នៅសប្តាហ៍នេះ ប្រទេសចិនបានប្រកាសថាខ្លួននឹងបន្តកម្មវិធីនុយក្លេអ៊ែរជិតមួយឆ្នាំបន្ទាប់ពីគម្រោងកម្មវិធីជាច្រើនបានត្រូវផ្អាកបន្ទាប់ពីឧប្បទ្ទវហេតុនុយក្លេអ៊ែរ Fukushima នៃប្រទេសជប៉ុន។
លោក Wen Jiabao មេដឹកនាំជាន់ខ្ពស់គណបក្សបាននិយាយថា ចិននឹងអភិវឌ្ឍថាមពលនុយក្លេអ៊ែរប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធិភាព។ កាលពីថ្ងៃពុធ ពួកមន្រ្តីនុយក្លេអ៊ែរបានប្រកាសថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចចិត្តលុបចោលការផ្អាកការសាងសង់រោងចក្រថាមពលនុយក្លែអ៊ែរថ្មីដែលបានអនុម័តនិងសាងសង់នោះ។
ការប្រកាសនយោបាយរបស់ចិនកត់សម្គាល់ការផ្លាស់ប្តូរបន្ទាប់ពីវិបត្តិនុយក្លែអ៊ែរនៃប្រទេសជប៉ុន។ បន្ទាប់មក រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្យួរគម្រោងនានាដែលមិនទាន់បានអនុម័តហើយស្នើឲ្យមានអធិការកិច្ចសុវត្ថិភាពនៅរោងចក្រដែលប្រតិបត្តិរួចហើយ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ថៃ៖ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ប៉ូលីសប្រាប់ឲ្យដឹងថា ទាហានចំនួន១១នាក់បានត្រូវរងរបួសនៅក្នុងការវាយប្រហារគ្នាចំនួន២នៅបន្ទាយទាហាននៅក្នុងខេត្តភាគខាងត្បូងដែលពោរពេញទៅដោយអំពើហឹង្សាក្នុងប្រទេសថៃ។
ក្រិក៖ ប្រទេសក្រិកប្រាប់ឲ្យដឹងថា ម្ចាស់ប្រាក់កម្ចីឯកជនចំនួន 85,8 ភាគរយ រួមមានស្ថាប័នហិរញ្ញវត្ថុបានយល់ព្រមគ្នាលើកិច្ចព្រមព្រៀងប្តូរមូលប័ត្រដើម្បីជួយលប់បំណុលចំនួន១៤២ពាន់លានដុល្លារហើយបញ្ចៀសការគ្មានប្រាក់សងលើកាតព្វកិច្ចសងបំណុលហិរញ្ញវត្ថុនៅចុងខែនេះ។
អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៃប្រទេសអ៊ីស្រាអែលនិយាយថា លោកនឹងផ្តល់ឱកាសដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសអ៊ីរ៉ង់ ហើយលោកមិនមានគម្រោងផែនការវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃឬសប្តាហ៍នេះទេ។
ណាតូ៖ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា មេបញ្ជាការនៃកិច្ចប្រតិបត្តិការដឹកនាំដោយអង្គការណាតូ ដែលបានជួយពួកឧទ្ទាមលីប៊ីទម្លាក់ Moammar Gadhafi នឹងទទួលយកតំណែងជាមេបញ្ជាការយោធាកំពូលសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។
អាមេរិក-អាហ្វហ្គានីស្ថាន៖ ការសុំអភ័យទោសរបស់សហរដ្ឋអាមេរិកកំពុងគ្មានមនុស្សយកចិត្តទុកដាក់ទេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសប៉ាគីស្ថានជិតខាង ដែលនៅប្រទេសទាំងពីរ កំហឹងលើការដុតគម្ពីរគួរអាន (Quran) កំពុងតែពុះកញ្ជ្រោល។
ធនាគារពិភពលោក៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ចន ឃែរី (John Kerry) និងលោកស្រី ស៊ូសាន រ៉ៃស៍ (Susan Rice) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ត្រូវបានគេរាយការណ៍មកថា ត្រូវបានគេនិយាយឈ្មោះថាអាចជាបេក្ខជនប្រធានធនាគារពិភពលោក។
ចិន-អាមេរិក៖ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton កំពុងជំរុញឲ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលដែលកំពុងរីកលូតលាស់ក្នុងពិភពលោករបស់ខ្លួនដើម្បីដើរតួនាទីក្នុងការស្ថាបនានៅក្នុងកិច្ចការពិភពលលោក។