លោកអនុប្រធានាធិបតីចិន ស៊ី ជិនភីង (Xi Jinping) បញ្ចប់ទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បត៍និងថ្ងៃសុក្រ នៅទីក្រុង ឡូសអានជឺឡេស (LosAngeles) ដោយមានព្រឹត្តិការណ៍ផ្សេងៗដើម្បីសង្កត់លើទំនាក់ទំនងសេដ្ឋកិច្ចនិងវប្បធម៌រវាងប្រទេសទាំងពីរ។
នៅក្នុងអំឡុងទស្សនកិច្ច លោកបានទៅមើលកំពុងផែរបស់កុ្រមហ៊ុនចិននៅទីក្រុង ឡូសអានជឺឡេសនិងទស្សនកិច្ចទៅកាន់សភាអាមេរិក ដែលនៅក្នុងឪកាសនោះ សមាជិកព្រឹទ្ធសភា លោក ជន ម៉ាក ខេន (John McCain) បាននិយាយថាគាត់បានលើកយកករណីព្រះសង្ឃដុតខ្លួនដើម្បីប្រឆាំងការគ្រប់គ្រងរបស់ចិននៅដែនដី ទីបេ ការបោះឆ្នោត វេតូ របស់ចិនប្រឆាំងនឹងសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិអំពីប្រទេសស៊ីរី ការជាប់ឃុំក្នុងផ្ទះរបស់ជ័យលាភីរង្វាន់ ណូបែល នឹងមានការគាំទ្ររបបឃោឃៅនៅកូរ៉េខាងជើង។
នៅថ្ងៃសុក្រ លោក ស៊ី ជិនភីង នឹងថ្លែងសន្ទរកថាទៅកាន់ក្រុមប្រឹក្សាពាណិជ្ជកម្មនិងសេដ្ឋកិច្ចចិន-អាមេរិក ហើយចូលរួមក្នុងព្រឹត្តិការណ៍ដទៃទៀតដែលផ្តោតទៅលើពាណិជ្ជកម្មនិងវិនិយោគ។
សហរដ្ឋអាមេរិក៖ នៅពេលលោកអនុប្រធានាធិបតីចិន បញ្ចប់ទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក ការស្ទង់មតិថ្មីមួយរបស់អង្គការ ហ្គោលអាប់ (Gallup) បង្ហាញថា ពលរដ្ឋអាមេរិកាំង៥៣% ជឿថា ចិនមានសេដ្ឋកិច្ចធំជាង អាមេរិក ហើយមានតែ ៣៣% ទេដែលយល់ថាសហរដ្ឋអាមេរិកមានសេដ្ឋកិច្ចធំជាងប្រទេសចិន។
ចិន៖ក្រុមហ៊ុនលក់រាយធំបំផុតក្នុងពិភពលោក វ៉លម៉ាត (Wal-Mart) និយាថាខ្លួនសង្ឃឹមទៅលើការលូតលាស់យ៉ាងឆាប់រហ័សនៅចិន នៅពេលដែលក្រុមហ៊ុននេះ ខំស្តារខ្លួនឡើងវិញពីរឿងអាស្រូវដ៏អាម៉ាស់មួយ ទាក់ទងនឹងការលក់សាច់ជ្រូកធម្មតា ចំនួន៦ម៉ឺន៣ពាន់គីឡូក្រាម ដោយដាក់សញ្ញាថាជាសាច់ឥតមានជាតិគីមី។
សហរដុ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក រីក សានធឺរ៉ាម់ (Rick Santorum) បានចេញផ្សាយរបាយការណ៍អំពីប្រាក់បង់ពន្ធរបស់លោកក្នុងពេលបួនឆ្នាំកន្លងទៅនេះ ដែលបង្ហាញថា លោកបានទទួលប្រាក់ចំណូល ៣លាន៥សែនដុល្លារ តាំងពីពេលលោកបានឈប់ពីព្រឹទ្ធសភា នោឆ្នាំ២០០៦ ភាគច្រើននៃចំណូលគឺបានតាមរយៈទំនាក់ទំនងរបស់លោកជាមួយក្រុងវ៉ាស៊ីនតោន រួមមាន ការបង្ហាញខ្លួនជាសាធារណៈ ការពិគ្រោះឲ្យយោបល់ និងការលក់ហ៊ុន ។
