តុលាការ​អ.ស.ប.​បាន​កាត់​ទោស​ប្រធាន​គុក​ខ្មែរ​ក្រហម​​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

អតីត​ប្រធាន​គុក​ទួល​ស្លែង​ កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ គោរព​តុលាការ​​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​​នៅ​ខាង​ក្រៅ​ទីក្រុង​ភ្នំពេញ​​ ថ្ងៃ​ទី​៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១២​។

តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​គាំទ្រ​ដោយ​អ.ស.ប.​ក្នុង​ប្រទេស​កម្ពុជា​បាន​ចេញ​ដីកា​ឱ្យ​មេ​គុក​សំខាន់​ជាង​គេ​នៃ​ពួក​ខ្មែរ​ក្រហម​ចំណាយ​ពេល​វេលា​ដែល​នៅ​សេសសល់​ក្នុង​ជីវិត​របស់​គាត់​នៅ​ក្នុង​ពន្ធនាគារ​សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​តុលាការ​នេះ​និយាយ​ថា​ជា​"ឧក្រឹដ្ឋកម្ម​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ដែល​បាន​កត់​ត្រា​ទុក"។

សេចក្តី​សម្រេចនេះ​បាន​បង្កើន​សាលក្រម​កាត់ទោស​មួយ​របស់​តុលាការ​ជាន់​ទាប​ដែល​បាន​កាត់​ទោស​ឱ្យ​គាត់​ជាប់​គុក​តែ​១៩​ឆ្នាំ​ដែល​បាន​ត្រូវ​តវ៉ា​ដោយ​ពួក​ព្រះរាជ​អាជ្ញា​ថា​ទោស​នេះ​ស្រាល​ពេក។

លោក គង់ ស្រ៊ីម (Kong Srim) ប្រធាន​ក្រុម​ជំនុំ​ជម្រះ​នេះ​បាន​និយាយ​នៅ​ពេល​អាន​សាលក្រមនេះ​ថា​លោក កាំង ហ្គេច អ៊ាវ (Kaing Guek Eav) ហៅ ឌុច ជា​បុគ្គល​ម្នាក់​ដែល​“សាហាវ​យង់​ឃ្នង" ដែល​សម​នឹង​ទទួល​"ទោស​ធ្ងន់​បំផុត​ដែល​មាន។"

តុលាការ​នេះ​បាន​ឱ្យ​ដឹង​ថាឌុច​បាន​មើល​ការ​ខុស​ត្រូវ​ "រោងចក្រ​មរណៈ"​មួយ​នៅ​ឯ​គុក​ទួល​ស្លែង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ហើយ​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់​ការ​ស្លាប់​នៃមនុស្ស​ប្រមាណ១ម៉ឺន​៤​ពាន់​នាក់។

ឌុច​បាន​ទទួល​សារភាព​អំពី​មុខ​នាទី​របស់​គាត់​ក្នុង​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ ក៏​ប៉ុន្តែ​គាត់​បាន​សុំ​ឱ្យ​ការ​លើកលែង​ទោសដោយ​និយាយ​ថា​គាត់​គ្រាន់តែ​បាន​ទទួល​បញ្ជា​យ៉ាង​តឹង​រឹង​ពី​ពួក​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ប៉ុណ្ណោះ។

ព័ត៌មាន​អន្តរជាតិសំខាន់ៗ​ដទៃទៀត៖

អេហ្ស៊ីប៖ ពួក​មន្ត្រី​សុខាភិបាល​ក្នុង​ប្រទេស​អេហ្ស៊ីបបាន​និយាយ​ថា​បាតុករ​២នាក់​ដែល​ខឹង​សម្បា​នឹង​កុបកម្ម​កីឡា​បាល់ទាត់​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃ​ពុធ​នេះ បាន​ត្រូវ​គេ​បាញ់ ហើយ​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​ពួក​ប៉ូលីស​នៅ​ក្នុង​ក្រុង​ស៊ឺស (Suez)។

អ.ស.ប/ស៊ីរី៖ នៅ​ថ្ងៃ​សុក្រ​នេះ ពួក​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ពិចារណា​អំពី​សេចក្តី​ព្រាង​លើ​សេចក្តី​សម្រេច​ថ្មី​មួយ​ដើម្បី​បញ្ឈប់​ការ​បង្ហូរ​ឈាម​ក្នុង​ប្រទេស​ស៊ីរី​ជាមួយ​វិសោធនកម្ម​មួយ​ដែល​បាន​ត្រូវ​រៀបរៀង​ទ្បើង​ដើម្បី​ពុះពារ​ទៅ​នឹង​ការ​ជំទាស់​របស់​ប្រទេស​រុស្ស៊ី។

ស៊ីរី៖ ក្រុម​អ្នក​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​មូលដ្ឋាន​ក្នុង​ស.រ.អា.​បាន​និយាយ​ថា​ពួកគេ​មាន​ភស្តុតាង​ដែល​ថា​កង​កម្លាំង​ស៊ីរី​បាន​ចាប់​ពួក​ក្មេង​ៗ​ដែល​មាន​អាយុ​ត្រឹម​១៣​ឆ្នាំហើយ​បាន​ធ្វើ​ទារុណកម្ម​ពួកគេ​នៅ​ពេល​សាកសួរ​ចម្លើយ។

អូតង់/អាហ្វហ្គានីស្ថាន៖ នៅ​ក្នុង​ការ​ប្រជុំ​២​ថ្ងៃ​ក្នុង​ក្រុង​ព្រុចសែល (Bruxelles) ពួក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​អង្គការ​អូតង់​បាន​ចូលរួម​ជា​មួយ​ស.រ.អា.​និង​ប្រទេស​បារាំង​ក្នុង​ការ​អំពាវនាវ​ដល់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ឱ្យ​ធ្វើការ​នាំ​មុខ​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រយុទ្ធ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​នៅ​ត្រឹម​ឆ្នាំ​២០១៣​ត​ទៅ​--គឺ​មួយ​ឆ្នាំ​មុន​ពេល​កំណត់​ដែល​បាន​គ្រោង​ទុក។

សូម៉ាលី៖ អ.ស.ប.​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ចប់​គ្រោះ​ទុរភិក្ស​ក្នុង​ប្រទេស​សូម៉ាលី​ ក៏​ប៉ុន្តែ​បាន​ព្រមាន​ថា​ប្រជាពលរដ្ឋ​ជិត​មួយ​ភាគ​បី​ក្នុង​ប្រទេស​ដែល​យារយី​ដោយសារ​សង្គ្រាម​មួយ​នេះ​នៅ​តែ​ត្រូវការ​ជំនួយ​ម្ហូប​អាហារ​ជា​បន្ទាន់។