សកម្មជន​នយោបាយ​ថៃ​កាត់​ឲ្យ​ជាប់​ទោស​ដោយ​ប្រមាថ​មហាក្សត្រ

អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាលថៃ ក្រុម «អាវក្រហម» សំពះក្នុង​ពិធី​ប្រារព្ធខួបទី៦០​នៃការឡើងគ្រងរាជរបស់​ស្តេច ភូមីបូល អាឌុលយ៉ាដេច នៅក្នុង​ទីតាំង​ដែល​ពួកគេ​បាន​ឡោមព័ទ្ធ​ក្នុង​សង្កាត់​ ស៊ីឡម ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ក្នុង​រដ្ឋធានីបាងកក ថ្ងៃទី៥ ឧសភា ២០១០។

ថៃ៖ ទី​ភ្នាក់ងារ​ព័ត៌មាន ​AFP ​រាយការណ៍ពី​ទីក្រុង​បាងកក​ថា សកម្មជន​នយោបាយថៃ​ម្នាក់​ទទួល​សាលក្រម​នៅ​ថ្ងៃ​អង្គារ​ឲ្យ​ជាប់​គុក​ប្រាំពីរ​ឆ្នាំ​កន្លះ ​ស្ថិត​ក្នុង​ការ​កាត់​ឲ្យ​មាន​ទោស​មួយ​បន្តបន្ទាប់​ក្នុង​ពេល​ថ្មី​ៗ​នេះ យោង​តាម​ច្បាប់​ចម្រូង​ចម្រាស់​ទាក់ទង​ការ​ប្រមាថ​មើល​ងាយ​ព្រះ​ចេស្ដា​មហាក្សត្រ។

តុលាការ​ឧក្រិដ្ឋកម្ម​នៅ​ទី​ក្រុង​បាងកក​បាន​កាត់​ទោស​លោក​ ស៊ុរ៉ាឆៃ ដាន់​វ៉ាត្ថាណានុសន ឲ្យ​មាន​ទោស​ក្នុង​បទ​មើលងាយ​ព្រះ​ចេស្ដា​ព្រះ​រាជ​វង្សានុវង្ស​ ពេល​លោក​ធ្វើ​សុន្ទរកថាជា​សាធារណ:​ឲ្យ​ដល់​ក្រុម​អ្នក​គាំ​ទ្រ​ក្រុម​ពាក់​អាវ​ក្រហម​របស់​លោក​នៅ​ឆ្នាំ​២០០៨​និង​២០១០។ លោក​ការ៉ុម ប៉ុល​ផនក្លាំង ​មេធាវី​ការពារ​លោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP ​ថា​លោក​គ្រោង​នឹង​ឡើង​ប្តឹង​ឧទ្ធរ​ជំទាស់​សាលក្រម​នេះ។

លោក​រ៉ូបឺតត៍ ហ្សូលីក ទេសាភិបាល​ធនាគារ​ពិភព​លោក

ចិន៖ ការ​ខ្វែង​គំនិត​គ្នា​អំពី​កំណែ​ទម្រង់​សេដ្ឋកិច្ច​នៅចិនបាន​លាត​ត្រដាង​នៅ​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​បុរស​តវ៉ា​ប្រឆាំង​ម្នាក់​បាន​បង្អាក់​សន្និសីទ​កាសែត​របស់​លោក​រ៉ូបឺតត៍ ហ្សូលីក Robert Zoellick ទេសាភិបាល​ធនាគារ​ពិភព​លោកនៅ​ទីក្រុង​ប៉េកាំង។

ចិន៖ ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ​រាយការណ៍​ពី​ទីក្រុង​ហាណូយ​ថា​ក្រុម​មន្ដ្រី​ថ្នាក់​ខ្ពស់​ដប់​នាក់​មក​ពី​សមាគម​អាស៊ាន ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នៅ​ទី​ក្រុង​ហាណូយ​ ដើម្បី​ពិភាក្សា​គ្នា​អំពី​គោលជំហរ​រួម​របស់​សមាគម​អាស៊ាន​ចំពោះ​ជម្លោះ​ដែនដី​រវាងប្រទេស​ចិន​និងកោះ​តៃវ៉ាន់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រភព​នៃ​សមាគម​អាស៊ាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូថា​ការ​ជជែក​គ្នា​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ទស្សន:​របស់​ប្រទេស​ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និង​ថៃ។ ​ហ្វីលីពីន​ចង់​ឲ្យ​ប្រើ​ពាក្យ​ខ្លាំង​ៗ​ទៀត​ ចំណែក​ឯម៉ាឡេស៊ីនិងប្រ៊ុយណេចង់បាន​ដំណោះ​ស្រាយតាម​របៀប​សន្ដិវិធី។

