ក្នុងសន្និសីទកាសែតមួយក្នុងក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ កូរ៉េខាងជើងបានបរិហាររិះគន់អាមេរិក ដោយចោទប្រកាន់ថាសមយុទ្ធជាមួយកូរ៉េខាងត្បូងបង្ហាញថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនម៉ត់ចត់ទេអំពីសន្តិភាព។
លោកឧត្តមសេនីយ៍ទោ ខ្វាក ឆុយ ហ៊ុយ នៃគណកម្មការការពារជាតិរបស់កូរ៉េខាងជើងបានមានប្រសាសន៍ថា «អាកប្បកិរិយាពិតប្រាកដរបស់អាមេរិកគឺមានមុខពីរ ដោយទាមទារឱ្យមានកិច្ចចរចាគ្នានៅលើផ្ទៃខាងលើ នៅពេលដែលមានគោលដៅរំលំខាងយោធាដៃគូសន្ទនារបស់ខ្លួនពីក្រោយខ្នង។» លោកក៏បានព្រមានដែរថាក្រុមទាហានកូរ៉េខាងជើងប្រុងប្រៀបរួចស្រេចហើយដើម្បី «ស្រោចភ្លើងនៃការសងសឹក» ទៅលើកងកម្លាំងអាមេរិក។
កាលពីថ្ងៃសៅរ៍ ទូរទស្សន៍របស់រដ្ឋរបស់ប្រទេសនេះបានបង្ហាញរូបនៃមេដឹកនាំកូរ៉េខាងជើង គឺម ជុង អ៊ុន ទៅទស្សនាទីបញ្ជាការកាំជ្រួចមីស៊ីលយុទ្ធសាស្ត្ររបស់ប្រទេស។
ភូមា៖ លោកស្រីអោងសាន ស៊ូជី មេដឹកនាំក្រុមប្រឆាំងភូមាបានចាកចេញពីការប្រជុំមហាជនធំបំផុតមួយ នៅក្នុងក្រុងធំទី២របស់ប្រទេសគឺក្រុងមែនដាឡេយ ក្នុងបណ្តាការប្រជុំធំបំផុតនៃការឃោសនាបោះឆ្នោត ដោយបានមានប្រសាសន៍ប្រាប់ពួកសហការីថាលោកស្រីមិនស្រួលខ្លួន ក្រោយពីបានមានប្រសាសន៍ទៅហ្វូងមនុស្សបានបីបួននាទី។
ពួកវេជ្ជបណ្ឌិតនិងពួកសហការីបាននិយាយថាគេបាននាំលោកស្រីទៅកាន់បន្ទប់មួយក្នុងសណ្ឋាគារដើម្បីសម្រាក ហើយលោកស្រីមានស្ថានភាពល្អប្រសើរជាងមុន។
ប៉ាគីស្ថាន៖ មានការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយ បានកើតមានឡើងនៅក្នុងផ្នែកពាយ័ព្យប្រទេសកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យប៉ូលីសម្នាក់ស្លាប់និងធ្វើឱ្យរបួសសមាជិកសភាក្នុងមូលដ្ឋានម្នាក់។ ការផ្ទុះនេះ ត្រូវបានរាយការណ៍ឲ្យដឹងថាបានកើតឡើងនៅជិតក្បួនកុងវ័ររបស់លោក អាហ្វថេប ខាន សឺបោប នៅក្នុងដំណើរវិលត្រទ្បប់មកពីការធ្វើការប្រជុំមហាជនខាងនយោបាយមួយ។
អាហ្វហ្គានីស្ថាន៖ កាសែតរបស់អាមេរិកដ៏សំខាន់មួយផ្សាយថាព្រឹត្តិការណ៍មួយចំនួនដែលនាំទៅកាន់ការដុតគម្ពីរ កូរ៉ាន នៅឯមូលដ្ឋានមួយនៃអង្គការអូតង់នៅអាហ្វហ្គានីស្ថានកាលពីខែមុនអាចត្រូវបញ្ឈប់បាន «ជាមួយគ្រោះថ្នាក់អកុសល ការវិនិច្ឆ័យមិនបានដិតដល់និងការមិនអើពើដល់ទម្រង់ការ។»
ស៊ីរី៖ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមបានជំរុញអាជ្ញាធរស៊ីរីឱ្យអនុញ្ញាតឱ្យក្រុមអ្នកធ្វើការផ្នែកផ្តល់ជំនួយចូលទៅក្នុងសង្កាត់ Baba Amr ដែលមានវិបត្តិនៃក្រុងហូម (Homs) ក្នុងប្រទេស នៅពេលដែលកងកម្លាំងរដ្ឋាភិបាលនៅតែបន្តបាញ់ផ្តក់លើក្រុងនេះកាលពីថ្ងៃសៅរ៍។
រុស្ស៊ី៖ ប្រជារាស្ត្រកំពុងទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ តាមពេលវេលាក្នុងមូលដ្ឋាននៅរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលគេរំពឹងថាលោកនាយករដ្ឋមន្ត្រី វីឡាមែរ ពូទីន នឹងឈ្នះឆ្នោតវិលត្រទ្បប់មកកាន់តំណែងប្រធានាធិបតីវិញ ទោះណាជាមានបាតុកម្មមិនធ្លាប់មានពីពេលមុនប្រឆាំងនឹងលោកនិងគណបក្ស រួបរួមរុស្ស៊ី (United Russia Party) ដែលជាគណបក្សគ្រប់គ្រងប្រទេសរបស់លោកក៏ដោយ។
សហរដ្ឋអាមេរិក៖ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វះស្វែងរកពួកអ្នកនៅរស់ពីខ្យល់ព្យុះកំបុតត្បូងកាលពីថ្ងៃសៅរ៍ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ជាង៣០នាក់ស្លាប់នៅក្នុងរដ្ឋមួយចំនួននាប៉ែកខាងកើត និងបណ្តាលឱ្យមានការខូចខាតជាច្រើនផងដែរនៅក្នុងតំបន់ខ្លះ។