សហរដ្ឋអាមេរិក៖ វីអូអេសម្លេងសហរដ្ឋអាមេរិកប្រារពធ្វើពិធីបុណ្យខួបឆ្នាំទី៧០ កាលពីថ្ងៃអង្គារនេះ។
វីអូអេបានបើកកម្មវិធីផ្សាយនៅថ្ងៃទី១ កុម្ភៈ ឆ្នាំ១៩៤២ ជិតពីរខែបន្ទាប់ពីប្រទេស ជប៉ុនបានទម្លាក់គ្រាប់បែកលើកំពង់ផែភៀល ហាប៊័រ Pearl Harbor ដែលទាញសហរដ្ឋអាមេរិកឲ្យចូលក្នុងសង្គ្រាមលោកលើកទីពីរ។
ដោយនិយាយជាភាសាអាល្លឺម៉ង់ អ្នកសារព័ត៌មានអាមេរិកាំងវីល្លៀម ហាឡាន ហេល William Harlan Hale បានអានកម្មវិធីផ្សាយទីមួយរបស់ វីអូអេពីទីក្រុង ញូវ យ៉ក New York តាមរលកវិទ្យុខ្លី។
«នេះជាសម្លេងមួយដែលនិយាយចេញពីប្រទេសអាមេរិក។ រាល់ថ្ងៃនៅម៉ោងដដែលយើងនឹងនិយាយមកកាន់លោកអ្នកអំពីប្រទេសអាមេរិកនិងអំពីសង្គ្រាម។ ព័ត៌មានអាចល្អឬអាចអាក្រក់។ យើងនឹងជម្រាបលោកអ្នកអំពីរឿងពិត»។
លោកនាយកដេវីឌ អេនសឹរ David Ensor នៃវីអូអេ ថ្លែងថា ពាក្យពេចន៍ទាំងនេះនៅតែមានឥទ្ធិពលរហូតមកដល់សព្វថ្ងៃនេះទៀត។
សហរដ្ឋអាមេរិក៖ លោក មិត រ៉មនី Mitt Romney គូប្រជែងតំណែងប្រធានាធិបតី អាមេរិកបានឈានទៅរកដំណែងនាំមុខគេជាថ្មីវិញនៅក្នុងការប្រកួតតូចៗមួយចំនួនដើម្បីការតែងតាំង (ជាបេក្ខជនប្រធានាធិបតី) ចាប់ផ្តើមពីចុងសប្តាហ៍នេះនៅក្នុងរដ្ឋនេវ៉ាដា Nevada។
សហរដ្ឋអាមេរិក៖ តួលេខទិន្និន័យដែលទើបតែចេញផ្សាយថ្មីៗនេះបង្ហាញថា ការកែប្រែច្បាប់សហរដ្ឋអាមេរិកថ្មីៗនេះមានន័យថា អ្នកមានស្តុកស្តមអាមេរិកាំងមួយចំនួនតូចអាចផ្លាស់ប្តូរការប្រកួតយកតំណែងប្រធានាធិបតី ដោយប្រើ គណកម្មាធិការឈ្មោះ Super PACs ដើម្បីរៃអង្គាសប្រាក់រាប់ម៉ឺនលានដុល្លារ នៅក្នុងវិភាគទានសម្រាប់យុទ្ធនាការ។
រុស្ស៊ី៖ អ្នកការទូតរុស្ស៊ីម្នាក់ថ្លែងថាផែនការរបស់បស្ចឹមប្រទេសដែលមានការគាំទ្រពីប្រទេសអារ៉ាប់ដើម្បីដោះស្រាយជម្លោះរវាងរដ្ឋាភិបាលនិងពួកឧទ្ទាមនៅក្នុងស៊ីរី ដែលរីកកាន់តែធំឡើងនឹងគ្មានវាសនាអាចទទួលការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទេពីព្រោះក្រុងម៉ូស្គូជឿថាឯកសារនោះមិនបានបដិសេធអន្តរាគមន៍យោធាបរទេសទេ។
អ៊ីរ៉ង់៖ អធិការនាយកនៃទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ IAEA ថ្លែងថា លោកបានបំពេញទស្សនកិច្ចដ៏«ល្អ»មួយនៅអ៊ីរ៉ង់ ហើយបម្រុងនឹងធ្វើដំណើរមួយទៀត នៅក្នុង«អនាគតដ៏ខ្លីបំផុត» ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរចម្រូងចម្រាស់។
ប៉ាគីស្ថាន៖ បានច្រានចោលសេចក្តីរាយការណ៍មួយរបស់អង្គការអូតង់ដែលគេបានលួចបង្ហើបឲ្យដឹងថាបានចោទថាប្រទេសនេះបានលួចជួយពួកតាលីបានដោយសម្ងាត់។
ប៉ាគីស្ថាន៖ មន្រ្តីប៉ាគីស្ថានម្នាក់និយាយថាកញ្ចប់មួយមានដាក់ជាតិម្សៅពុលអានហ្ស្រាក់ anthrax ត្រូវបានផ្ញើទៅការិយាល័យលោកនាយករដ្ឋមន្រ្តី យួស៊ូហ្វ រាហ្សា ជិឡានី Yousuf Raza Gilani នៃប្រទេសនេះកាលពីឆ្នាំមុន។
សេណេហ្កាល់៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន Ban Ki-moon បានសុំឲ្យមានសេចក្តីស្ងប់ស្ងៀម នៅសេណេហ្កាល់ នៅកន្លែងដែលក្រុមភ្នាក់ងារប៉ូលីសកូដកម្ម បានប៉ះទង្គិចជាមួយពួកបាតុករ ដែលទាមទារមិនឲ្យលោកប្រធានាធិបតី អាបឌុឡាយេ វេឌ Abdoulaye Wade ឈរឈ្មោះសម្រាប់អាណត្តិទីបី។
ភូមា៖ អ្នកសម្របសម្រួលសន្តិភាពនិយាយថា អ្នកចចារដ្ឋាភិបាលភូមានិងអ្នកបំបែកខ្លួនភាគតិចជាតិ មន បានសម្រេចកិច្ចព្រមព្រៀងដំបូងមួយ ដើម្បីបញ្ចប់សង្គ្រាមមានកំរិតទាបក្នុងពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ។
ប៉ាគីស្ថាន៖ និយាយថាយន្តហោះចម្បាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែក ទៅលើកន្លែងលាក់ខ្លួនរបស់ជនសកម្មប្រយុទ្ធនៅក្នុងភាគពាយ័ព្យនៃប្រទេស នៅតាមព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់ពួកឧទ្ទាម១៨នាក់។