លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា Barack Obama និងវរជនសំខាន់ៗដទៃទៀតក្នុងពិភពលោកបានចូលរួមក្នុងពិធីរំលឹកឆ្នាំខួបទី ៧០ របស់ វីអូអេ ដោយមានសារ កោតសរសើរ។ លោកអូបាម៉ាបានសរសើរ វីអូអេ ចំពោះការផ្តល់ព័ត៌មាន «ពិតនិងមិនលម្អៀង» នៅពេលដែលរដ្ឋាភិបាលបរទេសធ្វើការចាប់ពិរុទ្ធ និងរបបគ្រប់គ្រងដែលប្រព្រឹត្តិរំលោភសិទ្ធិមនុស្សជាសាកល។
លោកអូបាម៉ា បានថ្លែងតាមសារវីឌីអូមួយ នៅក្នុងពិធីរំលឹកនៅថ្ងៃពុធនេះថា អាមេរិកមានកម្លាំងខ្លាំងឡើង និងពិភពលោកមានយុត្តិធម៌ជាងមុន ដោយសារតែកិច្ចប្រឹងប្រែងរបស់វីអូអេ។
លោកស្រី អោង សាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យភូមាបានថ្លែងថា ខួបឆ្នាំទី៧០ របស់ វីអូអេ គឺ«ប្រៀបបាននឹងថ្ងៃកំណើតរបស់មិត្តម្នាក់» ហើយថា វីអូអេនិងបណ្តាញព័ត៌មានដទៃទៀតជាមិត្តដែលបានកំដរលោកស្រីនៅពេលលោកស្រីជាប់ឃុំក្នុងផ្ទះជាច្រើនឆ្នាំ។
មេដឹកនាំប្រជាធិបតេយ្យភូមា
សម្តេចដាឡៃ ឡាម៉ា មេដឹកនាំសាសនាទីបេត៍ មានបន្ទូលថា ក្រុមផ្សាយភាសា ទីបេ នៃវីអូអេ មានមុខនាទីដ៏សំខាន់មួយសម្រាប់ជនជាតិទីបេ ក្នុងការផ្សាយព័ត៌មានមិនលម្អៀវ ហើយព្រះអង្គមានជំនឿថា អង្គការផ្សាយព័ត៌មាន ដូចជា វីអូអេនេះមាន«សារៈសំខាន់ជាទីបំផុត»។
ភូមា៖ ញាតិសន្តានរបស់ព្រះសង្ឃមួយអង្គ ដែលបានដឹកនាំបដិវត្តន៍ឆ្នាំ២០០៧នៅ ភូមា និយាយថា លោកត្រូវអាជ្ញាធរចាប់ឃុំដើម្បីសួរចម្លើយ។ អោង ខ្យវ ខ្យវ ដែលត្រូវជាបងប្រុសរបស់ភិក្ខុអាស៊ីន ហ្កាមប៊ីយ៉ា បានប្រាប់ ក្រុមផ្សាយជាភាសាភូមា នៃវីអូអេ ថាភិក្ខុ ហ្កាមប៊ីយ៉ា ត្រូវចាប់ខ្លួនដោយសមាជិកក្រសួងស៊ើបការណ៍សម្ងាត់យោធាភូមា កាលពីយប់ថ្ងៃអង្គារនៅផ្ទះប្អូនស្រីព្រះអង្គ នៅរដ្ឋធានីរ៉ង់ហ្គូន។ អ្នកទាំងពីរត្រូវទៅជួបជាមួយឯកអគ្គរាជទូតប្រទេសអង់គ្លេស នៅថ្ងៃពុធ។
អ្នកនាំពាក្យរបស់សមាគមន៍សម្រាប់ជួយអ្នកទោសនយោបាយភូមា នៅប្រទេសថៃតាតេ ណាំង បានប្រាប់វីអូអេថា គេបានបញ្ជាក់ថាភិក្ខុ ហ្កាមប៊ីយ៉ា ត្រូវនាំយកទៅសួរចម្លើយមែន តែថាគេនឹងដោះលែងលោកទៅវិញនៅថ្ងៃព្រហស្បត៍នេះ៕
ស៊ីរី៖ គណកម្មាធិការកាកបាទក្រហមអន្តរជាតិ និយាយថា លោកស្រីវ៉ាឡេរី អាម៉ូស នាយកផ្នែកសកម្មភាពមនុស្សធម៌អង្គការសហប្រជាជាតិ បានចូលទៅមើលសង្កាត់ បាបាអាមរ៍ ដែលជាអតីតកន្លែងលាក់ពួនរបស់ពួកឧទ្ទាម នៅពេលជិតមួយសប្តាហ៍បន្ទាប់ពីពួកឧទ្ទាមបានគេចចេញពីការវាយប្រហារក្នុងរយៈពេលមួយខែរបស់កងកម្លាំងសន្តិសុខរដ្ឋាភិបាល។
កូរ៉េខាងជើង៖ ប្រេសិតកំពូលម្នាក់របស់អាមេរិក និយាយថា មានការជឿនលឿនទៅមុខនៅក្នុងកិច្ចចរចាជាមួយមន្រ្តី កូរ៉េខាងជើង អំពីផែនការជាក់លាក់ ដើម្បីផ្តល់ជំនួយម្ហូបរបស់អាមេរិក ចំនួន ២៤ ម៉ឺន តោន ទៅឲ្យប្រទេសកុម្មុយនិស្តមួយនេះ។ ប្រេសិតពិសេសខាងសិទ្ធិមនុស្សនៅក្នុងកូរ៉េខាងជើង លោករ៉ូបឺត ឃីង Robert King បាននិយាយជាមួយអ្នកកាសែត នៅក្រោយកិច្ចចរចាកាលពីថ្ងៃពុធនៅក្រុង ប៉េកាំង។
រុស៊្សី៖ អង្គការមួយរបស់ក្រុមសកម្មជនរុស្ស៊ី បានច្រានចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ដោយហៅជ័យជំនះរបស់លោកវ៉្លាដឹមៀរ ពូទីន ថាជា «រឿងអាមាស់មុខ» សម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។