ចិន៖ កិច្ចប្រឹងប្រែង​រួម​​ជា​មួយ​បណ្តា​ប្រទេស​ជិត​ខាង​បញ្ឈប់​អំពើ​ចោរកម្ម​តាម​ដង​ទន្លេ​មេគង្គ

ទូក​រត់​ពន្ធ​ថ្នាំ​ញៀន​​តាម​ទន្លេមេគង្គ។

ក្រុម​មន្រ្តី​ចិន​និយាយ​ថាសន្តិសុខ​តាម​ទន្លេ​មេគង្គមាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​ដោយ​សារ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង​៣​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

កាសែត China Daily នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដក​ស្រង់​សម្តីលោក ម៉េង សូទី (Meng Sutie) នាយក​មន្ទីរ​សន្តិសុខ​សាធារណៈ​នៅ​ក្នុង​ខេត្ត យុនណាន (Yunnan) មក​ចុះ​ផ្សាយ​ថា​ចោរ​ប្លន់​តាម​ទន្លេ​អាច​វាយ​ប្រហារ​ម្តង​ម្កាល​ហើយ​នឹង​វាយ​ប្រហារ​ដាច់​ដោយ​ឡែកចាប់​តាំង​ពី​កិច្ច​សហប្រតិបត្តិការ​បាន​ចាប់​ផ្តើមកាល​ពី​ចុង​ឆ្នាំ​ទៅ​មក។

លោក ម៉េង និយាយ​ថា​ប្រទេស​ចិន ឡាវ​ ភូមា​និង​ប្រទេស​ថៃ​កំពុង​ធ្វើការ​យាម​ល្បាត​រួម​គ្នា​អម​កប៉ាល់​ដោយ​ប្រដាប់​អាវុធ​ហើយ​នឹង​ចែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​នៅ​តាម​ទន្លេ។ លោក​និយាយ​បន្ត​ទៀត​ថា​ប្រទេស​នានា​ក៏​កំពុង​ធ្វើ​សហប្រតិបត្តិការ​គ្នាដើម្បីវាយ​ប្រហារ​ចោរ​ប្រដាប់​អាវុធ​ហើយនឹង​ពួក​អន្តពាល​ជួញ​ដូរ​គ្រឿងញៀន​នៅ​ក្នុង​តំបន់​ត្រី​កោណ​មាស​នៃ​ទន្លេ​នេះ។

ការ​ដឹក​ជញ្ជូនតាម​ទន្លេបាន​ត្រូវ​បញ្ឈប់អស់​រយៈពេល​២​ខែបន្ទាប់​ពី​ការ​វាយ​ប្រហារ​កាល​ពី​ខែ​តុលា​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ជន​សង្ស័យ​ជា​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

លោក Mitt Romney ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ថ្លែង​ទៅ​កាន់​ទី​ផ្សារ​កសិករ​មួយ​នៅ​រដ្ឋ​ the Mississippi ថ្ងៃ​ទី​៩ ខែ​មិនា​ ឆ្នាំ​២០១២។

ស.រ.អា៖ ពួក​អ្នក​បោះឆ្នោតនៅ​ក្នុង​រដ្ឋ អាឡាបាម៉ា (Alabama) និង ម៊ីស៊ីស៊ីពី (Mississippi) ភាគ​ខាង​ត្បូង​ប្រទេស កំពុង​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជ្រើសរើស​បឋម​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ការ​បោះឆ្នោត​ស្ទង់​មតិ​បង្ហាញ​ថា​អ្នក​ប្រកួត​ប្រជែង​កំពូល​៣​នាក់​បាន​ស្ថិត​នៅ​ក្នុង​ការ​ប្រណាំង​ប្រជែង​ប្រកៀក​គ្នា។ លោក មីត រ៉ូមនី (Mitt Romney), រីក សានធ្រូម (Rick Santrum) និង​លោក ញូត ហ្គីងរីច (Newt Gingrich) បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ស្វែង​រក​ការ​គាំទ្រនៅ​ក្នុង​រដ្ឋ​អភិរក្ស​និយម​ទាំងនោះ​កាល​ពី​ថ្ងៃ​ច័ន្ទ។

អាស៊ី៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​ព្រមាន​ថា​អាកាសធាតុ​ដ៏​អាក្រក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ថែម​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​គ្មាន​កន្លែង​រស់​នៅ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នេះ។

អាហ្វហ្គានីស្ថាន៖ ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​ប្រហារ​លើ​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​អាហ្វហ្គា​នីស្ថាន​ដែល​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ភូមិ​មួយ​ដែល​ទាហាន​អាមេរិកាំង​ម្នាក់​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​សម្លាប់​ជន​ស៊ីវិល​១៦​នាក់។

អេហ្ស៊ីប/ប៉ាឡេស្ទីន៖ អេហ្ស៊ីប​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ចរចា​បទ​ឈប់​បាញ់​គ្នា​មួយ​រវាង​អ៊ីស្រាអែល​និង​កង​ជីវពល​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់ ហ្គាហ្សា ស្ត្រាប (Gaza Strip) បន្ទាប់​ពី​ការ​បាញ់​ប្រហារ​គ្នា​អស់​រយៈពេល​៤​ថ្ងៃ​ដែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់​ក៏​២៥​នាក់​ដែរ។

ស៊ីរី៖ សហរដ្ឋ​អាមេរិក អង់គ្លេស និង​ប្រទេស​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ប៉ុន្តែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​តែ​បែក​បាក់​គ្នា​លើ​របៀប​ដោះស្រាយវិបត្តិ​នៅ​ក្នុង​ប្រទេស​នោះ។

ស.រ.អា/ចិន៖ ពួកមន្រ្តីរបស់​រដ្ឋបាល​លោក​អូបាម៉ា និយាយ​ថា​សហរដ្ឋ​អាមេរិក នឹង​ដាក់​ពាក្យ​បណ្តឹង​នៅ​ក្នុង​រឿង​ក្តី​ពាណិជ្ជកម្ម​ថ្មី​មួយ​ប្រឆាំង​នឹង​ចិន​លើ​បញ្ហា​ការ​កម្រិត​របស់​ខ្លួន​លើ​ការ​នាំ​ចេញ​នូវ​អ្វី​ដែល​ហៅ​ថា​រ៉ែ​កម្រ។

ស.រ.អា/ចិន៖ សហរដ្ឋ​អាមេរិក និយាយ​ថា​ខ្លួន​ចង់​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដើម្បី​ពង្រឹង​ស្ថាប័ន​តំបន់​នានា​នៅ​ក្នុង​ទ្វីប​អាស៊ី។

អេស្ប៉ាញ៖ រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​តំបន់​ចាយ​ប្រាក់​អ៊ឺរ៉ូ (Euro) បាន​ផ្តល់​ពេល​វេលា​បន្ថែម​ទៀត​ដល់​ប្រទេស​អេស្ប៉ាញ​នៅ​ពេល​ដែល​ប្រទេស​នោះ​តស៊ូ​ដើម្បីបញ្ចុះ​ឱនភាព​ថវិកា​ដ៏​ធំ​សម្បើម​របស់​ខ្លួន។

បារាំង៖ លោកស្រី ម៉ារីន ឡឺ ប៉ង់ (Marine Le Pen) មេ​ដឹកនាំ​នយោបាយ​ស្តាំ​និយមបារាំង និយាយ​ថា​លោកស្រី​ទទួល​បាន​ការ​គាំទ្រ​ល្មម​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​បេក្ខជននៅ​ក្នុង​ការ​បោះឆ្នោតប្រធានាធិបតី​នៅ​ខែ​ក្រោយ​នេះ។