ព្រះសង្ឃ​មេដឹកនាំ​សកម្មជន​ភូមា​ត្រូវ​បាន​ដោះលែង។

ព្រះ​អង្គ​ ​Shin Gambira​ ​មេដឹកនាំ​​សម្ព័ន្ធភាព​​ព្រះសង្ឃ​​ភូមា​​ ត្រូវ​​បាន​​ពួក​​អាជ្ញាធរ​​ភូមា​​ដោះលែង។

បើ​តាម​សេចក្ដីថ្លែងការ​របស់​ព្រះវិហារ​មូយ​នៅ​ក្នុង​ប្រទេស​ភូមា អាជ្ញាធរ​ភូមា​បាន​ដោះលែង​ព្រះសង្ឃ​មេដឹកនាំ​សកម្មជន​ពី​ការឃុំឃំាង​រយៈខ្លី ក្រោយ​ពី​មាន​សេចក្ដី​អំពាវនាវ​ពី ស.រ.អ. ឲ្យ​ដោះលែង​ព្រះសង្ឃ​នោះ។

ព្រះសង្ឃ​ព្រះនាម ហ្កាប៊ីរ៉ា (Gambira) បាន​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​កាល​ពី​ថ្ងៃសុក្រ ហើយ​ដោះលែង​នៅ​ពេល​យប់​ថ្ងៃ​ដដែល។ រឿង​នេះ​កើតឡើង​តិច​ជាង​មូយ​ខែ​ក្រោយ​ពី​ការរំដោះ​ចេញ​ពី​គុក​របស់ព្រះអង្គ ដោយសារ​មុខងារ​ក្នុង​ការ​បដិវត្ដ​ព្រះសង្ឃ កាលពីឆ្នាំ២០០៧ ដែល​បាន​ត្រូវ​កំទិច​ដោយ​អតីត​របប​គ្រប់គ្រង​យោធា។

ព្រះអង្គ​បាន​ត្រូវ​ដោះលែង​ក្នុង​ចំណោម​អ្នកទោស​នយោបាយ​កាល​ពី​ខែ​មករា ហើយរួច​ពី​ទោស​ជាប់គុក​៦៨​ឆ្នាំ។

ចាប់​តាំងពី​ពេល​នោះ ព្រះអង្គ​បាន​បំពាន​លើ​បទបញ្ជា ហើយ​ទៅ​ដឹកនាំ​បាតុកម្ម។

ព័ត៌មានអន្តរជាតិសំខាន់​ៗផ្សេងទៀត៖

ហ្វីលីពីន៖ យោង​តាម​យោធា​ហ្វីលីពីន ជនជាតិ​ហ្វីលីពីន​ម្នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃសៅរ៍​នេះ នៅ​ពេល​ដែល​ជនប្រដាប់អាវុធ​បាន​វាយ​ប្រហារ​មក​លើ​គម្រោង​កសាង​ផ្លូវ​ឧបត្ថម​ថវិកា​ដោយ ស.រ.អ. នៅ​តំបន់​ភាគ​ខាងត្បូង ដែល​ជា​ទីកន្លែង​សំបុក​របស់​ជនសកម្មប្រយុទ្ធ។

អេហ្ស៊ីប៖ សកម្មជន​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​រៀប​ចំ​គម្រោងការ​ធ្វើ​កិប្បកម្ម​មួយ​ថ្ងៃ ដើម្បី​កត់​សំគាល់​ខួប​ឆ្នាំ​ទី​មួយ នៃ​ការ​ទម្លាក់​អំណាច​របស់​ប្រធានាធិបតី ហុសនី មូបារ៉ាក់។

ស.រ.អ.៖ គេ​មិន​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់ ​ស.រ.អ. (cia.gov) បាន​ទេ​កាល​ពី​ថ្ងៃសុក្រ ហើយ​អ្នក​ពូកែ​ខាង​អ៊ីនធឺណិត​មិន​ចេញ​ឈ្មោះ​មូយ​ក្រុម (Hackers) បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ។

ជប៉ុន៖ ព្រះចៅ​រាជាធិរាជ​ជប៉ុន អាគីហ៊ីតូ បាន​ចូល​ទៅ​មន្ទីរពេទ្យ ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​ពិនិត្យ​មើល​បេះដូង​កាល​ពី​ថ្ងៃសៅរ៍ ក្រោយ​ពី​ព្រះអង្គ​បង្ហាញ​សញ្ញា​នៃ​ឈាម​ហូរ​យឺត​ចូលទៅ​ក្នុងបេះដូង​ ដែល​បណ្ដាល​ឲ្យ​មាន​ការព្រួយបារម្ភ​អំពី​សុខភាព​របស់​ព្រះអង្គ។

ឥណ្ឌា៖ ក្រុមហ៊ុន​អចលនាវត្ថុ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​រាយការណ៍ថា ប្រាក់​ចំណេញ​របស់​ខ្លួន​បាន​ដាំក្បាល​ចុះ​រហូត​ដល់​៤៥% ដោយសារ​តែ​មិន​មាន​តម្រូវការ​ទិញ​ដូរ​ផ្ទះ និង​អាគារ​ពាណិជ្ជកម្ម​ផ្សេងៗ ខណៈ​ពេល​សេដ្ឋកិច្ច​ឥណ្ឌា​លូតលាស់​យឺតៗ។

អេស្ប៉ាញ៖ រដ្ឋាភិបាល​ប្រទស​អេស្ប៉ាញ​បាន​យល់ព្រម​លើ​ការ​កែទម្រង់​ដ៏​ធំធេង នៃ​ទីផ្សារ​ការងារ ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ចនឹងនរ ហើយ​កាត់​បន្ថយ​អត្រា​ខ្ពស់​នៃ​មនុស្ស​គ្មាន​ការងារ​ធ្វើ។