សីលវតី​ជំទង់​ទីបេត៍​ដុត​ខ្លួន​ឯង

​ជន​ជាតិ​ទីបេ​ ដុត​ខ្លួន​ឯង។

ពួក​ជនជាតិ​ទីបេត៍​និរទេស​នៅ​ក្រៅ​ប្រទេស​បាន​និយាយ​ថា សីលវតី​ជំទង់​ម្នាក់​បាន​ដុត​ខ្លួន​ឯង​នៅ​ក្នុង​ខេត្ត ស៊ីឈុន (Sichuan) នា​ប៉ែក​និរតី​ប្រទេស​ចិន។

សេចក្តី​រាយការណ៍​និយាយ​ថា សីលវតី​ឈ្មោះ​តេនហ្ស៊ីន​ ចូដ្រូន​ (Tenzin Choedron) អាយុ​១៨​ឆ្នាំ​បាន​ដុត​ខ្លួន​ឯង​នៅ​ជិតអាវាស​ដូន​ជី ម៉ាមេ​ (Mamae) ​នៅ​ខាង​ក្រៅ​ក្រុង​ ង៉ាប៉ា​ (Ngaba)​ ដែល​បាន​ត្រូវ​ទ្បោម​ព័ទ្ធ។ ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​និយាយ​ថា​សីលវតី​នេះ​មិន​ស្លាប់​ទេ ហើយ​អាជ្ញាធរ​ចិន​បាន​នាំ​ខ្លួន​ចេញ​ពី​កន្លែង​នោះ។

គេ​មិន​បាន​ដឹង​អំពី​ស្ថានភាព​សីលវតី​នេះ​ទេ។

ក្រុម​ជនជាតិ​ទីបេត៍​និរទេស​ខ្លូន​នៅ​ក្រៅ​ប្រទេស​អះអាង​ថា មាន​មនុស្ស​ប្រមាណ​២០​នាក់​បានដុត​ខ្លួន​ឯង​ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ​ទៅ​មិញ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​លើ​វប្បធ៌ម និង​សាសនា​ទីបេត៍។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ម៉ាឡេស៊ី៖ អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា ពួក​គេ​បាន​ធ្វើ​បត្យាប័ន​អ្នក​កាសែត​ជនជាតិ​ អារ៉ាប៊ី ​សាអូឌីត ​(Arabie Saoudite) ​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​ប្រទេស​ពូកគេ​ ពីព្រោះ​បាន​ធ្វើ​ការ​កត់​សម្គាល់​តាម​ប្រព័ន្ធទ្វីធឺ (Twitter) ចាត់​ទុក​ថា​ជា​ការប្រមាថ​មើលងាយ​ដល់​ព្យាការី ​មូហាម៉ាត់ (Muhammad)។

ជប៉ុន៖ ពួក​មន្ត្រី​ជប៉ុន​បាន​និយាយ​ថា​ព្រះចៅ​អធិរាជ​អាក់គីហ៊ិតូ​ (Akihito) ​នឹង​ត្រូវ​វះកាត់​បេះដូង ដែល​គេ​ហៅ​ថា bypass surgery ក្នុង​សប្តាហ៍​នេះ ​ក្រោយ​ពី​ពួក​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា​បញ្ហា​ជំងឺ​បេះដូង​របស់​ព្រះអង្គ​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​មុន។

ក្រិក៖ សភា​នៃ​ប្រទេស​ក្រិក​បាន​កំណត់​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ អំពី​សេចក្តី​ព្រាង​នៃ​វិធានការ​ចំណាយ​ត្បិតត្បៀត ដែល​បាន​ត្រូវ​ទាមទារ​ដោយ​សហភាព​អឺរ៉ុប​ជា​ថ្នូរ​នឹង​ប្រាក់​កម្ចី​ជួយ​សង្គ្រោះ​ថ្មី​មួយ។

ស៊ីរី៖ ពួក​រដ្ឋមន្ត្រី​ការ​បរទេស​អារ៉ាប់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ក្រុងគែរ (Le Caire) ​ដើម្បី​ពិភាក្សា​គ្នា​អំពី​គំនិត​នៃ​ការ​បង្កើត​បេសកកម្ម​សង្កេតការ​រួមគ្នា​រវាង​អារ៉ាប់ និង អ.ស.ប. សម្រាប់​ប្រទេស​ស៊ីរី។

ស៊ីរី៖ មេដឹកនាំ​ពួក​អាល់កៃដា (al-Qaida) ឈ្មោះ​អាយមែន អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) បាន​សម្តែង​ការ​គាំទ្រ​ដល់​ការ​បះបោរ​ក្នុង​ប្រទេស​ស៊ីរី ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រធានាធិបតី​ បាស្សា​ អាល់​ អាសាដ ​(Bashar al-Assad)។

តួកម៉េនីស្ថាន៖ ក្រុម​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​ តួកម៉េនីស្ថាន​ (Turkmenistan) ​បាន​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ក្នុង​ការ​បោះឆ្នោត​មួយ ដែល​គេ​រំពឹង​ថា​លោក​ប្រធា​នា​ធិបតី​ គួបានហ្គូលី​ បឺឌីមូកហាមេដូវ​ (Kurbanguly Berdymukhamedov) នឹង​ចាប់​ឆ្នោត​ជា​ថ្មី។