលី។ អាមេរិកបង្ហាញនូវចំហរគាំទ្ររដ្ឋាភិបាលដែលបានជាប់ឆ្នោតដោយស្របច្បាប់របស់លោក ទួរនិងអំពាវនាវឲ្យមានការរៀបចំឲ្យមានការគ្រប់គ្រងតាមរដ្ឋធម្មនុញ្ញឡើងវិញនៅក្នុងប្រទេសនោះ។
ស៊ីរី៖ ការវាយប្រយុទ្ធផ្ទុះឡើងជាថ្មីទៀតនៅពាសពេញប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលនិងក្រុមប្រឆាំង អនុវត្តផែនការសន្តិភាពមួយ ដែលប្រេសិតអង្គការនេះបានដាក់ស្នើដើម្បីបញ្ចប់ការបង្ហូរឈាមរបស់ក្រុមប្រឆាំង។ ក្រុមប្រឹក្សាសន្តិសុខបានគំរាមស៊ីរី អំពី«ជំហានបន្ថែម» បើសិនជាសេចក្តីស្នើសន្តិភាពប្រាំមួយចំណុចរបស់ប្រេសិតអន្តរជាតិ កូហ្វី អាណាន់ នឹងបានទទួលការបដិសេធ។
សហរដ្ឋអាមេរិក៖ នៅក្នុងទិវាទឹកពិភពលោកឆ្នាំ២០១២ លោកស្រីរដ្ឋមន្រ្តីការបរទេស ហ្លីលឺរី គ្លីនតុន បានបញ្ជាក់អំពីសារៈសំខាន់នៃការអាចមានធនធានទឹកប្រើប្រាស់។ លោកស្រីមានប្រសាសន៍ថា ការបានទទួលទឹកស្អាតប្រើប្រាស់ជាការចាំបាច់សម្រាប់សុខភាពនិងភាពលូតលាស់នៃសង្គម នៅពេលដែលរបាយការណ៍សម្ងាត់ថ្មីមួយរបស់អាមេរិក បានព្រមានអំពីគ្រោះថ្នាក់ខាងការខ្វះស្ថិរភាព ដែលកើតមានឡើងដោយសារការខ្វះទឹកប្រើប្រាស់ ក្នុងពេលមួយទសវត្សរ៍ខាងមុខ។