ចិន៖ ទី​ភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ Xinhua បានរាយការណ៍​ថា រដ្ឋាភិបាល​ចិននឹង​ពិនិត្យ​មើល​បញ្ហា​សង្គម​ដែល​អាច​ជម្រុញ​ឲ្យ​មាន​ឧបទ្ទវហេតុយ៉ាង​ច្រើន​សន្ធឹក​នៅ​តំបន់​ជនបទ។ នៅ​ក្នុង​គោលការណ៍​ណែ​នាំ​សម្រាប់​ឆ្នាំ​២០១២ រដ្ឋាភិបាល​កណ្ដាលសម្រេច​ព្រឹង​ការ​ត្រួត​ពិនិត្យ​លើ​ក្រុម​មន្ដ្រី​ ហើយនិង​ដាក់​ទណ្ឌកម្ម​ខ្លាំង​ទៀត​ទៅ​លើ​ជន​ល្មើស។

វៀតណាម៖ ទីភ្នាក់ងារ​ព័ត៌មាន ​AFP រាយការណ៍​ពីទី​ក្រុង​ហាណូយ​ថា​គណបក្ស​កុម្មុយនិស្ដ​នៃ​ប្រទេស​វៀតណាម​កំពុង​តែ​ពិចារណា​អំពី​មធ្យោបាយ​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​មន្ដ្រី​ពុករលួយ​ ដែល​ធ្វើ​ឲ្យ​សីលធម៌​ចុះ​អន់ថយ​យ៉ាង​ធ្ងន់​ធ្ងរ​ត្រឡប់​ទៅ​ភាព​ដើម​វិញ។ ​ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​មានទំនុក​ចិត្ដ។

សហរដ្ឋអាមេរិកសេចក្ដី​រាយការណ៍​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អង្គារ​បង្ហាញ​ឲ្យ​ឃើញ​ការ​ធ្លាក់​ចុះតម្លៃផ្ទះ ​ហើយថយ​ចុះ​ការ​បញ្ជា​ទិញ​ទំនិញ​ឧស្សាហកម្ម​មួយ​ចំនួន​។

អ៊ីរ៉ង់៖ ដោយការ​តានតឹង​អន្ដរជាតិ​មាន​កម្រិត​ខ្ពស់​ផ្តោត​លើ អំពី​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូង​ចម្រាស់​ កាល​ពី​ថ្ងៃ​អង្គារ ​ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ម្ដង​ទៀត​ថាខ្លួន​ចង់​ធ្វើ​ការ​ចរចា​ជា​មួយ​ទីភ្នាក់ងារ​នៃ​អ.ស.ប​ ពិនិត្យ​មើល​នុយក្លេអ៊ែរ។

ស៊ីរី៖ នាយកផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិអំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជាផ្នែក​មនុស្ស​ធម៌​ជា​បន្ទាន់​នៅ​ ស៊ីរី​ ខណ:​ ដែល​កងកម្លាំង​ស្មោះ​ត្រង់​ចំពោះ​លោក​ប្រធានាធិបតី​បាសារ ​អាល់​ អាសាដ​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ទៀត​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់​ពួក​បះបោរ។

ប៉ាគីស្ថាន ៖ ក្រុម​មន្ដ្រី​ប៉ាគីស្ថាន​បានឲ្យ​ថា​បុរស​ម្នាក់​ប្រដាប់​អាវុធ​ក្លែង​ខ្លួន​ដោយ​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធា​បាន​បញ្ឈប់​រថយន្ដ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​នៅ​តំបន់​ខាង​ជើង​ប្រទេស​នេះ ហើយ​បាញ់​សម្លាប់​អ្នក​ជិះ​កាន់​និកាយ​ស៊ីអ៊ីត​១៨​នាក់។

សេនេហ្កាល់៖ ទំនង​ដូចជា​នឹង​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​យក​ចាញ់ឈ្នះ ​រវាង​លោក​ប្រធានាធិបតី​កាន់​កាប់​អំណាច​អាប់ឌូឡាយេ វេដ Abdoulaye Wade ហើយនិង​លោក​អតីត​នាយក​រដ្ឋមន្ដ្រី​ម៉ាក់គី​សាល់ Macky Sall។