ពួកមន្ដ្រីនៃសហភាពអឺរ៉ុប ដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសភូមា បានបង្ហើបថាខ្លួននឹង បន្ធូរការដាក់ទណ្ឌកម្មមកលើប្រទេសនេះបន្ថែមទៀត នៅក្នុងកិច្ចប្រជុំមូយ កាលពីថ្ងៃច័ន្ទនេះ ជាមួយរដ្ឋាភិបាលស៊ីវិលនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។
លោក អង់ឌ្រីស ផាយបេក (Andris Piebags) ស្នងការនៃសហភាពអឺរ៉ុបសម្រាប់ការរអភិវឌ្ឍ បានប្រកាសអំពីកិច្ចសន្យាមួយរបស់សហភាពអឺរ៉ុបថានឹងផ្ដល់ជំនួយជាទឹកប្រាក់ជិត ២០០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ។
លោក ស្វេ ម៉ាន់ (Shwe Mann) ប្រធានសភាជាន់ទាបរបស់ប្រទេសភូមា បានសន្យាជាមួយលោក ផាយបេក ថាការបោះឆ្នោតនៅខែមេសាខាងមុខនេះនឹងប្រកបដោយភាពសេរី ហើយយុត្ដិធម៌។ សហភាពអឺរ៉ុប បានបន្ធូរបម្រាមធ្វើដំណើរប្រឆាំងនឹងមេដឹកនាំភូមានានា នៅខែមករា ហើយសន្យាថានឹងចាត់វិធានការបន្ថែមទៀត ប្រសិនបើភូមាបន្ដកំណែទម្រង់។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី និយាយថាកងកម្លាំងសន្ដិសុខរបស់រដ្ឋាភិបាលបានបន្តការវាយលុកជាថ្មីមកលើទីក្រុងហូម ដែលជាមជ្ឍមណ្ឌលនៃការប្រឆាំងរដ្ឋាភិបាលហើយ ពោលគឺមួយថ្ងៃក្រោយពី សម្ព័ន្ធអារ៉ាប់ បានយល់ព្រមគ្នា ដើម្បីអំពាវនាវឲ្យមានកងកម្លាំងការពារសន្ដិភាពមួយ ហើយនិងបង្កើនការគាំទ្រដល់ក្រុមបះបោរប្រឆាំងនឹងលោកប្រធានាធិបតី បាស្សា អាល អាសាដ ។
ស.រ.អា៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីស.រ.អា. កំពុងតែស្នើអ្វីដែលសេតវិមានហៅថា «វិធានការដែលមានតុល្យភាព»មួយ នៃការបង្កើនពន្ធដារ និងបន្ថយចំណាយ នាពេលដែលលោកបញ្ជូនផែនការសហព័ន្ធឆ្នំា២០១៣ទៅឲ្យរដ្ឋសភា។
ចិន/អាមេរិក៖ លោក ហ្សី ជីនពីង (Xi Jinping) អនុប្រធានាធិបតីចិនបានកំពុងតែព្រមានស.រ.អា. ប្រឆាំងនឹងការបង្កើនកងទ័ពយោធា នៅតំបន់អាស៊ីមួយ មុនពេលការមកដល់របស់លោកក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃច័ន្ទនេះ សម្រាប់ការទស្សនកិច្ចរយៈពេល៤ថ្ងៃ។
អ.ស.ប/ភូមា៖ មន្ដ្រីថ្នាក់ខ្ពស់ម្នាក់របស់អ.ស.ប បាននិយាយធានាប្រាប់ក្រុមមន្ដ្រីភូមាថាការប្ដេជ្ញារបស់អ.ស.បក្នុងកំណែទម្រង់នានានៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ គឺមានភាពរឹងមាំ។
ឥណ្ឌូនេស៊ី៖ ជនសកម្មប្រយុទ្ធអ៊ីស្លាមម្នាក់ដែលត្រូវបានជាប់សង្ស័យពីបទឆ្នៃគ្រាប់បែកសម្រាប់ប្រើប្រាស់ក្នុងការវាយប្រហារមកលើកោះបាលី កាលពីឆ្នាំ២០០២ បានទៅបង្ហាញខ្លួននៅមុខតុលាការក្នុងប្រទេសឥណ្ឌូនេស៊ី។
កូរ៉េខាងត្បូង/វៀតណាម៖ ប្រទេសកូរ៉េខាងត្បូងនិយាយថា ខ្លួនកំពុងតែរៀបចំដើម្បីចូលរួមក្នុងកិច្ចចរចា អំពីពាណិជ្ជកម្មសេរីមួយជាមួយប្រទេសវៀតណាម។
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី បានចេញមកការពារវិធានការបញ្ជូនអ្នកកាសែតជនជាតិអារ៉ាប៊ី សាអូឌីត ម្នាក់ ដែលត្រូវបានតាមចាប់នៅឯប្រទេសរបស់លោក ពីបទចោទប្រកាន់អំពីការប្រមាថមើលងាយព្យាការីមហាមាដក្នុងទំព័រ ទ្វីតធឺ (Twitter)។
បាគីស្ថាន៖ តុលាការកំពូលរបស់ប្រទេសបាគីស្ថាន បានកាត់ទោសលោកនាយករដ្ឋមន្ដ្រី យូសូហ្វ រ៉ាហ្សា ហ្គីឡានី (Yusuf Raza Gilani) ពីបទមិនគោរពតុលាការកាលពីថ្ងៃច័ន្ទនេះ។ លោកនាយករដ្ឋមន្ត្រីរូបនេះបានតវ៉ាថាលោកគ្មានកំហុសទេ។