មន្ដ្រីអាមេរិកាំង និងអឺរ៉ុបថ្លែងថា គេបានត្រូវអញ្ជើញឲ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍ដើម្បីពិនិត្យមើលការបោះឆ្នោតថ្ងៃទី១ ខែមេសា នៅក្នុងប្រទេសភូមា។
មន្ដ្រីផ្លូវការនៃស្ថានទូត ស.រ.អា ប្រចាំទីក្រុងរ៉ង់ហ្គូន (Rangoon) បានបញ្ជាក់អំពីការអញ្ជើញនេះ ដល់ វីអូអេ និងអង្គការព័ត៌មានដទៃទៀត កាលពីថ្ងៃពុធ មួយថ្ងៃក្រោយពីសមាគមអាស៊ាននិយាយថាខ្លួនបានទទួលសេចក្ដីអញ្ជើញដូចគ្នា។
ការអញ្ជើញរបស់ភូមាកត់សំគាល់ពីចំនុចរបត់មួយផ្ទុយពីការបោះឆ្នោតនៅឆ្នាំ២០១០ដែលបាននាំអំណាចដល់រដ្ឋាភិបាលគ្របដណ្ដប់ភាគច្រើនដោយក្រុមសម្ព័ន្ធមិត្ដជាមួយអតីតរដ្ឋាភិបាលយោធា។ តែរដ្ឋបាលថ្មីភូមាបានរៀបចំឲ្យមានការកែទម្រង់ជាច្រើន រាប់ទាំងការអនុញាតឲ្យគណបក្សជំទាស់ និងមេដឹកនាំលោកស្រី អង់ សាន សូជី (Ang San Suu Kyi) ចូលរួមក្នុងការបោះឆ្នោត។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស៊ីរី៖ អគ្គលេខាធិការ អ.ស.ប លោក បានគីមូន បានថ្លែងសារជាថ្មីឡើងវិញ ដោយលោកអំពាវនាវឲ្យបញ្ចប់អំពើឃោរឃៅនៅក្នុងប្រទេសស៊ីរី ចំពេលដែលក្រុមប្រឹក្សាសន្ដិសុខអ.ស.ប កំពុងធ្វើសេចក្ដីព្រាងគាំទ្របេសកម្មរបស់ប្រេសិតពិសេសរបស់អ.ស.ប លោក កូហ្វី អាណាន់ ក្នុងការបញ្ឈប់វិបត្ដិស៊ីរី។
ចិន/វៀតណាម៖ អាជ្ញាធរចិនបានចាប់ខ្លួន អ្នកនេសាទវៀតណាម២១នាក់ នៅជិតតំបន់កោះជម្លោះដែលសម្បូរទៅដោយប្រេងកាតក្នុងសមុទ្រចិនភាគខាងត្បូង។
ស.រ.អា/កូរ៉េ៖ មន្ដ្រីអាមេរិកាំងបាននិយាយបញ្ជាក់ថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងបំពេញទស្សនកិច្ចនៅតំបន់គ្មានទាហាន រវាងកូរ៉េខាងជើង និងខាងត្បូង នៅក្នុងសប្ដាហ៍ក្រោយ នៅពេលលោកទៅធ្វើទស្សនកិច្ចក្នុងរដ្ឋធានី សេអ៊ូល។
អ៊ីរ៉ង់៖ ស.រ.អា និយាយថាប្រទេស១១បានកាត់បន្ថយដ៏ច្រើនសន្ធឹកនូវការទិញប្រេងពីប្រទេសអ៊ីរ៉ង់ ហើយ និងមិនបានត្រូវទទូលទណ្ឌកម្មពីស.រ.អាទេ ដែលមានគោលដៅនឹងដាក់គំនៀបមកលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ចិន/ស.រ.អា៖ មានចំនួននិស្សិតចិនកាន់តែច្រើនចូលមកសិក្សាក្នុងស.រ.អា។ តែអ្នកជំនាញខាងការចុះឈ្មោះក្នុងសកលវិទ្យាល័យស.រ.អា និយាយថានិស្សិតចិនជាច្រើនបានប្រើភ្នាក់ងារគ្មានភាពស្មោះត្រង់ដើម្បីជួយខ្លួនប្រើក្រដាស់ក្លែងក្លាយក្នុងការដាក់ពាក្យចូលរៀន។
កូរ៉េ៖ កាលពីថ្ងៃពុធនេះ កូរ៉េខាងជើងបានរិះគន់មកលើសន្និសីទកំពូលនៅក្នុងទីក្រុងសេអ៊ូល ដោយនិយាយថាការប៉ុនប៉ងណាមួយរបស់កូរ៉េខាងត្បូងដើម្បីរំខានដល់កម្មវិធីនុយក្លែអ៊ែររបស់កូរ៉េខាងជើង នឹងបានត្រូវមើលឃើញថាជាសេចក្ដីប្រកាសសង្រ្គាម។
ស.រ.អា៖ នាយកទីភ្នាក់ងារស.រ.អា ខាងការអភិវឌ្ឍអន្ដរជាតិថ្លែងថាស.រ.អា នឹងកាត់បន្ថយជំនួយ ទៅឲ្យបរទេសដែលជាផ្នែកមួយនៃកិច្ចព្រមព្រាងដើម្បីដោះស្រាយបញ្ហាឱនភាពថវិកា។
ចិន៖ ប្រទេសចិនព្រមានថាតម្លៃប្រេងឡើងថ្លៃនៅក្នុងស្រុក អាចគម្រាមស្ថេរភាពសង្គមក្រោយពី រដ្ឋាភិបាលប៉េកាំងបានតម្លើងតម្លៃប្រេងសាំងជាលើកទីពីរក្នុងពីរខែនេះមក។