អាមេរិក/ស៊ីរី៖ រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានកំណត់នឹងជំរុញក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ឱ្យគាំទ្រដល់ផែនការសន្តិភាពមួយរបស់សម្ពន្ធអារ៉ាប់សម្រាប់ប្រទេសស៊ីរី បន្ទាប់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន (Washington) បានថ្កោលទោសយ៉ាងខ្លាំងដល់អំពើហិង្សាដែលចេះតែធ្ងន់ធ្ងរឡើងៗ ដែលបង្កឡើងដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាស្សា អាល អាសាដ (Bashar al-Assad)។
អាមេរិក/បាគីស្ថាន៖ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានចេញមកការពារការប្រើប្រាស់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសបាគីស្ថាន ដែលពួកមន្ត្រីស.រ.អា.មិនដែលបានទទួលស្គាល់ជាសាធារណៈកាលពីពេលមុនៗទេ។
អាមេរិក៖ ពួកអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋក្នុងរដ្ឋ ហ្វ្លរីដា (Florida) នាប៉ែកអាគ្នេយ៍ស.រ.អា.នឹងទៅកាន់មណ្ឌលបោះឆ្នោតនៅថ្ងៃអង្គារនេះ ជាអ្វីដែលគេរំពឹងថាជាការប្រកួតប្រជែងយ៉ាងសំខាន់មួយនៅក្នុងការប្រណាំងប្រជែងដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សនេះ។
សហភាពអឺរ៉ុប៖ ពួកមេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រាងគ្នាលើមូលនិធិជួយសង្គ្រោះខាងហិរញ្ញវត្ថុអចិន្ត្រៃយ៍ថ្មីមួយដែលមានទឹកប្រាក់៦៦១ពាន់លានដុល្លារ ហើយបានយល់ព្រមរឹតត្បិតខ្ទង់ចំណាយអតិបរមាដើម្បីចៀសវាងវិបត្តិជំពាក់បំណុលក្នុងពេលអនាគតទៀត។
ចិន៖ ក្នុងដែនដីទីបេត៍ដែលត្រួតត្រាដោយចិន មានមន្ត្រីជាន់ខ្ពស់ម្នាក់បានបញ្ជាឱ្យបង្កើនការឃ្លាំមើលទៅលើវត្តព្រះពុទ្ធសាសនានានា ដែលជាកិច្ចប្រឹងប្រែងមួយយ៉ាងច្បាស់ក្រឡែតមួយដើម្បីបញ្ចៀសកុំឱ្យមានការរីករាលដាលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដោយក្រុមជនជាតិភាគតិចទីបេត៍នៅក្នុងខែត្រ ស៊ីជាំង (Sichuan) ដែលនៅជិតខាងនោះ។
ភូមា៖ ប្រធានាធិបតីភូមា លោក ថេន សេន (Thein Sein) បានមានប្រសាសន៍ថារដ្ឋាភិបាលរបស់លោកបានប្ដេជ្ញាជំរុញប្រទេសខ្លួនឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយបន្ទាប់ពីការគ្រប់គ្រងដោយរបបសឹកជាច្រើនទសវត្សរ៍មកនេះ។