មន្រ្តីអង្គការអូតង់និយាយថា បុគ្គលម្នាក់ស្លៀកឯកសណ្ឋានយោធាអាហ្វហ្គានីស្ថានបានបាញ់ស្លាប់ទាហានកងទ័ពចម្រុះពីរនាក់នៅក្នុងភាគខាងកើតនៃប្រទេស នៅក្នុងបាតុកម្មមួយដែលបានផ្ទុះឡើងពាសពេញប្រទេសអំពីរឿងដុតគម្ពីរ កូរ៉ាន (Quran) នៅក្នុងបន្ទាយមួយរបស់ អូតង់។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានផ្ញើលិខិតសុំអភ័យទោសតាមផ្លូវការចំពោះឧបទវហេតុនេះដោយរៀបរាប់ថា «គម្ពីសាសនាកូរ៉ានត្រូវបានរក្សាខ្វះការយកចិត្តទុកដាក់ដោយអចេតនា»។
លោកណាហ្ស៊ីហ្វ សាហរ៉ានី អ្នកវិភាគអាស៊ីខាងត្បូង នៅសាកលវិទ្យាល័យ Indiana University បានប្រាប់វីអូអេថា បាតុកម្មនេះគឺមានប្រឆាំងលើសពីឧបទវហេតុមួយនេះទៅទៀត។ លោកបន្តថាប្រជាជនមានកំហឹងនិងការខកចិត្ត ដោយមើលឃើញថាសហរដ្ឋអាមេរិកមិនគោរពពាក្យសន្យា ហើយថាពាក្យសន្យាទាំងអស់ជាការភូតកុហក។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
សៀហៃ៖ តុលាការមួយនៅក្រុង សៀហៃ បានច្រានចោលពាក្យបណ្តឹងរដ្ឋបវេណីមួយប្រឆាំងនឹងក្រុមហ៊ុនអាបផល អីងស៍ Apple, Inc. កាលពីថ្ងៃព្រហស្បត៍ ដោយនិយាយថាគ្មានភស្តុតាងគ្រប់គ្រាន់ នៅក្នុងជម្លោះរឿងនិក្ខិត្តសញ្ញាហៅ Trademark នោះទេ។ មហាក្រុមហ៊ុនកុំព្យូទ័រ របស់សហរដ្ឋអាមេរិកនេះអាចបន្តលក់ iPad នៅក្នុងទីក្រុងនេះតទៅទៀតបាន។
សូម៉ាលី៖ មេដឹកនាំពិភពលោក បានប្រជុំគ្នានៅក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បត៍ នៅក្នុងសន្និសីទមួយថ្ងៃ ដើម្បីជួយធ្វើឲ្យមានស្ថេរភាពនៅសូម៉ាលី ដោយមានការប្រមានថា ពិភពលោកនឹង«ទទួលការបង់ខាត» បើសិនមិនជួយប្រទេសនេះ ឲ្យចេញផុតពីអំពើហិង្សា ភាពរាំងស្ងួត និងភាពក្រីក្រក្នុងរយៈជាច្រើនឆ្នាំមកហើយនេះទេ។
អ៊ីរ៉ាក់៖ ការវាយប្រហារដោយមានការទម្លាក់គ្រាប់បែក រួមផ្សំជាមួយការបាញ់គ្នានៅពាសពេញប្រទេសលើទិសដៅភាគច្រើនរបស់ជនជាតិមូស្លីមស៊ីអ៊ីត (Muslim Shi'ite) បានសម្លាប់មនុស្សយ៉ាងតិច៥៥នាក់ និងធ្វើឲ្យរបួសមនុស្សជាង២២៥នាក់ទៀត នៅក្នុងអំពើហិង្សាដ៏បង្ហូរឈាមខ្លាំងបំផុតមួយ ចាប់តាំងពីកងទ័ពអាមេរិក បានដកថយចេញពីប្រទេសនេះកាលពីខែធ្នូមុន។
ស៊ីរី៖ រថក្រោះស៊ីរីបានលើកចូលទៅក្នុងសង្កាត់ដែលពួកឧទ្ទាមកាន់កាប់នៃទីក្រុងហោមស៍ (Homs) កាលពីថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលការស៊ើបអង្កេតមួយរបស់អង្គការសហប្រជាជាតិនិយាយថា មេដឹកនាំស៊ីរី «នៅថ្នាក់ខ្ពស់បំផុត» អាចប្រឈមមុខនឹងការស៊ើបអង្កេតអំពីរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
សហរដ្ឋអាមេរិក៖ ទាហាន ម៉ារ៉ីនអាមេរិកាំង៧នាក់បានស្លាប់នៅក្នុងវាលខ្សាច់នៅភាគនិរតី បន្ទាប់ពីឧទ្ធម្ភាកចក្ររបស់ពួកគេបើកបុកគ្នា នៅក្នុងសមយុទ្ធហ្វឹកហ្វឺនមួយនៅពេលយប់ នៅក្នុងសាលសមយុទ្ធឈ្មោះ យូម៉ា (Yuma Training Range Complex) ដែលលាតសន្ធឹងតាមព្រំដែនវាលខ្សាច់រវាងរដ្ឋកាលីហ្វញ៉ានិងអារីហ្សូណា។
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ រីខ សានតូរ៉ាម់ និង លោក មីទ រ៉ូមនី កំពុង ប្រឈមមុខនិងការប្រកួតកៀកគ្នាបំផុតនៅក្នុងរដ្ឋមីឆីកែន (Michigan) ក្រោមការស្ទង់មតិជាមធ្យមនៅរដ្ឋនេះ ដោយបង្ហាញថាលោកសានតូរ៉ាម់ ទទួលសម្លេងគាំទ្រ ៣៣.៨% និងលោក រ៉ូមនី ទទួលសម្លេងគាំទ្រ ៣៣.២% និងអ្នកដទៃមានសម្លេងគាំទ្រតិចតួចនៅឆ្ងាយពីក្រោយ។
ភូមា៖ មេដឹកនាំប្រជាធិបតេយ្យភូមា លោកស្រី អង់សានសូជី (Aung San Suu Kyi) បានធ្វើយុទ្ធនាការឃោសនា នៅក្រៅរដ្ឋធានី ម៉ៃអ៊ីកយីណា (My-ik-yi-na) នៃរដ្ឋ ខាឆីន (Kachin) នៃភាគខាងជើងប្រទេសកាលពីថ្ងៃព្រហស្បត៍នេះ។
ភូមា៖ អគ្គភ័យដ៏ធំមួយបានឆាបឆេះក្នុងជុំរំជនភៀសខ្លួនភូមាមួយ ឈ្មោះ អឺផៀន ម៉ៃ (Umpien Mai) នៅតាមព្រំដែនក្នុងប្រទេសថៃភាគខាងលិច បំផ្លាញផ្ទះសង់បណ្តោះអាសន្នអស់ជាច្រើនរយខ្នង ដែលជាទីស្នាក់នៅរបស់ជនភៀសខ្លួនដែលគេចចេញពីការវាយប្រយុទ្ធគ្នាក្នុងប្រទេសភូមា រវាងកងទ័ពរដ្ឋាភិបាលនិងពួកឧទ្ទាមបំបែកខ្លួន នៅក្នុងរដ្ឋ ខារែន (Karen)។