លោកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋមន្ដ្រីក្រសួងការបរទេសស.រ.អ.សុំឲ្យប្រទេសចិនប្រើឥទ្ធិពលកើនច្រើនឡើងក្នុងសាកលលោកដើម្បីដើរ«តួនាទីស្ថាបនា»នៅក្នុងកិច្ចការពិភពលោក។
លោកស្រីគ្លីនតុនថ្លែងដូច្នេះកាលពីថ្ងៃពុធនៅទីក្រុងវ៉ាស៊ីនតោន ក្នុងពិធីមួយសម្គាល់ខួបឆ្នាំទី៤០នៃទស្សនកិច្ចមិនធ្លាប់មានពីមុនមករបស់លោកប្រធានាធិបតី រីឆាត និកសុន (Richard Nixon) ទៅប្រទេសចិននៅឆ្នាំ១៩៧២។
លោកស្រីនិយាយថា «ការឆ្លើយតបរបស់ប្រទេសចិននៅពេលខ្លះ គឺចង់ធ្វើជាប្រទេសមានអំណាចផង ហើយពេលខ្លះទៀតចង់ធ្វើជាប្រទេសកំពុងអភិវឌ្ឍន៍ផង។»
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ស៊ីរី៖ ប្រេសិតពិសេសនៃសម្ព័ន្ធភាពអារ៉ាប់អ.ស.ប.សម្រាប់ប្រទេសស៊ីរី លោក កូហ្វ៊ី អាណាន់ (Kofi Annan) និយាយថា ការប្រើកម្លាំងអាវុធនៅក្នុងប្រទេសនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។
លោកអាណន់និយាយដូច្នេះនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងឡឺគែរ ដែលនៅទីនោះលោកជួបជាមួយលោក ណាប៊ីល អេឡារ៉ាប៊ី (Nabil Elaraby) អគ្គលេខាធិការនៃសម្ព័ន្ធភាពអារ៉ាប់។ អតីតនាយកអ.ស.ប.រូបនេះគ្រោងអញ្ជើញទៅប្រទេសស៊ីរីនៅដំណាច់សប្តាហ៍នេះ។
អ៊ីរ៉ង់៖ ក្រុមអ្នកការទូតបស្ចឹមប្រទេសនិយាយថា រូបភាពតាមផ្កាយរណបដែលទីភ្នាក់ងារថាមពលបរមាណូអន្ដរជាតិបានពិនិត្យមើល បានបង្ហាញរថយន្ដកាមីញ៉ុង និងយានដឹកជញ្ជូនដីធំៗ នៅឯទីកន្លែងយោធានៅប្រទេសអ៊ីរ៉ង់ ដែលជាការផ្ដល់សញ្ញាថែមទៀតថាប្រទេសអ៊ីរ៉ង់អាចប្រឹងប្រែងបោសសម្អាតរោងចក្រ Parchinរបស់ខ្លួន ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងតេហេរ៉ង់ មុននឹងអនុញ្ញាតិឲ្យក្រុមនុយគ្លេអ៊ែរអ.ស.ប.មានការត្រួតពិនិត្យ។
រុស្ស៊ី៖ បណ្ដាញផ្សាយព័ត៌មានរុស្ស៊ីឲ្យដឹងថា ប្រទេសចិនឈានជិតទៅដល់ការព្រមព្រៀងអំពីអាវុធយ៉ាងសំខាន់មួយជាមួយរដ្ឋាភិបាលប្រទេសរុស្ស៊ីដែលនឹងបង្កើនកងទ័ពអាកាសរបស់ខ្លួនដោយសារយន្ដហោះចម្បាំងថ្មីរបស់រុស្ស៊ីចំនួន៤៨។
កូរ៉េខាងជើង៖ នៅទីក្រុងប៉េកាំង ការចរចាគ្នាពីរថ្ងៃបានឈប់មួយរយ:ពេលសិន ដោយគ្មានការព្រមព្រៀងគ្នាដើម្បីឲ្យស.រ.អ.បញ្ជូនជំនួយស្បៀងអាហារទៅឲ្យប្រទេសកូរ៉េខាងជើង។
លោក Robert King អ្នកចរចាភាគីស.រ.អ. និយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំងពីរនេះមានការជឿនលឿនល្អអំពីការព្រមព្រៀងគ្នាផ្ដល់ស្បៀងអាហារគ្រាអាសន្ន២៤០.០០០តោន ហើយថាលោកនឹងវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញដើម្បីជជែកគ្នាអំពីលទ្ធផលនោះ។
កូរ៉េខាងត្បូង៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា កងទ័ពកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាដោយប្រើប្រាស់គ្រាប់កាំភ្លើងមែនទែន នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើងដែលមានភាពតានតឹង នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រទេសកូរ៉េខាងជើងគំរាមកំហែងចង់ធ្វើសមយុទ្ធឆ្លើយតបវិញ។
ថៃ៖ អាជ្ញាធរថៃចាប់បានសត្វនៅរស់ជាង២០០ក្បាល ដែលក្នុងនោះមានរួមទាំងសត្វខ្លា តោ និងសត្វជិតផុតពូជមួយចំនួនផង នៅក្នុងការវាយលុកចូលកន្លែងអ្នកលក់សត្វព្រៃដោយខុសច្បាប់មួយកន្លែងកាលពីថ្ងៃពុធនេះ។
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា ច្បាប់ថ្មីមួយនៅក្នុងប្រទេស ឥណ្ឌូនេស៊ីដែលដាក់កំណត់លើសិទ្ធិធ្វើជាម្ចាស់ជំនួញរបស់ក្រុមហ៊ុនបរទេសនៅក្នុងឧស្សាហកម្មរ៉ែរបស់ឥណ្ឌូនេស៊ីចំនួន៤៩ភាគរយនោះ ប្រហែលជានឹងធ្វើឲ្យក្រុមអ្នកវិនិយោគដែលវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងឧស្សាហកម្មនេះ មានការរួញរា។ នេះបើតាមមតិរបស់អ្នកជំនាញក្នុងវិស័យឧស្សាហកម្មរ៉ែ។