ជប៉ុនបានស្ថិតក្នុងភាពស្ងាត់ស្ងៀមមួយរយៈកាលពីថ្ងៃអាទិត្យដើម្បីកំណត់ខួបឆ្នាំទីមួយនៃការរញ្ជួយផែនដីនិងមហារលកសមុទ្រស៊ូណាមី កាលពីឆ្នាំទៅមិញដែលនាំទៅកាន់វិបត្តិបរមាណូដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
ព្រះចៅអធិរាជអាគីហ៊ីតុ បានដឹកនាំប្រជារាស្ត្ររាប់លាននាក់ក្នុងការកាន់មរណទុក្ខនិងការសូត្រធ៌មកាលពីថ្ងៃអាទិត្យនៅក្នុងពិធីមួយផ្សាយតាមទូរទស្សន៍ពីក្រុងតូក្យូ។
ពួកបាតុករប្រឆាំងនឹងបរមាណូរាប់រយនាក់បានធ្វើការប្រជុំមហាជននៅទូទាំងប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យដើម្បីកំណត់ខួបឆ្នាំទីមួយនៃការរញ្ជួយផែនដីនិងមហារលកសមុទ្រស៊ូណាមី ដែលបានបំផ្លិចបំផ្លាញប្រទេសជប៉ុន។
អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីអាហ្វហ្កានីស្ថាននិងពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថាទាហានអាមេរិកម្នាក់បានដើរចេញពីមូលដ្ឋានរបស់គាត់ ហើយបានបាញ់សម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថានយ៉ាងតិចណាស់១៦នាក់នៅក្នុងខេត្តកាន់ដាហារកាលពីថ្ងៃអាទិត្យ។ ការបាញ់សម្លាប់មនុស្សនេះជាឧប្បត្តិហេតុថ្មីបំផុតក្នុងបណ្តាឧប្បត្តិហេតុមួយចំនួនដែលធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងកាប៊ុលមានភាពតានតឹងខ្លាំងទ្បើងៗ។
ប៉ាឡេស្ទីន៖ ការវាយប្រហារដោយកងយន្តហោះអ៊ីស្រាអែលបានបណ្តាលឱ្យជនជាតិ ប៉ាលេស្ទីនPalestine បីនាក់ស្លាប់នៅក្នុងតំបន់ កាហ្សា នៅក្នុងការប្រយុទ្ធគ្នាថ្មីៗបំផុតជាមួយពួកជនសកម្មប្រយុទ្ធដែលបានបាញ់កាំជ្រួច ចូលទៅក្នុងប្រទេសអ៊ីស្រាអែលក្នុងថ្ងៃទីបី។
បារាំង៖ លោកប្រធានាធិបតីបារាំងនីកូឡាស សាកូហ្ស៊ី បានមានប្រសាសន៍ថា បារាំងអាចព្យួរសមាជិកភាពរបស់ខ្លួនក្នុងតំបន់ស្កេនហ្សេន ដែលគ្មានប្រើទិដ្ឋាការក្នុងសហភាពអឺរ៉ុប បើមិនមានការជឿនលឿនទៅមុខក្នុងការត្រួតត្រាអន្តោប្រវេសន៍ខុសច្បាប់ក្នុងទ្វីបអឺរ៉ុបទេនោះ។
ប៉ាគីស្ថាន៖ ពួកប៉ូលីសនៅក្នុងផ្នែកពាយ័ព្យនៃប្រទេសបាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានធ្វើការវាយប្រហារក្នុងពិធីបុណ្យសពមួយដែលចូលរួមដោយអ្នកនយោបាយប្រឆាំងនឹងពួកតាលីបាន់ម្នាក់កាលពីថ្ងៃអាទិត្យបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់។
ស៊ីរី៖ លោកខូហ្វី អាណាន់ ប្រេសីតសន្តិភាពអន្តរជាតិបានមានប្រសាសន៍ថាលោកមាន«សុទិដ្ឋិនិយម»អំពីដំណោះស្រាយនៃចលាចលដែលមានរយៈពេលមួយឆ្នាំមក ក្នុងប្រទេស នៅក្រោយកិច្ចចរចាលើកទីពីរជាមួយប្រធានាធិបតីបាសារ អាល់ អាសាដ។ តែលោកបានមានប្រសាសន៍ថាការធ្វើឱ្យមានកិច្ចព្រមព្រៀងដើម្បីបញ្ឈប់អំពើហិង្សាជាការ«តឹងតែង»មួយ។
នីហ្សេរីយ៉ា៖ បុរសម្នាក់ត្រូវគេសង្ស័យថាជាអ្នកដាក់គ្រាប់បែកអត្តឃាតបានធ្វើការវាយប្រហារទៅលើព្រះវិហារគ្រឹស្តសាសនានិកាយកាតូលីកមួយក្នុងក្រុងចូស នាប៉ែកកណ្តាលប្រទេស នីហ្សេរីយ៉ា បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់បីនាក់ស្លាប់។