កូរ៉េខាងជើង៖ ពលរដ្ឋកូរ៉េខាងជើងបានធ្វើពិធីរំលឹកថ្ងៃកំណើតទី ៧០ របស់សពមេដឹកនាំ គីម ជុង អ៊ីល (Kim Jong Il) កាលពីថ្ងៃព្រហស្បត៍នេះ ដោយមានទាហានរាប់ពាន់នាក់ដើរជាក្បួនកាត់ទីក្រុង ព្យុងយ៉ាង (Pyongyang) និងមន្រ្តីជាន់ខ្ពស់រាប់រយនាក់ សម្តែងស្វាមីភក្តិ ចំពោះកូនប្រុសលោក គីម ជុង អ៊ីល គឺ គីម ជុង អាំង (Kim Jong Un)។
ប៉ាគីស្ថាន៖ មន្រ្តីការណ៍សម្ងាត់ប៉ាគីស្ថាន និយាយថា ការវាយប្រហារពីរ ដោយយន្តហោះឥតអ្នកបើករបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត៍ បានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងតិច១៤ នាក់ នៅក្នុងប្រទេសភាគពាយ័ព្យ នៅតាមព្រំដែនអាហ្វហ្គានីស្ថាន ក្នុងតំបន់កុលសម្ព័ន្ធ វ៉ាហ្សីរីស្ថាន (Waziristan) ខាងជើង ដែលចាត់ទុកថាជាទីតាំងមាំមួយរបស់យុទ្ធជន អាល កៃដា (al-Qaida) និងតាលីបាន (Taliban)។
ប៉ាគីស្ថាន៖ មេដឹកនាំ អ៊ីរ៉ង់ លោកម៉ាហម៉ោទ អាហម៉ាឌីនចាទ (Mahmoud Ahmadinejad) និងមេដឹកនាំអាហ្វហ្គានីស្ថានលោក ហាមីត ខាហ្សាយ (Hamid Karzai) បានទៅដល់ប៉ាគីស្ថាន ដើម្បីចូលរួមក្នុងសន្និសីទកំពូលមួយរបស់កុលសម្ព័ន្ធ ស្តីពីការជួយសម្រួលសន្តិភាពជាមួយពួក តាលីបាន់អាហ្វហ្គានីស្ថាន។
អ៊ីរ៉ុង៖ មន្រ្តីការណ៍សម្ងាត់ជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា ប្រទេស អ៊ីរ៉ង់ នឹងឆ្លើយតបបើមានការវាយប្រហារទៅលើសកម្មភាពនុយគ្លេអ៊ែររបស់ខ្លួន តែប្រហែលមិនទំនងនឹងចាប់ផ្តើម ឬបង្កជម្លោះដោយចេតនាមុនគេទេ។
ស៊ីរី៖ លោកអគ្គលេខាធិការអសប បាន គី មូន (Ban Ki-Moon) បានចោទប្រទេស ស៊ីរី អំពីលទ្ធភាពនៃបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅពេលដែលសកម្មជននិយាយថា កងកម្លាំងសន្តិសុខ ស៊ីរី កំពុងវាយលុកទៅលើទីក្រុង ដារ៉ាក (Daraa) ដែលជាកន្លែងការបះបោរ ចាប់ផ្តើម។ លោកបានទាមទារឲ្យរដ្ឋាភិបាលលោកប្រធានាធិបតី បាសារ អាល អាសាទ (Bashar al-Assad) បញ្ឈប់«ការបាញ់កាំភ្លើងធំនិងការប្រើកម្លាំងទ័ពប្រឆាំងនឹងជនស៊ីវិលជាបន្ទាន់»។ អង្គការអង្កេតសិទ្ធិមនុស្សស៊ីរី (Syrian Observatory for Human Rights) នៅក្រុងឡុងដ៍ បានប្រាប់វីអូអេថា មានមនុស្សយ៉ាងតិច ២៤ នាក់ស្លាប់ នៅពាសពេញប្រទេស កាលពីថ្ងៃព្រហស្បត៍នេះ។