ប្រទេសកូរ៉េខាងត្បូងបានអនុវត្ដផែនការសមយុទ្ធយោធា ជិតតំបន់ព្រំដែនជាមួយកូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះ ទោះបីជាមានការគំរាមសងសឹក បើសិនជាព្រំដែនកូរ៉េខាងជើងបានត្រូវបំពានក៏ដោយ។
ការហាត់សមយុទ្ធនេះ មានរាប់បញ្ចូលការហាត់បាញ់កាំភ្លើងធំ កាំភ្លើង Mortier និងឧទ្ធម្ភាគចក្រផងដែរ។
អ្នកនិយាយប្រកាសតាមវិទ្យុកូរ៉េខាងជើងម្នាក់ព្រមានថានឹងវាយតបមកវិញដោយគ្មានអាសូរ្យយ៉ាងភ្លាមរហ័ស ហើយកូរ៉េខាងជើងនឹងតាមដានមើលដឹតដល់លើដែនទឹករបស់ខ្លួន។
វិទ្យុនោះនិយាយថាបើកាលណាជនក្បត់ចាប់ផ្ដើមបង្ករឿង ឈ្លានពានចូលទៅក្នុងដែនទឹកកូរ៉េខាងជើងក្នុងករណីនេះទោះបីចូលតែមួយប្រឡោះតូចមូយក៏ដោយ យោធាប្រជាជនកូរ៉េខាងជើងនឹងតាមដានមើល ហើយត្រៀមជានិច្ចដើម្បីសងសឹក។
កូរ៉េខាងជើងចេញពាក្យព្រមានដល់ជនរស់នៅលើកោះ ឲ្យចាកចេញពីលំនៅដ្ឋានដើម្បីចៀសវាងគ្រាប់កំាភ្លើងធំ សងសឹកពីកូរ៉េខាងជើងខ្លួនឯង។ តែគេមិនឃើញមានវិធានការណាមួយរបស់កូរ៉េខាងជើងនៅឡើយទេ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ក្រិក៖ គេរំពឹងថា ក្រុមមន្ដ្រីហិរញ្ញវត្ថុពីប្រទេសប្រើប្រាក់អឺរ៉ូនឹងយល់ស្របទៅនឹងថវិកាសង្គ្រោះថ្មី ១៧១ ពាន់លានដុល្លារសម្រាប់ប្រទេសក្រិក នៅពេលដែលក្រុមមន្ដ្រីទាំងនោះជួបប្រជុំគ្នានៅក្នុងទីក្រុងព្រុចសែល (Brussels) នៅថ្ងៃច័ន្ទនេះ។
ស៊ីរី៖ កាសែតចិននិយាយថាបស្ចិមប្រទេសដែលគាំទ្រកងកម្លាំងប្រឆាំងក្នុងប្រទេសស៊ីរី អាចជំរុញឲ្យមានសង្រ្គាមស៊ីវិលនៅប្រទេសនោះ។
ចិន៖ អនុប្រធានាធិបតីចិន លោក ហ្សី ជិងពីង ដែលកំពុងធ្វើទស្សនកិច្ចថ្ងៃទីពីរ នៅក្នុងប្រទេសអៀរឡង់ថ្លែងថា ចិនប្ដេជ្ញានឹងសហការជាមួយអឺរ៉ុប ហើយលោកថ្លែងបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងពិចារណាធ្វើវិនិយោគបន្ថែមនៅក្នុងប្រទេសអឺរ៉ុបដើម្បីជួយប្រទេសនោះឲ្យមានស្ថេរភាពដល់ប្រាក់អឺរ៉ូ។
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រកាស់ថា គណបក្សកាន់អំណាចរបស់ខ្លួននឹងបើកសន្និសីទពិសេសមូយនៅខែមេសា ដើម្បីបញ្ជាក់ការដឹកនាំប្រទេសដោយសន្ដតិវង្សជំនាន់ទីបីនៃអំបូរគីម។
ទន្លេមេគង្គ៖ សន្និសីទអំពីអនាគតតំបន់ទន្លេមេគង្គ ប្រព្រឹត្ដធ្វើនៅថ្ងៃច័ន្ទនេះ និយាយអំពីការចាត់ចែងធនធានអាហារ ទឹកប្រើប្រាស់ និងថាមពលដែលនឹងក្លាយទៅជារឿងប្រឈមមុខសំខាន់បំផុតនៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។
អ៊ីរ៉ង់៖ ក្រុមអធិការនុយក្លេអ៊ែរ អ.ស.ប. កំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងគោលបំណងរកមធ្យោបាយដោះស្រាយជម្លោះ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ស.រ.អ.៖ ទីភ្នាក់ងារអវកាស ស.រ.អ. បានប្រារព្ធខួបឆ្នាំទី៥០ នៃដំណើរលើកទីមួយទៅកាន់វិថីព្រះធរណី (Earth orbit) ធ្វើឡើងដោយអ្នកអវកាសអាមេរិកាំងម្នាក់។
អាហ្វហ្គានីស្ថាន៖ ប៉ូលិសប្រទេសអាហ្វហ្គានីស្ថាននិយាយថា ជនអត្ដឃាតគ្រាប់បែកបានវាយប្រហារមកលើស្ថានីយប៉ូលិស នៅទីក្រុងភាគខាងត្បូងកាន់ដាហារបណ្ដាលឲ្យមន្ដ្រីប៉ូលិសយ៉ាងតិចម្នាក់ស្លាប់។
ស.រ.អ៖ ជនជាតិអាមេរិកាំងច្រើនលាននាក់ ទទួលយកវិស្សមកាលមួយថ្ងៃ នៅថ្ងៃច័ន្ទនេះ ដើម្បីគោរពថ្ងៃកំណើតប្រធានាធិបតី ស.រ.អ. ទីមួយ លោក ចច វ៉ាស៊ីងតោន (George Washington)។
ចិន៖ ជម្លោះដែលអាចចំណាយប្រាក់ច្រើន អំពីឈ្មោះម៉ាករបស់ម៉ាស៊ីនកុំព្យូទ័រស្តើង iPad មិនមែនជាបញ្ហាតែមូយគត់ ដែលក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនប្រឈមមុខទេ។
ស.រ.អ.៖ ព្រឹទ្ធសមាជិក ស.រ.អ. លោក ចន ម៉ាក់ខេន (John McCain) ថ្លែងថា លោកសង្ឃឹមថាកិច្ចព្រមព្រាងយុទ្ធសាស្រ្ដដៃគូជាមួយអាហ្វហ្គានីស្ថាន អាចបញ្ចប់បាននៅពេលមុនកិច្ចប្រជុំរបស់អូតង់ នៅខែឧសភា តែ ស.រ.អ. នឹងមិនយកមធ្យោបាយណា ដែលអាចធ្វើឲ្យទាហានអាមេរិកាំងអាចទទួលគ្រោះថ្នាក់ទេ។