មេធាវី​ចិន​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​សច្ចាប្រណីធាន​សម្តែង​ភក្តីភាព​ចំពោះ​គណបក្ស​កុម្មុយនីស្ត

ចិន៖ ជា​លើក​ដំបូង​បង្អស់​ ក្រសួង​យុត្តិធម៌​ចិន​បាន​បញ្ជា​ឲ្យ​មេធាវី​ធ្វើ​សច្ចា​ប្រណីធាន​សំដែង​ភក្តីភាព​ចំពោះ​គណបក្ស​កុម្មុយនីស្ត។​ ចំណាត់ការ​នេះ​បាន​ធ្វើ​ឲ្យ​មេធាវី​សិទ្ធិ​មនុស្ស​ដែល​ការពារ​ក្តី​ពួក​អ្នក​រិះ​គន់​រដ្ឋាភិបាល​ផ្តាច់​ការ​នៅ​ក្រុង​ប៉េកាំង​មាន​កំហឹង​ជា​ខ្លាំង។​ សច្ចា​ប្រណិធាន​នេះ​តម្រូវ​ឲ្យ​មេធាវី​ «ធ្វើ​សេចក្តី​ប្តេជ្ញា​ថា​នឹង​បំពេញ​បេសកកម្ម​ពិសិដ្ឋ​ជា​អ្នក​តំណាង​ច្បាប់​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​ប្រព័ន្ធ​សង្គម​និយម​តាម​លក្ខណៈ​ជា​ចិន»​ ឲ្យ​ស្មោះ​ត្រង់​នឹង​មាតុ​ប្រទេស​ និង​ប្រជារាស្រ្ត​ លើក​ស្ទួយ​ក្រុម​មេដឹកនាំ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ និង​ប្រព័ន្ធ​សង្គមនិយម។​

មេធាវី​ពី ហ្ស៊ីជាង​ បាន​ប្រាប់​ក្រុម​ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​របស់​វីអូអេ​ថា​ ពាក្យ​បញ្ជា​របស់គណកម្មាធិការ​គោល​នយោបាយ​និង​ច្បាប់​របស់​គណបក្ស​កុម្មុយនីស្ត​មាន​ភាព​ច្របូក​ច្របល់​តាំង​ពី​យូរ​មកហើយ។

ភូមា៖ មន្រ្តី​អាមេរិកាំង​និង​អឺរ៉ុប​និយាយ​ថា​ អស់​លោក​បាន​ទទួល​សេចក្តី​អញ្ជើញ​ឲ្យ​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ទៅ​មើល​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ​នៅ​ថ្ងៃ​ទី​១​ខែ​មេសា។​ ស្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក នៅ​ក្រុង​រ៉ង់ហ្គូន បាន​បញ្ជាក់​ប្រាប់​ វីអូអេ​ និង​អង្គការ​ផ្សាយ​ព័ត៌មាន​ដទៃ​ទៀត​ អំពី​សេចក្តី​អញ្ជើញ​នេះ​ កាល​ពី​ថ្ងៃ​ពុធ។ នៅ​ពេល​លោក​ស្រីអង់ឌ្រែន នុតស្មាន​ ថ្លែង​ថា​សហរដ្ឋអាមេរិក មាន​ការ​លើក​ទឹកចិត្ត​ចំពោះ​សេចក្តី​អញ្ជើញ​នេះ​ អាមេរិក​ក៏​មាន​សេចក្តី​ព្រួយបារម្ភ​ផង​ដែរ​ចំពោះ​សេចក្តី​រាយការណ៍​ដែល​ថា​ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ក្នុង​ការ​រៀបចំការ​បោះ​ឆ្នោត​នេះ។

ស៊ីរី៖ ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិបាន​អនុម័ត​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដើម្បី​គាំទ្រ​ផែនការ​របស់​លោក​ ខួហ្វី អាណាន់​ ប្រេសិត​របស់​អង្គការនេះ ​និង​សមាគម​ប្រទេស​អារ៉ាប់​ ដែល​មាន​គោល​បំណង​ចង់​បញ្ចប់​ការ​បះបោរ​មួយ​ឆ្នាំ​របស់​ប្រទេស​ស៊ីរី។​

បារាំង៖ កង​នគរបាល​បារាំង​កំពុង​ចរចា​ជា​មួយ​បុរស​ជាប់​សង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​មនុស្ស៧​នាក់​ រួម​មាន​កុមារ​ជាតិជ្វីហ្វ​៣​នាក់​ នៅ​ក្នុង​សាលារៀន​មួយ​ក្នុង​ទី​ក្រុង​ទូលូ ​នាភាគ​និរតី។​

សហរដ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ លោក​ មីតរ៉មនី​ បាន​ពង្រីក​ការ​នាំ​មុខ​របស់​លោក​ ក្នុង​ការ​ប្រកួត​ឲ្យ​បាន​ការ​តែង​តាំង​របស់​គណបក្ស​ នៅ​ពេល​ដែល​គូ​ប្រជែង​កៀក​បំផុត​របស់​លោក​ កំពុង​ផ្តោត​ទៅ​លើ​ការ​ប្រកួត​លើក​ក្រោយ​នៅភាគ​ខាង​ត្បូង​ ដែល​លោក​រ៉មនី មាន​ការ​លំបាក​ក្នុង​ការ​ប្រជែង​យក​អ្នក​គាំទ្រ។​

ម៉ាលី៖ បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​បាន​បញ្ឈប់​កម្មវិធី​ផ្សាយ​ក្នុង​រដ្ឋធានី​ នៅ​កន្លែង​ដែល​ក្រុម​ទាហាន​បាន​ធ្វើ​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​អំពី​ការ​បះ​បោរ។​

ហ្គីណេប៊ីសូ៖ នឹង​ត្រូវ​ធ្វើ​ការ​បោះ​ឆ្នោត​ផ្តាច់​ព្រាត់​មួយ​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​ បន្ទាប់​ពី​គ្មាន​បេក្ខជន​ណាម្នាក់​បាន​ឈ្នះ​សម្លេង​ភាគ​ច្រើន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើកទី​មួយ​ កាល​ពី​ថ្ងៃ​អាទិត្យ។​