ហ្វូងបាតុករនិងប៉ូលិសនៅក្នុងប្រទេសអេស្ស៊ីបបានប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យនេះ ជាថ្ងៃទី៤ជាប់គ្នាហើយ នៅក្នុងរដ្ឋធានីគែរ (Cairo)។ កងកម្លាំងសន្ដិសុខបានកំពុងតែខិតខំរារាំងក្រុមបាតុករមិនឲ្យចូលទៅជិតអគាររដ្ឋាភិបាលនៅក្នុងរដ្ឋធានីនេះ។
ក្រុមបាតុករ កំពុងតែអំពាវនាវឲ្យក្រុមប្រឹក្សាយោធាដែលកាន់អំណាច ប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ។
ពួកមន្ដ្រីបាននិយាយថា មានមនុស្សយ៉ាងតិចណាស់១២នាក់បានស្លាប់ និង២៥០០ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីអំពើឃោរឃៅបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍នេះ។
អំពើហិង្សានោះបានផ្ទុះឡើងដោយសារតែកំហឹងចំពោះកងកម្លាំងសន្ដិសុខដែលខកខានមិនបានបញ្ចៀសមិនឲ្យមានការវាយតប់គ្នានិងការរត់ជាន់គ្នាស្លាប់ បន្ទាប់ពីចប់ការប្រកួតបាល់ទាត់ កាលពីថ្ងៃពុធ ក្នុងទីក្រុងកំពង់ផែ សាអ៊ីដ (Port Said) បណ្ដាលឲ្យមនុស្ស៧៤នាក់បានស្លាប់។
កាលពីថ្ងៃសៅរ៍ ប៉ូលិសនៅក្នុងរដ្ឋធានីគែរ បានបាញ់ផ្សែងបង្ហូរទឹកភ្នែកនិងបាញ់បង្អើលមកលើហ្វូងបាតុករ ដែលស្រែកហើយចោលដុំថ្មនៅជិតអាគារ ក្រសួងមហាផ្ទៃដែលមានការការពារយ៉ាងមាំមួន។
ព័ត៌មានអន្តរជាតិសំខាន់ៗដ៏ទៃទៀត៖
ស.រ.អា៖ អតីតអភិបាលរដ្ឋម៉ាស្សាឈូស្សេត (Massachussetts) លោក មីត រូមនី (Mitt Romney) បានយកជ័យជំនះយ៉ាងងាយស្រួលនៅក្នុងការបោះឆ្នោតក្នុងគណបក្សក្នុងរដ្ឋណេវ៉ាដា (Nevana) កាលពីថ្ងៃសៅរ៍នេះ ដោយបានពង្រឹងគោលជំហររបស់លោក ជាអ្នកដឹកមុខក្នុងការប្រកួតយកការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា. របស់គណបក្សសាធារណរដ្ឋ ដើម្បីប្រកួតជាមួយប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅខែវិច្ឆិកាខាងមុខនេះ។ នៅក្នុងសុន្ទរកថាជ័យជំនះរបស់លោក រូមនី គាត់បានបែរទៅទិតៀនលោក អូបាម៉ា ដោយចោទថាលោកអូបាម៉ាមិនអើពើមកលើរដ្ឋ ណេវ៉ាដាទេ នៅពេលដែលរដ្ឋនោះមានសេដ្ឋកិច្ចដុនដាបបំផុត។
អ.ស.ប/ស៊ីរី៖ កាលពីថ្ងៃសៅរ៍ប្រទេសរុស្ស៊ីនិងប្រទេសចិនបានបោះឆ្នោតវ៉េតូជំទាស់នឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អំពីប្រទេសស៊ីរីដែលបានថ្កោលទោសការបង្ក្រាបជិតមួយឆ្នាំមកហើយរបស់លោកប្រធានាធិបតីបាស្សា អាល អាសាដ (Bashar al-Assad) លើប្រជាពលរដ្ឋរបស់លោកហើយអំពាវនាវឱ្យលោកចុះចេញពីតំណែង។
អ៊ឺរ៉ុប៖ អាកាសធាតុធ្ងន់ធ្ងរនៅរដូវរងារនេះ បានបន្តកាន់កាប់តំបន់ជាច្រើននៃប្រទេសអឺរ៉ុបដោយផ្លូវអាកាសនិងដងផ្លូវបានត្រូវរំខានហើយការផ្គត់ផ្គង់ឧស្ម័នបានចុះទាប។
កូរ៉េខាងជើង៖ បើ់តាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងថាមានមនុស្សជាច្រើននៅក្នុងប្រទេសនេះបានចាប់ផ្ដើមធ្វើធម្មយាត្រាទៅកាន់ស្រុកកំណើតរបស់ លោក គីម ចុង អ៊ីល ដើម្បីប្រារព្ធពិធីបុណ្យកំណើតរបស់មេដឹកនាំរបស់ពួកគេដែលបានស្លាប់ទៅហើយនោះ ហើយបាននាំគ្នាសច្ចាស្មោះត្រង់ទៅនឹងកូនរបស់លោក។
ប៉ាឡេស្ទីន៖ មន្ដ្រីបាឡេស្ទីនម្នាក់និយាយថាប្រធានាធិបតីបាឡេស្ទីន លោក ម៉ាមូដ អាបាសនិងមេដឹកនាំក្រុមហាមាស លោក ខាលីដ ម៉ាស៉ាអាល (Khaled Mashaal) បានចាប់ផ្ដើមចរចាគ្នានៅក្នុងរដ្ឋធានីកាតា កាលពីថ្ងៃអាទិត្យនេះស្ដីពីការបង្កើតរដ្ឋាភិបាល បាឡេស្ទីនបណ្ដោះអាសន្ដ ហើយនឹងរៀបចំឱ្យមានការបោះឆ្នោត។
អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថាការដាក់គ្រាប់បែកក្នុងទ្បានមួយគ្រឿងបានផ្ទុះនៅខាងក្រៅទីស្នាក់ការធំរបស់ពួកប៉ូលីសក្នុងក្រុងកាន់ដាហារ បណ្តាលឱ្យប៉ូលីស៥នាក់និងជនស៊ីវិល២នាក់បានស្លាប់នៅថ្ងៃអាទិត្យនេះ។
រុស្ស៊ី៖ ទោះបីជាមានធាតុអាកាសត្រជាក់ខ្លាំងក៏ដោយ ក៏ពួកបាតុកររាប់ម៉ឺននាក់បានធ្វើការតវ៉ានៅក្នុងរដ្ឋធានីម៉ូស្គូនិងក្នុងទីក្រុងរុស្ស៊ីឯទៀតៗកាលពីថ្ងៃសៅរ៍នេះដើម្បីទាមទារឱ្យមានការបោះឆ្នោតដោយយុត្តិធម៌ក៏ប៉ុន្តែក៏មានបាតុករខ្លះគាំទ្ររដ្ឋាភិបាលដែរ។
កូរ៉េខាងជើង៖ សេចក្តីរាយការណ៍មួយបាននិយាយនៅថ្ងៃអាទិត្យនេះថាប្រទេសកូរ៉េខាងជើងកំពុងអភិវឌ្ឍយន្តហោះប្រយុទ្ធគ្មានមនុស្សបើកជាទីដៅនៃការវាយប្រហារដែលបានត្រូវនាំចូលពីភូមិភាគមជ្ឈឹមបូព៌ា។